អន្តរជាតិះ – កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ីរ៉ង់ បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ទៅលើមូលដ្ឋានយោធាអាមេរិកមួយកន្លែងនៅក្នុងប្រទេសបារ៉ែន ដែលនេះគឺជាលើកទីពីរហើយក្នុងរយៈពេល ៣ ថ្ងៃ ដែលក្រុងតេហេរ៉ង់ព្យាយាមដាក់សម្ពាធលើប្រទេសនេះ។
– កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឱ្យដឹងពីការកំណត់គោលដៅវាយប្រហារលើទីតាំងរ៉ាដាការពារដែនអាកាសរបស់សហរដ្ឋអាមេរិក នៅឯមូលដ្ឋានទ័ពអាកាស Al-Riffa ក្នុងប្រទេសបារ៉ែន ដោយប្រើដ្រូនចំនួន ៦ គ្រឿង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទន្ទឹមនោះ យោធាបារ៉ែន បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសខ្លួនស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បានមួយចំនួន។
– ហេតុការណ៍នេះកើតឡើងជាលើកទី ២ ហើយ បន្ទាប់ពីអ៊ីរ៉ង់ បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ២ គ្រឿងទៅកាន់ប្រទេសបារ៉ែនម្ដង កាលពីថ្ងៃសុក្រ។
– សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងភាពតានតឹងដាក់គ្នាជុំវិញច្រកសមុទ្រហ័រមូស។ ជាធម្មតា ប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់ពិភពលោកត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះ ប៉ុន្តែសកម្មភាពដឹកជញ្ជូនតាមផ្លូវសមុទ្រត្រូវបានរឹតត្បិត ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង កាលពីខែកុម្ភៈមក។
– អ៊ីរ៉ង់ ទទូចថាខ្លួនគួរតែជាអ្នកគ្រប់គ្រងច្រកសមុទ្រនេះ ហើយបានធ្វើការវាយប្រហារលើនាវាដែលខ្លួនចាត់ទុកថាជាការធ្វើដំណើរ «ដោយគ្មានការអនុញ្ញាត» ខណៈដែលយោធាអាមេរិក កំពុងព្យាយាមផ្តល់ការការពារដល់នាវាដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ ដើម្បីធានាថាការនាំចេញប្រេងពីបណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រនៅតែបន្តដំណើរការ។
– នៅពេលដែលសំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅទូទាំងប្រទេសបារ៉ែន កាលពីថ្ងៃអាទិត្យ ក្រសួងមហាផ្ទៃបានអំពាវនាវឱ្យប្រជាពលរដ្ឋឆ្ពោះទៅកាន់ទីតាំងសុវត្ថិភាពដែលនៅជិតបំផុត។
– គួរបញ្ជាក់ថា នេះជាការវាយប្រហារព្រមានលើកដំបូងរបស់អ៊ីរ៉ង់លើបណ្ដាប្រទេសនៃឈូងសមុទ្រពែក្ស។ ទោះជាយ៉ាងណា ការវាយប្រហារដោយដ្រូនខាងលើមិនបានសម្រេចនោះទេ ខណៈភាពតានតឹងនៅតែបន្តកើនឡើង ស្របពេលកិច្ចចរចាមិនទាន់មានភាពរបត់វិជ្ជមាន៕
