ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​មក​ដល់​ភ្នំពេញ​ ប៉ុន្មាន​ម៉ោង​ក្រោយ​អាមេរិក​ដាក់​ទណ្ឌកម្ម​មនុស្ស​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​របស់​ព្រីន​ស៍គ្រុប​នៅ​កម្ពជា

អន្តរជាតិះ – ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ថ្មី​លោក គ្រីស្ដូហ្វឺរ អ៊ែនដឺសឹន បាន​មក​ដល់​កម្ពុជា​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​សហរដ្ឋ​អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​មនុស្ស​៤​រូប​ និង​អង្គភាព​ចំនួន​៤១ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ឈ្មោះ​ព្រីន​គ្រុប​ ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​។

– តាម​ការ​ឱ្យ​ដឹង​នៅ​យប់​ម៉ោង​ប្រមាណ​២ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៦​នេះ ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​ថា លោក គ្រីស្ដូហ្វឺ អ៊ែនដឺសឹន បាន​មក​ដល់​រាជធាន​ភ្នំពេញ​ហើយ ដើម្បី​ចាប់​ផ្ដើម​បំពេញ​បេសកកម្ម​ក្នុង​នាម​ជា​ ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា «លោក​នឹង​ស្វែងយល់ និងស្គាល់កាន់តែច្បាស់អំពីប្រទេសកម្ពុជា និងប្រជាជនទាំងអស់ ខណៈ​ពេល​ដែល​លោកនឹងពង្រីកឱកាសសេដ្ឋកិច្ច និងពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​រវាង​ប្រទេស​យើង​ទាំង​ពីរ»។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មុន​មក​ដល់​កម្ពុជា​លោក អ៊ែនដឺសឹន ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​មក​ពី​បញ្ជាការដ្ឋាន​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋអាមេរិក មជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការសិក្សាសន្តិសុខ កងទ័ពអាកាសប៉ាស៊ីហ្វិក និង​មជ្ឈមណ្ឌល East-West ដើម្បីពិភាក្សាអំពីសន្តិសុខក្នុងតំបន់ និងសារៈសំខាន់​នៃភាព​ជា​ដៃគូដ៏រឹងមាំ​របស់​សហរដ្ឋអាមេរិក។

– បើ​តាម​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា៖ «កិច្ច​ពិភាក្សា​ទាំង​នេះ​ បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​បំពេញ​បេសកកម្ម​ការងារ​របស់​លោក​នៅ​កម្ពុជា​ ជាទី​ដែល​លោក​ទន្ទឹង​រង់​ចាំពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ និងជំរុញផលប្រយោជន៍រួម ដើម្បីសម្រេច​បាន​នូវ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​មាន​សន្តិភាព និង​វិបុលភាព»។

– ជា​ការ​កត់​សម្គាល់​ការ​មក​ដល់​របស់​លោក គ្រីស្ដូហ្វឺរ អ៊ែនដឺសឹន​ នៅ​ពេល​នេះ​គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​​បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​មនុស្ស​៤​នាក់ និង​អង្គភាព​ចំនួន​៤១​បន្ថែម​ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​របស់​ព្រីនស៍​គ្រុប​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មនុស្ស​ទាំង​៤​នាក់​នោះ​រួម​មាន អ្នក​ស្រី Zhao Mengyao, លោក Qui Yong អ្នក​ស្រី​ He Yujing និង Pang Visal ។ Pang Visal គឺ​ជា​ជនជាតិ​ខ្មែរ និងមានក្រុមហ៊ុនគ្រប់គ្រងសរុប១១ ហើយរូបលោក ក៏ត្រូវ​បាន​រដ្ឋាភិបាល​អង់​គ្លេសដាក់ទណ្ឌកម្មកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ផងដែរ។

– លោក គ្រីស្ដូហ្វឺរ អ៊ែន​ដឺ​សឹន បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋ​ទូត​កម្ពុជា​នៅ​ចំពោះ​មុខ​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​លោក ម៉ាកូ រ៊ូប៊ីអូ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ​ឆ្នាំ​២០២៦។ លោក​ធ្លាប់​បាន​ផ្ដល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​ព្រឹទ្ធសភា​អាមេរិក​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០២៦​ថា អទិភាព​ចម្បង​របស់​លោក​ពេល​មក​ធ្វើ​ទូត​នៅ​កម្ពុជា​គឺ «ការ​រុះរើ​ការ​ឆបោក​អនឡាញ និង​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​នៅ​ពីក្រោយ​អំពើ​ឆបោក​ទាំង​នោះ​»៕

 

You might like