តម្លៃប្រេងអន្តរជាតិបន្តដាំក្បាលចុះទៅក្បែរ ៩០ ដុល្លារ/បារ៉ែល ក្រោយបក្សរបស់ ត្រាំ របូតការគ្រប់គ្រងសភាទាំង ២

អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបានដាំក្បាលចុះជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃចន្ទ មកទល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ទៅក្បែរ ៩០ ដុល្លារ/បារ៉ែល ​​ក្រោយ​គណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ របូតការគ្រប់គ្រងសភាទាំង ២ ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ដែលធ្វើឱ្យទីផ្សាររំពឹងថា ​សហរដ្ឋ​អាមេរិក​អាចស្វែងរកដំណោះស្រាយបញ្ចប់​សង្គ្រាមជាមួយអ៊ីរ៉ង់។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ៨,៩៨ ដុល្លារ ឬ ៨,៧% មកនៅត្រឹម ៩៤,៦២ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក WTI បានធ្លាក់ចុះ ៧,៩៧ ដុល្លារ ឬ ៨,៣% មកនៅត្រឹម ៨៨,១២ ដុល្លារ/បារ៉ែល ​ពេលបិទការជួញដូរនៅថ្ងៃពុធ។ ​នេះគឺជាកម្រិតទាបបំផុតរបស់ប្រេងទាំង ២ ប្រភេទ ចាប់តាំងពីថ្ងៃទី ៣១ ខែសីហា មក។

– នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តម្លៃប្រេង Brent បានបន្តធ្លាក់ចុះ ១,០៧ ដុល្លារ ឬ ១,១៣% មកនៅត្រឹម ៩៣,៥៥ ដុល្លារ/បារ៉ែល ខណៈ WTI បានធ្លាក់ចុះ ១,២៥ ដុល្លារ ឬ ១,៤២% មកនៅត្រឹម ៨៦,៨៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ ព្រឹកនៅទីក្រុងហុងកុង។

– ការធ្លាក់ចុះនេះកើតឡើង ក្រោយគណបក្សប្រជាធិបតេយ្យដណ្តើមបានការគ្រប់គ្រងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាពីគណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃទី ៣ វិច្ឆិកា។ លទ្ធផលនេះអាចធ្វើឱ្យលោក ត្រាំ ប្រឈមនឹងការរឹតត្បិតកាន់តែខ្លាំងលើការសម្រេចចិត្តផ្នែកយោធា និងថវិកាយោធានៅតំបន់មជ្ឈិមបូព៌ា។

– អ្នកវិភាគមួយចំនួនយល់ថា ស្ថានភាពនយោបាយថ្មីៗ អាចជំរុញឱ្យរដ្ឋបាលលោក ត្រាំ បង្កើនកិច្ចខិតខំប្រឹងប្រែងចរចាជាមួយអ៊ីរ៉ង់ ជាជាងបន្តការវាយប្រហារយោធាទ្រង់ទ្រាយធំ។ កន្លងមក លោក ត្រាំ ក៏បានប្រាប់​កាសែត​ Financial Times ថា សហរដ្ឋអាមេរិកមិនមានគម្រោងវាយប្រហារអ៊ីរ៉ង់ជាបន្ទាន់នោះទេ។

– ទោះជាយ៉ាងណា ការឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅតែមិនទាន់មានភាពច្បាស់លាស់។ មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់រ៉យទ័រថា ភាគីអាមេរិក និងអ៊ីរ៉ង់នៅឆ្ងាយពីការសម្រេចបានកិច្ចព្រមព្រៀង ខណៈមេដឹកនាំអ៊ីរ៉ង់​បានបញ្ជាក់ថា គោលជំហរប្រឆាំងរបស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ នឹងមិនផ្លាស់ប្តូរឡើយ ទោះបីគណបក្សណាកាន់អំណាចក៏ដោយ។

– ​ដោយឡែក​ ប្រទេសកាតាបានបង្កើនកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីទប់ស្កាត់ការកើនឡើងជាថ្មីនៃការវាយប្រហារក្នុងតំបន់។ ចំណែកឯ អេមីរ៉ាតអារ៉ាប់រួម កំពុងពិចារណាសាងសង់បំពង់បង្ហូរប្រេងទី៣ ដើម្បីដឹកជញ្ជូនប្រេង​ដោយមិនប្រើច្រកសមុទ្រ​ហ័រមូហ្ស​។

– សម្រាប់ការផ្គត់ផ្គង់ប្រេង ទិន្នន័យពីក្រុមហ៊ុនតាមដានការដឹកជញ្ជូនប្រេង Vortexa បង្ហាញថា ការនាំចេញប្រេងឆៅ និងផលិតផលប្រេងពីតំបន់ឈូងសមុទ្រពែរ្សក្នុងខែតុលា មានជាមធ្យម ១៧,១ លានបារ៉ែល/ថ្ងៃ ធ្លាក់ចុះពី ១៨,៩ លានបារ៉ែល/ថ្ងៃ កាលពីខែកញ្ញា។ យ៉ាងណាមិញ តួលេខនេះនៅតែបង្ហាញពីការប្រសើរឡើងផ្នែកផ្គត់ផ្គង់ ដែលជាផ្នែកមួយជួយដល់ការធ្លាក់ចុះនៃតម្លៃប្រេង៕

 

You might like