លោក ម៉ាក្រុង ប្តេជ្ញាជួយកម្ពុជា-ថៃ ស្តារសន្តិភាពតាមព្រំដែនឡើងវិញ ដោយផ្អែកលើច្បាប់អន្តរជាតិ

ភ្នំពេញះ – ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំង ក្នុងការជួយស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីស្តារសន្តិភាពឡើងវិញរវាងកម្ពុជា និងថៃ ពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅតាមព្រំដែននៃប្រទេសទាំងពីរ ដោយផ្អែកលើច្បាប់អន្តរជាតិ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការបញ្ជាក់ដូច្នេះរបស់លោកប្រធានាធិបតី ម៉ាក្រុង បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការនានា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា នៅវិមានសន្តិភាព។

– លោក ម៉ាក្រុង បានលើកឡើងពីសារៈសំខាន់នៃសន្តិភាពសម្រាប់មនុស្សជាតិ ដោយរំលឹកថា កម្ពុជាធ្លាប់ឆ្លងកាត់ការលំបាក និងសង្គ្រាមជាច្រើនក្នុងរយៈពេលកន្លងមក។ ដូច្នេះ អ្វីដែលសំខាន់នាពេលនេះ គឺការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីនាំសន្តិភាពត្រឡប់មកកាន់តំបន់វិញ។​ លោកប្រធានាធិបតី បញ្ជាក់ថា បារាំងប្តេជ្ញាចិត្តចូលរួមជំរុញឱ្យមានសន្តិភាពរវាងកម្ពុជា និងថៃ តាមរយៈការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែន ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។

– លើកឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង និងលោកប្រធានាធិបតី ម៉ាក្រុង ផ្ទាល់ ដែលបានខិតខំប្រឹងប្រែងជួយសម្របសម្រួល និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។

– សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះជំហរដ៏មុតមាំរបស់លោក ម៉ាក្រុង ក្នុងការគោរពច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ។ សម្ដេចធិបតី បានគូសបញ្ជាក់យ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ដែលប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាជម្លោះដោយយន្តការសន្តិវិធីជាមួយគូជម្លោះ ផ្អែកលើច្បាប់អន្តរជាតិ។

– ថ្លែងទៅកាន់លោកប្រធានាធិបតី ម៉ាក្រុង សម្តេចធិបតី បានមានប្រសាសន៍ថា៖ «ពាក់ព័ន្ធស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តមោះមុតរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងន័យនេះ ខ្ញុំសូមអរគុណដល់ប្រទេសបារាំង ក៏ដូចជាលោកប្រធានាធិបតីផ្ទាល់ ដែលបានខិតខំស្វែងរកក្នុងការសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសយើងទាំងពីរ»។

– សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជា និងបារាំង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធី។

– គួរកត់សម្គាល់ថា ការបញ្ជាក់ជំហររបស់មេដឹកនាំកម្ពុជា និងបារាំងពេលនេះ បានបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ ក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះរវាងប្រទេសទាំងពីរ ព្រមទាំងការរួមចំណែកធានាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់៕

You might like