អន្តរជាតិះ – ក្រុមហ៊ូធី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានដាក់លក្ខខណ្ឌទាមទារប្រាក់រហូតដល់ ៥១ ពាន់លានដុល្លារ ព្រមទាំងទាមទារឱ្យមានការទទួលស្គាល់ពួកគេថា ជាអ្នកគ្រប់គ្រងស្របច្បាប់ក្នុងប្រទេសយេម៉ែន ជាថ្នូរនឹងការបញ្ឈប់ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត។
– យោងតាមការចុះផ្សាយរបស់កាសែត The Wall Street Journal ចុះផ្សាយបន្តដោយ Gulfnews កាលពីថ្ងៃទី៥ ខែវិច្ឆិកា ការទាមទារដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានលេចឡើង បន្ទាប់ពីភាគីអារ៉ាប៊ីសាអូឌីត បានព្យាយាមចូលទៅជិតក្រុមហ៊ូធី ដើម្បីស្វែងរកកិច្ចចរចាបញ្ចប់ជម្លោះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការប៉ុនប៉ងចរចានេះធ្វើឡើង ក្រោយពេលក្រុមហ៊ូធី បានបើកការវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងសមុទ្រក្រហម និងបានវាយដណ្តើមគ្រប់គ្រងទឹកដីយុទ្ធសាស្ត្រមួយចំនួន ដែលស្ថិតនៅជាប់ច្រកសមុទ្រ Bab Al Mandab។
– ប្រភពជិតស្និទ្ធនឹងកិច្ចពិភាក្សានេះបានបង្ហើបប្រាប់កាសែតដដែលថា ក្រុមហ៊ូធី ចង់បានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដើម្បីធ្វើជាសំណងសម្រាប់ការខូចខាតបង្កឡើងដោយការវាយប្រហារតាមអាកាសដឹកនាំដោយអារ៉ាប៊ីសាអូឌីតអស់រយៈពេលជាច្រើនឆ្នាំ និងការដាក់ទណ្ឌកម្មបិទខ្ទប់ប្រទេសយេម៉ែន ក្នុងកំឡុងពេលមានសង្គ្រាម។
– ទោះជាយ៉ាងណា ការទាមទារផ្នែកហិរញ្ញវត្ថុគ្រាន់តែជាផ្នែកមួយនៃការដាក់សម្ពាធដ៏ធំដល់ទីក្រុងរីយ៉ាដ ប៉ុណ្ណោះ។ អ្វីដែលជាចំណុចគន្លឹះ គឺក្រុមហ៊ូធីចង់ឱ្យ អារ៉ាប៊ីសាអូឌីត ទទួលស្គាល់ពួកគេជាអ្នកគ្រប់គ្រងស្របច្បាប់របស់យេម៉ែន ដែលការយល់ព្រមលើចំណុចនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ឋានៈរបស់រដ្ឋាភិបាលយេម៉ែន បច្ចុប្បន្ន ដែលទទួលស្គាល់ដោយអន្តរជាតិ និងគាំទ្រដោយទីក្រុងរីយ៉ាដ។
– លើសពីនេះ វានឹងជួយពង្រឹងឥទ្ធិពលរបស់ចលនាប្រដាប់អាវុធ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់មួយនេះ នៅចំច្រកទ្វារព្រំដែនភាគខាងត្បូងរបស់អារ៉ាប៊ីសាអូឌីតតែម្តង។ គិតមកទល់ពេលនេះ មិនទាន់មានការប្រកាសពីកិច្ចព្រមព្រៀងណាមួយឡើយ ហើយអារ៉ាប៊ីសាអូឌីត ក៏មិនទាន់បានបង្ហាញជំហរទទួលយកការទាមទារទាំងពីរនេះដែរ។
– យ៉ាងណាមិញ ការបង្ហើបឱ្យដឹងពីព័ត៌មានជុំវិញកិច្ចចរចាប្រែជាដ៏តានតឹងនេះ បានកើតឡើងស្របពេលដែលអារ៉ាប៊ីសាអូឌីត ប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខថ្មីៗកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា។
– កងកម្លាំងសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ពួកគេបានស្ទាក់ចាប់ និងកំទេចគ្រាប់កាំជ្រួចមួយគ្រាប់ដែលបាញ់ដោយក្រុមហ៊ូធី សំដៅមកកាន់តំបន់ Medina ដែលជាទីក្រុងដ៏វិសុទ្ធបំផុតទីពីរនៃសាសនាឥស្លាម។ ជាពិសេស ការវាយប្រហារដោយគ្រាប់កាំជ្រួចជាថ្មី ពីសំណាក់ក្រុមនេះ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រោងចក្រប្រេង អាកាសយានដ្ឋាន និងទីក្រុងនានារបស់អារ៉ាប៊ីសាអូឌីត៕

