ត្រាំ ប្រកាសថា ទោះសង្គ្រាមអ៊ីរ៉ង់ ធ្វើឱ្យ បក្សសាធារណរដ្ឋចាញ់ឆ្នោត ក៏លោកមិនថយក្រោយដែរ

អន្តរជាតិះ – ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី ជេឌី វ៉ាន់ សុទ្ធតែទទួលស្គាល់ជាសាធារណៈថា សង្គ្រាមអ៊ីរ៉ង់ បានធ្វើឱ្យគណបក្សសាធារណរដ្ឋ រងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ប៉ុន្តែប្រមុខសេតវិមាន នឹងនៅតែបន្តប្រតិបត្តិការយោធានេះដដែល ដើម្បីសម្រេចគោលដៅឱ្យបាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាម The New York Times កាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦, លោក ជេឌី វ៉ាន់ បានបង្ហោះសារលើបណ្តាញសង្គម ដោយសង្កត់ធ្ងន់ថា៖ «មូលហេតុដែលយើងចាញ់ គឺដោយសារតែសង្គ្រាម» ហើយនៅពេល អ្នកសារព័ត៌មានសួរនាំ អំពីការលើកឡើងនេះ លោក ត្រាំ ក៏យល់ស្របដែរ និងទទួលស្គាល់ថា វាជាការពិត ព្រោះសង្គ្រាមបានធ្វើឱ្យតម្លៃប្រេងសាំងកើនឡើងក្នុងរយៈពេលខ្លី មែន។

– យ៉ាងណា បើតាមការផ្សាយរបស់ The Wall Street Journal ប្រធានាធិបតីអាមេរិក នៅតែប្រកាន់ជំហរថា លោកគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីការបើកការវាយប្រហារ ដើម្បីរារាំងអ៊ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ដោយលោកអះអាងថា លោកបានធ្វើរឿងដែលត្រឹមត្រូវ ហើយនឹងធ្វើវាជាថ្មី មិនថយក្រោយឡើយ។

– សម្តីរបស់លោកត្រាំ ហាក់ដូចជាចង់ស្តីបន្ទោស ដល់អ្នកបោះឆ្នោត ព្រោះថា លោកបានលើកឡើងដដែលៗជុំវិញបរាជ័យយ៉ាងចាស់ដៃ របស់បក្ស ក្នុងការបោះឆ្នោតនេះ។ ជាក់ស្តែង មុននេះមួយថ្ងៃ លោកអះអាងថា អ្នកបោះឆ្នោត យល់​ស្របនឹងគោល​នយោបាយរបស់​លោក​ ចំពោះ ​អ៊ីរ៉ង់ ប៉ុន្តែ​ប្រហែលជា​​មិនព្រម​​ទទួល​​យក​ផលវិបាករយៈពេល​ខ្លី គឺការចំណាយ​ប្រាក់កាន់​តែច្រើនលើ​ប្រេងឥន្ធនៈនោះ​ទេ។

– ក្នុង​បទសម្ភាសន៍​តាមទូរស័ព្ទជា​មួយ​បណ្តាញព័ត៌មាន Fox News ​លោក ត្រាំ និយាយ​ថា៖ «ប្រជាពលរដ្ឋ​យល់ស្រប ​នឹងអ្វីដែល​ខ្ញុំ​​កំពុង​ធ្វើ ចំពោះ​ប្រទេសអ៊ីរ៉ង់ ប៉ុន្តែពួកគេ​ប្រហែលជាមិនព្រមទទួលយកផល​វិបាករយៈពេល​ខ្លី គឺការចំណាយប្រាក់កាន់​តែច្រើនលើប្រេងឥន្ធនៈ​នោះទេ។ ខ្ញុំចង់ប្រាប់​អ្នករាល់​គ្នាថា នេះ​គឺជាបញ្ហាក្នុងរយៈ​ពេលខ្លី ប៉ុន្តែ​​​មាន​​ផលប្រយោជន៍រយៈពេល​វែង»។

– ផ្អែកតាមទិន្នន័យចុងក្រោយ ផ្សាយដោយ BBC News និង CNBC, លទ្ធផលឆ្នោតសម្រាប់ព្រឹទ្ធសភា៖ គណបក្សប្រជាធិបតេយ្យ ទទួលបាន ៥៤ អាសនៈ (កើនឡើង ៧ អាសនៈ) ខណៈគណបក្សសាធារណរដ្ឋ ទទួលបាន ៤៤ អាសនៈ (ថយចុះ ៧ អាសនៈ)។

– ចំណែកសភាតំណាងរាស្ត្រ៖ គណបក្សប្រជាធិបតេយ្យ ទទួលបាន ២៣៧ អាសនៈ (កើនឡើង ២៩ អាសនៈ លើស ២១៨ អាសនៈដែលត្រូវការដើម្បីគ្រប់គ្រងសភា) ខណៈគណបក្សសាធារណរដ្ឋ ទទួលបាន ១៣៩ អាសនៈ (ថយចុះ ២៩ អាសនៈ)។

– លទ្ធផលនេះ បញ្ជាក់ថា ប្រជាជនអាមេរិក ពិតជាមិនពេញចិត្តចំពោះសង្គ្រាមអ៊ីរ៉ង់នោះទេ ហើយក៏បង្ហាញពីការបែកបាក់នយោបាយ ដ៏ជ្រាលជ្រៅនៅអាមេរិក ផងដែរ។

– យោង​តាម​ទិន្នន័យ​ពីមន្ទីរបញ្ច​កោណ ​ដែលទទួលបាន​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន Reuters, គិតត្រឹម​ថ្ងៃ​ទី​២៨ ខែ​តុលា ទីក្រុងវ៉ាស៊ីនតោន ​បាន​ចំណាយ​ប្រាក់ជាង ៤៧​ពាន់លានដុល្លារ ​លើ​សង្គ្រាមនៅអ៊ីរ៉ង់​​រួចហើយ ​​ពោល​គឺ​​ខ្ពស់ជាងការ​ប៉ាន់ប្រមាណ​​របស់ក្រសួងសង្គ្រាម​​ កាលពីខែ​កក្កដា ដល់ទៅ​ជាង ២៥% ឯណោះ។

– ផលប៉ះពាល់នៃសង្គ្រាម លើតម្លៃថាមពលសកល បានធ្វើឱ្យការគាំទ្រចំពោះបេក្ខជនមកពីគណបក្សសាធារណរដ្ឋធ្លាក់ចុះ ហើយក៏ធ្វើឱ្យអត្រាគាំទ្រចំពោះលោក ត្រាំ ធ្លាក់ចុះផងដែរ៕

You might like