អន្តរជាតិះ – ហេតុការណ៍បាក់អគារលំនៅឋាន កម្ពស់បីជាន់ នៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក បានឆក់យកជីវិតមនុស្ស ដល់ ៨នាក់ហើយ ខណៈ ១៨នាក់ផ្សេងទៀត រងរបួស ស្របពេលក្រុមអ្នកជួយសង្គ្រោះ បានបញ្ចប់ការរុករកតាមគំនរថ្មបាក់បែក ដោយកំណត់ថា គ្មានអ្នកនៅរស់ជាប់ក្នុងនោះទៀតឡើយ។
– តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ អគារបានបាក់ក្នុងសង្កាត់ Flatbush នៃតំបន់ Brooklyn កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អគារ បានបាក់ចូលទៅក្នុងដីឡូត៍នៅជាប់នោះ ដែលជាការដ្ឋានសំណង់ ដោយកម្មករកំពុងជីកដី និងបុកគ្រឹះ ធ្វើឱ្យគេសន្មត់ថា សកម្មភាពទាំងនោះហើយ ដែលជាដើមចម បង្កឱ្យមានហេតុការណ៍នេះ។
– ក្នុងចំណោមមនុស្សស្លាប់ មាន ២នាក់ ជាកុមារ និង ៦នាក់ជាមនុស្សធំ។ ជនរងគ្រោះ ៦នាក់ ត្រូវបានប្រកាសថា ស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈ ២នាក់ទៀត បាត់បង់ជីវិត នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យក្បែរនោះ។
– ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ឡើយថាតើ នៅពេលកើតហេតុ មានមនុស្សប៉ុន្មាននាក់ ស្ថិតក្នុងអគារ និងប៉ុន្មាននាក់ ស្ថិតក្នុងការដ្ឋានសំណង់នោះ។
– ជុំវិញហេតុការណ៍នេះដែរ បុគ្គលិកនៃនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងញូវយ៉ក (FDNY) រាប់រយនាក់ បានប្រើប្រាស់គ្រឿងចក្រជីកដីធុនធ្ងន់ ដ្រូន និងសុនខហិតក្លិន ដើម្បីកាយយកកម្ទេចកម្ទីបាក់បែកចេញ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះក៏ដោយ។
– ទីបំផុត ក្រុមមន្ត្រី ក៏បញ្ឈប់ប្រតិបត្តិការជួយសង្គ្រោះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបញ្ជាក់ថា គំនរថ្មបាក់បែក ត្រូវបានរុករកសព្វអស់ហើយ។
– ទោះបែបនេះ នាយកដ្ឋានសំណង់ទីក្រុងញូវយ៉ក (DOB) កំពុងបើកការស៊ើបអង្កេត ធំមួយ ដើម្បីរកមូលហេតុពិត ហើយកំពុងធ្វើការពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពអគារផ្សេងៗទៀត នៅក្នុងតំបន់ ដើម្បីធានាបទដ្ឋានសុវត្ថិភាព៕
