អន្តរជាតិះ – មន្ត្រីជាន់ខ្ពស់ពីររូបបន្ថែមទៀត នៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) បានប្រកាសដើរចេញពីតំណែង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ដែលធ្វើឱ្យរលកនៃការលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់នៅក្នុងស្ថាប័នច្បាប់កំពូលមួយនេះកាន់តែហក់ឡើងខ្លាំង ក្រោយបក្សសាធារណរដ្ឋរបស់លោក ត្រាំ បាត់បង់ការគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាម Reuters ការសម្រេចចិត្តដើរចេញរបស់លោក John Eisenberg ប្រធានផ្នែកសន្តិសុខជាតិ និងលោក Jason Reding Quiñones ដែលជាអ្នកដឹកនាំការស៊ើបអង្កេតលើសំណុំរឿងព្រហ្មទណ្ឌចាស់ៗពាក់ព័ន្ធនឹងលោក ត្រាំ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រី Harmeet Dhillon ប្រធានផ្នែកសិទ្ធិស៊ីវិល បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍។
– ការបាត់បង់ថ្នាក់ដឹកនាំជាបន្តបន្ទាប់នេះ បានធ្វើឱ្យក្រសួងយុត្តិធម៌អាមេរិកធ្លាក់ក្នុងស្ថានភាពទាល់ច្រក ដោយគ្មានអ្នកបញ្ជាការលើគម្រោងសំខាន់ៗចំនួនពីរ គឺការបើកកកាយស៊ើបអង្កេតឡើងវិញលើសំណុំរឿងចាស់ៗ និងការរឹតបន្តឹងលើវិស័យឧត្តមសិក្សា។
– រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដដែលនាំឱ្យលោក Quiñones និងលោក Eisenberg សម្រេចចិត្តលាលែងពីតំណែងនោះទេ។
– ទោះជាយ៉ាងណា ក្នុងបរិបទនយោបាយអាមេរិក វាមិនមែនជារឿងចម្លែកនោះទេដែលមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលរដ្ឋាភិបាលសម្រេចចិត្តដើរចេញក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ជាពិសេសនៅពេលដែលលទ្ធផលបោះឆ្នោតបានផ្តល់ការខកចិត្តយ៉ាងខ្លាំងដល់គណបក្សកាន់អំណាច។ ខណៈពេលនេះ គណបក្សប្រជាធិបតេយ្យដែលទើបឈ្នះឆ្នោត កំពុងរៀបចំផែនការបើកការស៊ើបអង្កេតជាច្រើនទៅលើរដ្ឋបាល និងមុខជំនួញរបស់លោក ត្រាំ។
– ដោយសារតែពួកគេដឹងខ្លួនថា នឹងត្រូវប្រឈមមុខនឹងការស៊ើបអង្កេតយ៉ាងចាស់ដៃ ពីសំណាក់សភាជាតិជុំវិញសកម្មភាពចម្រូងចម្រាសកន្លងមក ទើបមន្ត្រីស្និទ្ធនឹងលោក ត្រាំ ទាំងនេះ បានសម្រេចចិត្តដាក់ពាក្យលាលែងពីតំណែងភ្លាមៗជាបន្តបន្ទាប់ ដើម្បីចៀសវាងការធ្លាក់ទៅក្នុងគំនាបនយោបាយ និងសម្ពាធនៃការត្រួតពិនិត្យផ្លូវច្បាប់ពីសភាថ្មី៕
