អាមេរិក​ ចល័ត​ទ័ព​អាកាស​ទ្រង់ទ្រាយ​ធំ បង្ហាញ​សញ្ញា​ដាក់​ពង្រាយ​ប្រព័ន្ធ Patriot បន្ថែម​ទៅ​អ៊ីស្រាអែល​​​

អន្តរជាតិះ – យោង​តាមការ​សង្កេត​លើទិន្នន័យ​ តាម​ដានជើងហោះ​ហើរដែល​បើក​ចំហជាសាធារណៈ​កាលពីថ្ងៃ​អង្គារ ទី​៣​​ ខែ​វិច្ឆិកា​ ការ​ដឹក​ជញ្ជូន​តាមផ្លូវអាកាស​ជា​បន្តបន្ទាប់​ របស់យោធាអាមេរិក​ ទៅកាន់​ប្រទេសអ៊ីស្រាអែល បង្ហាញថា ទីក្រុងវ៉ាស៊ីន​តោន​ ​អាច​​កំពុង​រៀប​ចំដាក់​ពង្រាយប្រព័ន្ធ​ការពារដែន​អាកាស Patriot បន្ថែមមួយ​ឈុតទៀត​ក្នុង​ប្រទេស​នេះ​​។ បើ​តាមការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន Anadolu។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យន្តហោះ​ដឹក​ជញ្ជូន C-17A Globemaster III របស់​កង​ទ័ពអាកាស​អាមេរិក​យ៉ាង​តិច​ចំនួន ៦ គ្រឿង ផ្ទុកទៅ​ដោយឧបករណ៍​ការពារដែន​អាកាស បាន​ចាប់ផ្តើមជើង​ហោះហើរ​ជាក្រុម លើកទីពីរ ចេញ​ពីមូលដ្ឋាន​ទ័ព​អាកាស Biggs នៅ​តំបន់​ Fort Bliss រដ្ឋ Texas ឆ្ពោះ​ទៅកាន់មូល​ដ្ឋានទ័ព​អាកាស Ovda ស្ថិតនៅភាគខាងត្បូង​ប្រទេស​អ៊ីស្រាអែល​។

– យោង​តាមការ​សង្កេត​ទាំងនោះ សកម្មភាព​ចុងក្រោយនេះ​ត្រូវបានគេ​ប្រទះ​ឃើញ​កាលពីថ្ងៃអង្គារ បន្ទាប់​ពីមានជើងហោះហើរ​របស់​យន្ត​ហោះ C-17 ចំនួន ៨គ្រឿង បាន​ទៅដល់មូលដ្ឋានទ័ព​អាកាស Ovda កាល​ពីសប្តាហ៍មុន។

– យោង​តាមប្រភពព័ត៌មាន​បើកចំហ ពេលក្រុម​ទីពីរ​នេះ​បញ្ចប់ការធ្វើ​ដំណើរ​ នោះ​ចំនួនសរុប​នៃជើង​ហោះហើររបស់​យន្តហោះ C-17 ពីមូល​ដ្ឋាន Biggs ទៅកាន់​មូលដ្ឋាន Ovda នឹង​កើន​ឡើងដល់ ១៦ ជើង។

– ទំហំ​នៃការដឹកជញ្ជូន​តាមផ្លូវអាកាសនេះ អាចបង្ហាញពីការដាក់​ពង្រាយប្រព័ន្ធការពារ​ដែនអាកាស Patriot ពេញ​លេញ​មួយឈុត មិនមែន​គ្រាន់តែជាកញ្ចប់ប្រតិបត្តិ​ការកម្រិត​អប្បបរមា (MEP) នោះទេ។

– គួររម្លឹក​ថា កញ្ចប់ MEP នេះ គឺ​​មាន​សមត្ថភាព​អនុវត្ត​ប្រតិបត្តិ​ការការពារដែន​អាកាស និងប្រឆាំង​មីស៊ីល នៅគ្រប់ទីកន្លែង​ទាំងអស់ក្នុង​តំបន់​របស់បញ្ជាការដ្ឋាន​កណ្តាល​សហរដ្ឋអាមេរិក ​(CENTCOM) ដោយ​ប្រើរយៈពេលយ៉ាង​យូរបំផុតត្រឹម ៩៦ម៉ោងប៉ុណ្ណោះ​។

– ជើង​ហោះហើរ​ចុងក្រោយ​ទាំងនេះ បាន​កើតឡើង​ បន្ទាប់ពីមានការ​រៀបចំមួយ​ចំនួនទៀត​ នៅឯមូលដ្ឋាន​ទ័ពអាកាស Biggs ដោយ​នៅទី​នោះ យន្តហោះ C-17 មួយ​គ្រឿងទៀត ប្រើឈ្មោះថា REACH 324 ​បានហោះ​ចេញកាល​ពីថ្ងៃចន្ទ ឆ្ពោះ​ទៅកាន់អាកាសយាន​ដ្ឋានអន្តរជាតិ ​Gander ក្នុង​ប្រទេសកាណាដា។

– សកម្មភាពនេះ​គឺដាច់ដោយឡែក​ពីជើងហោះ​ហើរចំនួន ៨ លើកមុនៗ​ទៅកាន់អ៊ីស្រាអែល ហើយ​បង្ហាញថា ប្រហែលជា​កំពុងមានការ​រៀបចំ ដើម្បីដាក់​ពង្រាយប្រព័ន្ធមីស៊ីល Patriot បន្ថែម​ទៀត។

– ទិន្នន័យ​តាមដានជើងហោះហើរពីប្រភព​បើកចំហ ក៏បានកត់ត្រានូវ​សកម្មភាពរបស់​យន្តហោះដឹកជញ្ជូន​យោធាអាមេរិក​បន្ថែមទៀត នៅទូទាំងតំបន់​មជ្ឈិមបូព៌ា និងអឺរ៉ុបផង​ដែរ។

– ទោះ​បី​ជា​សកម្មភាព​ទាំង​នេះ​បង្ហាញ​ពីប្រតិបត្តិការ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ដ៏ធំមួយរបស់​យោធាអាមេរិក ពាក់ព័ន្ធនឹង​ប្រទេសអ៊ីស្រាអែល ​និង​តំបន់មជ្ឈិមបូព៌ា​ក៏ដោយ ក៏ការ​ដាក់ពង្រាយប្រព័ន្ធ​មីស៊ីល Patriot ​ពេញលេញ​មួយឈុត នៅ​មិនទាន់ត្រូវបាន​បញ្ជាក់ដោយ​ប្រភពឯក​រាជ្យណា​មួយ​ នៅឡើយទេ៕

You might like