តម្លៃប្រេងអន្តរជាតិធ្លាក់ចុះជាង ៣ ដុល្លារ ជាបន្តបន្ទាប់ ខណៈទីផ្សារឃើញភាពប្រសើរឡើងផ្នែកផ្គត់ផ្គង់

អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ៣ ដុល្លារ ពេលបិទការជួញដូរកាលពីថ្ងៃចន្ទ ​ហើយបន្តធ្លាក់ចុះបន្ថែមទៀត​ព្រឹកនេះ ខណៈទីផ្សាររំពឹងពីភាពប្រសើរឡើងនៃការផ្គត់ផ្គង់ប្រេងពិភពលោក ដោយសារកំណើនការនាំចេញប្រេងពីតំបន់មជ្ឈិមបូព៌ា រួមទាំងកាត់តាមច្រកសមុទ្រហ័រមូហ្ស ទោះបីហានិភ័យនៅតែមានក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តម្លៃប្រេងឆៅម៉ាក Brent បាន​ធ្លាក់ចុះ ៣,៤០ ដុល្លារ ឬ ៣,៦% មកនៅត្រឹម ៩២,៤៤ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរថ្ងៃចន្ទ ខណៈតម្លៃប្រេងឆៅអាមេរិក WTI បានធ្លាក់ចុះ ២,៨៤ ដុល្លារ ឬ ៣,២% មកនៅត្រឹម ៨៥,៧២ ដុល្លារ/បារ៉ែល។

– ដោយឡែក ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ តម្លៃប្រេងទាំង ២ ប្រភេទបានបន្តធ្លាក់ចុះប្រហែល ០,៥% បន្ថែមទៀត គិតត្រឹមម៉ោង ៨ ព្រឹកនៅទីក្រុងហុងកុង។

– ការធ្លាក់ចុះនេះត្រូវបានជំរុញដោយការព្យាករថា ការផ្គត់ផ្គង់ប្រេងពិភពលោកអាចលើសពីតម្រូវការនៅត្រីមាសទី៤ ឆ្នាំនេះ។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករថា ការផ្គត់ផ្គង់ប្រេងនឹងមានជាមធ្យម ១០៥ លានបារ៉ែល/ថ្ងៃ ពោលគឺខ្ពស់ជាងតម្រូវការប្រមាណ ១,៧ លានបារ៉ែល។

– ក្រៅពីនេះ តម្រូវការប្រេងពីចិន ដែលជាប្រទេសប្រើប្រាស់ប្រេងធំលំដាប់ទី២ របស់ពិភពលោក ក៏បង្ហាញសញ្ញាថយចុះផងដែរ។ ទិន្នន័យផ្លូវការបង្ហាញថា ទិន្នផលចម្រាញ់ប្រេងរបស់ចិនក្នុងខែតុលា បានធ្លាក់ចុះ ២% បើធៀបនឹងខែមុន និងធ្លាក់ចុះ ៨,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

– ដោយឡែក​ ក្រុមអ្នកវិភាគនៅធនាគារ Goldman Sachs រំពឹងថា តម្លៃប្រេង Brent នឹងស្ថិតនៅជាមធ្យម ៨៨ ដុល្លារ/បារ៉ែល នៅឆ្នាំក្រោយ ហើយអាចធ្លាក់មកត្រឹម ៧៨ ដុល្លារ នៅខែធ្នូ ឆ្នាំ២០២៧ ដោយសារការផ្គត់ផ្គង់ប្រេងលើសតម្រូវការ។

– យ៉ាងណាមិញ ហានិភ័យភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ានៅតែជាកត្តាដែលអាចជំរុញឱ្យតម្លៃប្រេងកើនឡើងវិញ។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានអះអាងថា នាវាដឹកប្រេងចំនួន ២ គ្រឿងបានប៉ះមីននៅច្រកសមុទ្រហ័រមូហ្សកាលពីថ្ងៃចន្ទ។

– ដោយឡែក ក្រសួងថាមពលសហរដ្ឋអាមេរិកបានឱ្យដឹងថា ស្តុកប្រេងឆៅក្នុងឃ្លាំងបម្រុងយុទ្ធសាស្ត្ររបស់ប្រទេសនេះបានធ្លាក់ចុះមកនៅត្រឹម ២៧៦,៤ លានបារ៉ែលកាលពីសប្ដាហ៍មុន ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំ ១៩៨២ មក៕

You might like