ប៊ូម ត្រូវចាប់ខ្លួនហើយ និងប្រឈមការចោទប្រកាន់ធ្ងន់ធ្ងរ ៣ ករណី មានទាំងលាងលុយកខ្វក់

អន្តរជាតិះ – ទីបំផុត កម្លាំងនគរបាលថៃ ចាប់ខ្លួននាង «ប៊ូម ប៉ាណាត់ដា» ហើយ ពាក់ព័ន្ធនឹងការយកលុយមូលនិធិរបស់អង្គការសប្បុរសធម៌ Goodness Foundation រាប់លានដុល្លារ ទៅចាយវាយ និងប្រើប្រាស់ផ្ទាល់ខ្លួន ខណៈនាងត្រូវប្រឈមមុខនឹងបទចោទប្រកាន់ធ្ងន់ធ្ងរ ចំនួន ៣ ករណី ដូចជា៖ បទឆបោកជាសាធារណៈ ការលាងលុយកខ្វក់ និងបទល្មើសព័ត៌មានវិទ្យា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការផ្សាយរបស់ Amarin TV, មន្ត្រីនគរបាល នៃនាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ច (ECSD) បានចាប់ខ្លួន ប៊ូម និងស្វាមីឈ្មោះ អាធិប អានន្ទវ៉ាន់ នាវេលាម៉ោង ៦:២៨នាទី ព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅឯភូមិគ្រឹះរបស់នាងផ្ទាល់ ក្នុងទីក្រុងបាងកក ស្របពេលពួកគេ និងមេធាវី បម្រុងចាកចេញពីផ្ទះ។

– ការស៊ើបអង្កេត ត្រូវគេចាប់អារម្មណ៍ខ្លាំងក្នុងខែតុលា បន្ទាប់ពីមានការចោទប្រកាន់ថា នាងប៊ូម យកលុយមូលនិធិ ទៅដើរស៊ីចាយហ៊ឺហារ ដូចជាការទិញរបស់ប្រ៊េនៗ រថយន្តទំនើបៗ និងផ្ទះវីឡាជាដើម។

– ក្រោយមក ECSD ក៏ចាប់ផ្តើមស្រាវជ្រាវតាមដាន ការផ្ទេរប្រាក់តាមធនាគារ និងពិនិត្យមើលទ្រព្យសម្បត្តិ ដែលជាប់ពាក់ព័ន្ធនឹងនាង គ្រួសាររបស់នាង និងមូលនិធិនោះ។

– មកដល់ថ្ងៃទី ៤ ខែវិច្ឆិកា ក្រុមអ្នកស៊ើបអង្កេតបានរាយការណ៍ អំពីការបង្កកគណនីធនាគារប្រមាណ ១៧ គណនី ដែលមានប្រាក់សរុប ៦០ លានបាត (ប្រមាណ ១.៧ លានដុល្លារ) ហើយអាជ្ញាធរ ក៏បានពិនិត្យមើលទ្រព្យសម្បត្តិ មានតម្លៃជាង ១០០ លានបាត រួមមាន៖ ផ្ទះ ៣-៤ ខ្នង, ដីធ្លីជាច្រើនឡូត៍, យានយន្តជាង ២០ គ្រឿង, អាវុធ ៦ ដើម និងកាបូបម៉ាកល្បីៗ ជាច្រើនទៀតផងដែរ។

– មិនមែនតែនាងទេ សមត្ថកិច្ច ក៏បើកការស៊ើបអង្កេតលើស្វាមី កូនៗ និងឪពុកម្តាយរបស់ ប៊ូម ផងដែរ។

– មុនចាប់ខ្លួន អតីតអ្នកនាំពាក្យពាក់ព័ន្ធនឹងបញ្ហាព្រំដែនរបស់ថៃ និងកម្ពុជា និងជាតារាសម្តែងរូបនេះ បានសន្យាថា នឹងប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីទទួលខុសត្រូវចំពោះកំហុស ឬការខូចខាតណាមួយដែលពាក់ព័ន្ធនឹងខ្លួន ក្នុងរឿងអាស្រូវនេះ។

– សូមជម្រាបថា បើតុលាការកាត់ទោស លើបទចោទប្រកាន់ទាំង៣ នេះ នាងប៊ូម អាចប្រឈម ជាប់ពន្ធនាគាររហូតដល់ទៅ ២០ ឆ្នាំ ហើយពិន័យជាប្រាក់ លើស ៤០០ ០០០បាត ព្រមទាំងរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធ ជាង ១០០ លានបាត ៕

You might like