សូម្បីសមាជិកសភាថៃ ក៏ចេញមុខ គាំទ្របាតុកម្ម ប្រឆាំង អានុទីន ដែរ

អន្តរជាតិះ – ពេលនេះ បាតុកម្មដឹកនាំដោយម្ចាស់ស្រុកមកពីភាគខាងត្បូងប្រទេសថៃ មិនមែនត្រឹមទទួលបានការគាំទ្រ តែពីសំណាក់រាស្រ្តសាមញ្ញនោះទេ សូម្បីសមាជិកសភា ក៏ចេញមកលើកទឹកចិត្តដែរ ដើម្បីដាក់សម្ពាធដល់ អានុទីន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សមាជិកសភាភាគខាងត្បូង និងជាមេបក្ស សេរីរួមថៃ លោក សេរីពិសុទ្ធ តេមីយ៉ាវេស បានចេញមកគាំទ្រ បាតុកម្ម «រណសិរ្សបដិវត្តន៍ប្រជាជន ដើម្បីការពារទឹកដី» ដឹកនាំដោយលោក ម៉ាណូ គ្រឿកែវ ដែលចេញក្បួនតវ៉ាពីខេត្ត Krabi តាំងពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនមកម្ល៉េះ ទាមទារឱ្យរដ្ឋាភិបាលទីក្រុងបាង​កក បញ្ចុះតម្លៃប្រេងសាំង ១០បាត និងដោះស្រាយបញ្ហានានាដូចជា គ្រឿងញៀន និង Scam ជាដើម។

– តាមសេចក្តីរាយការណ៍របស់ Amarin TV កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សេរីពិសុទ្ធ បានចុះទៅជួបបាតុករ ដល់ជំរំតវ៉ា នៅមុខវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក។ ក្នុងអំឡុងពេលនោះ លោកបានអំពាវនាវឱ្យអនុទីន ព្រមស្តាប់តាមសំណើរបស់បាតុករ ព្រោះតែបញ្ហានេះ គឺប៉ះពាល់ដល់ប្រទេសទាំងមូល។ លោកប្រាប់ឱ្យអានុទីន ចេញមកតទល់ជាមួយក្រុមបាតុករ ដោយផ្ទាល់មក មិនបាច់ចាត់តំណាងមកជំនួសទេ។

– មិនត្រឹមប៉ុណ្ណឹង តំណាងរាស្ត្រមកពីតំបន់ភាគខាងត្បូង នៃគណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោក Chaichana Dechdecho, លោក Songsak Musikong (តំណាងរាស្ត្រខេត្ត Nakhon Si Thammarat) និងលោក Saksit Khaothong (តំណាងរាស្ត្រខេត្ត Songkhla) ក៏បានចុះទៅគាំទ្រ និងលើកទឹកចិត្តដល់ លោក ម៉ាណូ ផងដែរ។

– សូមជម្រាបជាថ្មី បាតុកម្មនេះ កាន់តែមានទំហំធំទៅៗ ក្រោយមានការចូលរួមពីសំណាក់បាតុករ មកពីតាមបណ្តាខេត្តផ្សេងៗ ទូទាំងប្រទេសថៃ ខណៈពួកគេមានបំណងជួបជុំគ្នាតវ៉ា រយៈពេល ៣០ថ្ងៃពេញ។

– បាតុកម្ម ចាប់ផ្តើមនៅមុខវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក នាវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃអាទិត្យ ដោយក្រុមបាតុករ បានបោះជំរំតវ៉ានៅទីនោះ ខណៈមានទាំងរថយន្តបើកឧបករណ៍បំពងសំឡេង ផងដែរ ហើយមកដល់ព្រឹកថ្ងៃចន្ទ បាតុករក៏បន្តប្រមូលផ្តុំគ្នា នៅក្បែរស្ពាន Chamai Maruchet ខណៈប៉ូលិស ត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់ និងធានាសន្តិសុខ។

– ដំបូងឡើយ បាតុករដាក់លក្ខខណ្ឌត្រឹមតែ ៣ចំណុចប៉ុណ្ណោះ ពោលគឺទាមទារឱ្យរដ្ឋាភិបាលអានុទីន ​បញ្ចុះតម្លៃប្រេងសាំង ១០បាត, បង្កើនការបង្ក្រាបគ្រឿងញៀន និងស៊ើបអង្កេត-ចាប់ខ្លួន បុគ្គលដែលពាក់ព័ន្ធជាមួយ Scam ដែលសូម្បីតែអ្នកនយោបាយ ក៏ជាប់សង្ស័យផងដែរ ប៉ុន្តែឥឡូវ បាតុករ បានដាក់ការទាមទារបន្ថែមទៀត ដូចជា តម្រូវឱ្យរដ្ឋាភិបាលទីក្រុងបាងកក ធ្វើយ៉ាងណា ដោះស្រាយបញ្ហាធ្លាក់ថ្លៃផលដំណាំកសិកម្មឱ្យបាន៕

 

You might like