ប្រជាជនឆែក រាប់សែននាក់ បានធ្វើបាតុកម្ម ប្រឆាំងនឹងផែនការកាត់បន្ថយមូលនិធិប្រព័ន្ធផ្សព្វផ្សាយ

អន្តរជាតិះ – ប្រជាជនឆែករាប់សែននាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងប្រាក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃសេវាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ហើយផ្ទេរថវិកានោះទៅក្នុងថវិការដ្ឋវិញ។ គោលនយោបាយនេះ ត្រូវបានអ្នករិះគន់លើកឡើងថា នឹងធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាព និងលទ្ធភាពដំណើរការរបស់ស្ថាប័នផ្សព្វផ្សាយទាំងនោះ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន France24 នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ចំនួនអ្នកចូលរួមតវ៉ានេះ មានច្រើនជាងចំនួនអ្នកចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីខែមីនា ដែលកាលនោះមានមនុស្សជាង ២០០ ០០០ នាក់។ ពួកគេបានព្យាករណ៍ថា ព្រឹត្តិការណ៍នេះអាចក្លាយជាការតវ៉ាដ៏ធំបំផុតមួយចាប់តាំងពី «បដិវត្តន៍វែលវេត» ក្នុងឆ្នាំ ១៩៨៩ ដែលបានបញ្ចប់របបកុម្មុយនីស្ត និងនាំឱ្យលោក វ៉ាក្លាវ ហាវែល (Vaclav Havel) ដែលជាអ្នកប្រឆាំងរបបនោះ បានឡើងកាន់អំណាច។

– យ៉ាងណាម៉ិញ អ្នករិះគន់បានប្រៀបធៀបសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលពេលនេះ ទៅនឹងការផ្លាស់ប្តូរ ដែលបានកើតឡើងនៅក្នុងប្រទេសហុងគ្រី ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី វីកទ័រ អ័របាន (Viktor Orban) ដែលបានបង្កើតបណ្តាញប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលគាំទ្ររដ្ឋាភិបាល។

– ទន្ទឹមនឹងនេះ គណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលនានា ក៏បានរិះគន់រដ្ឋាភិបាលផងដែរ ចំពោះការប្រញាប់ប្រញាល់អនុម័តសេចក្តីព្រាងច្បាប់នេះនៅពាក់កណ្តាលអាធ្រាត្រកាលពីខែតុលា ដោយពួកគេបានទាមទារឱ្យសម្ព័ន្ធភាពគណបក្សកាន់អំណាចលុបចោលច្បាប់នេះវិញ។

– លោក Mikulas Minar ប្រធានក្រុមសង្គមស៊ីវិល Milion Chvilek ដែលជាអ្នកដឹកនាំការតវ៉ាបានលើកឡើងថា៖ «រដ្ឋាភិបាលដែលជាប់ឆ្នោតមានសិទ្ធិដឹកនាំប្រទេស ប៉ុន្តែមិនមានសិទ្ធិធ្វើអ្វីតាមតែចិត្តនឹកឃើញ ឬរំលាយស្ថាប័នប្រជាធិបតេយ្យចោលនោះទេ»។ លោកបានប៉ាន់ប្រមាណថា មានមនុស្សប្រហែល ៤០០ ០០០ នាក់បានចូលរួមក្នុងការតវ៉ានេះ។

– គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ាកាន់បដាដោយមានអក្សរថា «កុំប៉ះពាល់ប្រព័ន្ធផ្សព្វផ្សាយ» និង «ទុកឱ្យប្រព័ន្ធផ្សព្វផ្សាយដោះស្រាយជាមួយអ្នកនយោបាយ» ហើយបានប្រមូលផ្តុំគ្នានៅក្នុងឧទ្យាន Letna។ ក្នុងចំណោមអ្នកតវ៉ានោះ មានទាំងសិស្សនិស្សិត ទាហាន និងអតីតអ្នកប្រឆាំងនឹងរបបចាស់ ដែលធ្លាប់បានចុះហត្ថលេខាលើគំនិតផ្តួចផ្តើម «Charter 77»៕

You might like