អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាគំហុកជាង ៨ ដុល្លារ ពេលបិទការជួញដូរកាលពីថ្ងៃចន្ទ ជុំវិញភាពស្រាកស្រាន្តនៃកង្វល់ផ្នែកផ្កត់ផ្គង់ ក្រោយមន្ត្រីអ៊ីរ៉ង់ និងកាតា ពិភាក្សាគ្នាឆ្ពោះទៅរកការបញ្ចប់ជម្លោះអាមេរិក-អ៊ីរ៉ង់។ យ៉ាងណាមិញ តម្លៃប្រេងបានងើបឡើងបន្តិចវិញនៅព្រឹកថ្ងៃអង្គារនេះ ក្រោយមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកបានវាយប្រហារលើកោះ Qeshm របស់អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ៨,៦៦ ដុល្លារ ឬ ៧,៦៣% មកនៅត្រឹម ១០៤,៧៧ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក WTI បានធ្លាក់ចុះ ៧,៦៦ ដុល្លារ ឬ ៧,៣៦% មកនៅត្រឹម ៩៦,៤៦ ដុល្លារ/បារ៉ែល កាលពីថ្ងៃចន្ទ។ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារ តម្លៃប្រេង Brent បានកើនឡើង ០,៤៨ ដុល្លារ ឬ ០,៥% ដល់ ១០៥,២៥ ដុល្លារ/បារ៉ែល ខណៈ WTI កើនឡើង ០,៤៧ ដុល្លារ ឬ ០,៥% ដល់ ៩៦,៩៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ ព្រឹកនៅទីក្រុងហុងកុង។
– ការធ្លាក់ចុះនៃតម្លៃប្រេងកាលពីថ្ងៃចន្ទ កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឱ្យដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានផ្តល់សិទ្ធិមួយចំនួនដល់រដ្ឋាភិបាល ដើម្បីចរចាស្វែងរកសន្តិភាព។ លោកបានបញ្ជាក់ថា អ៊ីរ៉ង់នឹងព្យាយាមដោះស្រាយបញ្ហាតាមរយៈការសន្ទនា។
– ទន្ទឹមនឹងនេះ មន្ត្រីកាតាបានធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ង់ ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្តីពីលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ វិញ បាននិយាយថា អ៊ីរ៉ង់ចង់សម្រេចកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម ហើយកិច្ចព្រមព្រៀងនេះអាចនឹងកើតឡើង។
– ទោះជាយ៉ាងណា ក្តីសង្ឃឹមចំពោះការចរចាសន្តិភាពបានថយចុះខ្លះ បន្ទាប់ពីកាសែត Wall Street Journal រាយការណ៍ថា សហរដ្ឋអាមេរិកបានវាយប្រហារលើកោះ Qeshm របស់អ៊ីរ៉ង់។ មន្ត្រីអាមេរិកមួយចំនួនបានពន្យល់ថា ការវាយប្រហារនេះមានគោលបំណងការពារ និងរារាំងអ៊ីរ៉ង់មិនឱ្យវាយប្រហារដោយសេរីលើនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស។
– អ្នកវិភាគទីផ្សារបានលើកឡើងថា ដំណឹងអំពីការវាយប្រហារនេះបានបង្កើនក្ដីបារម្ភពីភាពតានតឹងនៃជម្លោះអាមេរិក-អ៊ីរ៉ង់ ឡើងវិញ ហើយជំរុញឱ្យតម្លៃប្រេងងើបឡើងបន្តិច។ ពួកគេលើកឡើងថា តម្លៃប្រេងអន្តរជាតិនៅតែអាស្រ័យខ្លាំង លើការវិវត្តប្រចាំថ្ងៃនៃស្ថានការណ៍នៅមជ្ឈិមបូព៌ា៕
