ព្រះសីហនុះ – ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធើ្វការស្រាវជ្រាវបង្ក្រាបបទល្មើស០៣ករណី ឃាត់ខ្លួនជនសង្ស័យសរុប០៩នាក់ និងមានមួយករណីចាប់ឃុំឃាំង និងបង្ខាំងក្នុងគោលបំណងជំរិតទារប្រាក់ កម្លាំងសមត្ថកិច្ចបានរំដោះជនរងគ្រោះជនជាតិចិនម្នាក់ ដោយសុវត្ថិភាព។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្រោមការអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានចំនួន ០៣ករណី ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

– ក្នុងប្រតិបត្តិការបង្ក្រាបទាំងបីករណីនេះ សមត្ថកិច្ចជំនាញទទួលបានលទ្ធផលដូចខាងក្រោម៖ ករណីទី១ និងទី២ លួចម៉ូតូសណ្តោងរ៉ឺម៉ក និងសម្ភារ ព្រមទាំងករណីលួចធុងហ្គាសម៉ាស៊ីនត្រជាក់។
– ករណីទី៣ ៖ បង្ក្រាបករណីចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ក្នុងគោលបំណងជំរិតទារប្រាក់ និងករណីកាន់កាប់ ឬរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត ដែលក្នុងនោះសមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនជាតិចិនបានចំនួន ០១នាក់ និងដកហូតប្រាក់សុទ្ធចំនួន ៥០០ដុល្លារអាមេរិក។
– ជាលទ្ធផលពីប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធសរុបចំនួន ០៩នាក់ (មានទាំងជនជាតិខ្មែរ និងជនជាតិចិន) ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូសណ្តោងរ៉ឺម៉ក, ធុងហ្គាសម៉ាស៊ីនត្រជាក់, ឧបករណ៍ជាង, ទូរសព្ទដៃជាច្រើនគ្រឿង, អាវុធខ្លីចំនួន ០១ដើម, គ្រាប់កាំភ្លើងប្រភេទ ៩មីលីម៉ែត្រ ចំនួន ០៧គ្រាប់, រថយន្តចំនួន ០១គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
– ទាក់ទងនឹងករណីចាប់បង្ខាំងជំរិតទារប្រាក់ដំបូងឡើយ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ មកសាកសួរ។ ក្រោយពីការស្រាវជ្រាវ និងពិនិត្យយ៉ាងហ្មត់ចត់ ដោយមានការឯកភាពពី លោកឧត្តមសេនីយ៍ឯក ស រដ្ឋា និង លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សមត្ថកិច្ចរកឃើញជនសង្ស័យពិតប្រាកដចំនួន ០៦នាក់ប៉ុណ្ណោះ។ ចំណែកមនុស្សចំនួន ០៨នាក់ទៀត ពុំមានតម្រុយពាក់ព័ន្ធនឹងបទល្មើសឡើយ ដូច្នេះសមត្ថកិច្ចបានធ្វើការអប់រំ ធ្វើកិច្ចសន្យា និងមានអ្នកធានាឱ្យត្រឡប់ទៅលំនៅឋានវិញ។

