អន្តរជាតិះ – ទោះប្រឈមនឹងការវាយប្រហារផ្នែកនយោបាយយ៉ាងខ្លាំងក្លា ដោយត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនចោទប្រកាន់ថា មានទំនាក់ទំនងជាមួយអំពើភេរវកម្ម និងគំរាមកំហែងដល់សន្តិសុខជាតិក៏ដោយ ក៏លោក Abdul El-Sayed បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ នៅតែដណ្តើមបានជ័យជម្នះក្នុងរដ្ឋ Michigan និងក្លាយជាជនមូស្លីមដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters និងសារព័ត៌មាន BBC នៅថ្ងៃទី៤ ខែវិច្ឆិកា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មុនពេលទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនេះ លោក El-Sayed បានប្រឈមនឹងយុទ្ធនាការឃោសនា ដែលអ្នករិះគន់ចាត់ទុកថា ជាយុទ្ធនាការមួយក្នុងចំណោមយុទ្ធនាការ ដែលបង្ហាញការរើសអើងប្រឆាំងនឹងសាសនាឥស្លាម យ៉ាងចំហបំផុតនៅក្នុងនយោបាយអាមេរិកសម័យទំនើប។
– ក្នុងអំឡុងយុទ្ធនាការឃោសនា លោក ត្រាំ បានហៅលោក El-Sayed ថា ជាជនជីហាដ និងជាភេរវករ ព្រមទាំងបានប្រៀបធៀបលោកទៅនឹងក្រុមភេរវករ ដែលបានប្លន់យន្តហោះក្នុងព្រឹត្តិការណ៍វាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ទៀតផង។ ចំណែកគូប្រជែងរបស់លោក គឺលោក Mike Rogers មកពីគណបក្សសាធារណរដ្ឋ ក៏បានចោទជាសំណួរអំពីភាពស្មោះត្រង់របស់លោកចំពោះសហរដ្ឋអាមេរិកផងដែរ។

– លើសពីនេះ សម្ភារៈឃោសនាបោះឆ្នោតមួយចំនួនបានបង្ហាញថា លោក El-Sayed មានទំនាក់ទំនងជាមួយក្រុមភេរវករ និងបានព្រមានថា ប្រសិនបើលោកជាប់ឆ្នោត លោកនឹងនាំយកច្បាប់សាសនាឥស្លាម (Sharia) មកអនុវត្តក្នុងរដ្ឋ Michigan ជាមិនខាន។
– លោក Rogers បានអះអាងថា ការជំទាស់របស់លោកចំពោះលោក El-Sayed គឺផ្អែកលើមនោគមវិជ្ជានយោបាយ មិនមែនដោយសារជំនឿសាសនារបស់លោកនោះទេ។ ប៉ុន្តែយុទ្ធនាការរបស់លោក បានព្យាយាមបង្ហាញថា លោក El-Sayed ជាមនុស្សដែលអាចការគំរាមកំហែងដល់សន្តិសុខជាតិ ហើយយុទ្ធនាការនេះក៏មានការចូលរួមគាំទ្រពីអ្នកនយោបាយគណបក្សសាធារណរដ្ឋមួយចំនួន ផងដែរ។
– ក្នុងនោះ លោក John Kennedy សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Louisiana បាននិយាយថា លោក El-Sayed ដេកដោយពាក់អាវដែលមានរូបលោក អូសាម៉ា ប៊ីន ឡាដិន។ ចំណែកលោក Ted Cruz សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Texas បានហៅលោក El-Sayed ថាជា «ជនជីហាដរូបតូច» (Jihadist Leprechaun) និងព្រមានថា ប្រជាជនអាមេរិកនឹងស្លាប់ ប្រសិនបើលោកឈ្នះការបោះឆ្នោត។
– ទោះបីជាយុទ្ធនាការវាយប្រហារទាំងនេះបានបង្កការព្រួយបារម្ភអំពីសុវត្ថិភាព ក្នុងចំណោមប្រជាជននៅតំបន់ Dearborn និងតំបន់ជុំវិញ ដែលជាទីតាំងមានសហគមន៍ជនជាតិអាមេរិកដើមកំណើតអារ៉ាប់ ដ៏ធំបំផុតមួយនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏លោក El-Sayed នៅតែអាចទទួលបានជ័យជម្នះ។
– លោក El-Sayed អាយុ ៤២ ឆ្នាំ កើតនៅរដ្ឋ Michigan និងមានដើមកំណើតអេហ្ស៊ីប។ លោកមានសញ្ញាបត្រផ្នែកវេជ្ជសាស្ត្រ និងធ្លាប់បម្រើការជាប្រធានផ្នែកសុខាភិបាលទីក្រុង Detroit។ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកបានឈរលើគោលនយោបាយវឌ្ឍនភាពនិយម ដោយផ្តោតលើការកែលម្អសេវាសុខាភិបាល និងការកាត់បន្ថយថ្លៃចំណាយលើការរស់នៅ។
– ប្រជាពលរដ្ឋម្នាក់ឈ្មោះ Kolar ដែលបានបោះឆ្នោតគាំទ្រលោក El-Sayed នៅតំបន់ Warren ជាយក្រុង Detroit បាននិយាយថា៖ «យើងមានសេរីភាពខាងសាសនា ហើយប្រសិនបើលោកជឿលើសាសនាឥស្លាម ក៏សូមឱ្យវាទៅតាមនោះចុះ»។
– ក្រោយរង់ចាំអស់រយៈពេលជាច្រើនម៉ោង និងតាមដានលទ្ធផលបោះឆ្នោត ដែលបង្ហាញពីការកើនឡើងនៃជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យនៅទូទាំងប្រទេស អ្នកគាំទ្ររបស់លោក El-Sayed បានអបអរសាទរយ៉ាងកងរំពង នៅពេលលោកឡើងលើឆាកថ្លែងសុន្ទរកថាប្រកាសជ័យជម្នះ។
– ក្នុងសុន្ទរកថានោះ លោកបានចាត់ទុកជ័យជម្នះរបស់ខ្លួនថា ជាការបដិសេធចំពោះការឃោសនាដែលផ្អែកលើការស្អប់ខ្ពើម និងការបង្កការភ័យខ្លាច។ លោកបានថ្លែងថា៖ «អ្នកបានជ្រើសរើសការស្អប់ខ្ពើម ប៉ុន្តែប្រជាជនរដ្ឋ Michigan បានជ្រើសរើសក្តីសង្ឃឹម»។
– ជ័យជម្នះរបស់លោក El-Sayed មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់សហគមន៍មូស្លីមនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យយុទ្ធនាការនយោបាយដែលផ្អែកលើការចោទប្រកាន់ និងការវាយប្រហារទៅលើជំនឿសាសនា ក្លាយជាចំណុចសំខាន់មួយនៃការជជែកវែកញែកក្រោយការបោះឆ្នោតនៅក្នុងប្រទេសនេះផងដែរ៕

