អន្តរជាតិះ – ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានចេញដង្ហែរក្បួនតាមដងផ្លូវក្នុងរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី១ ខែវិច្ឆិកានេះ ដើម្បីទាមទារឱ្យប្រធានគណៈកម្មការរៀបចំការបោះឆ្នោត លោក ហ្គយ៉ាណេស គូម៉ារ (Gyanesh Kumar) លាលែងពីតំណែង ពាក់ព័ន្ធនឹងលុបឈ្មោះមនុស្សជាង ១៣០ លាននាក់ចេញពីបញ្ជីបោះឆ្នោត។ នេះបើយោងតាម Al Jazeera ដែលចេញផ្សាយកាលពីថ្ងៃទី១ ខែវិច្ឆិកា។
– គណបក្សប្រឆាំង បានអះអាងថា ការលុបឈ្មោះនេះ ជាការផ្តល់ផលប្រយោជន៍ដល់គណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi)។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បើតាមមេបក្សប្រឆាំងលោក រ៉ាហូល ហ្គាន់ឌី (Rahul Gandhi) នៃគណបក្សសភាជាតិឥណ្ឌា (Indian National Congress) បានអះអាងថា សកម្មភាពនៃការលុបឈ្មោះមនុស្សជាង ១៣០ លាននាក់ចេញពីបញ្ជីបោះឆ្នោតបានជះឥទ្ធិពលខ្លាំងជាងគេទៅលើជនជាតិមូស្លីម និងក្រុមជនជាតិភាគតិចដទៃទៀត ដែលគេយល់ថា ទំនងជាមិនគាំទ្រគណបក្ស Bharatiya Janata (BJP) របស់លោក Modi ដែលប្រកាន់យកមនោគមវិជ្ជាជាតិនិយមហិណ្ឌូឡើយ។
– ជុំវិញការចោទប្រកាន់នេះ គណៈកម្មការរៀបចំការបោះឆ្នោតបានបដិសេធថា ខ្លួនមិនលំអៀងទៅរកគណបក្សណាមួយឡើយ ហើយបានបញ្ជាក់ថា អ្នកបោះឆ្នោតដែលត្រូវបានលុបឈ្មោះដោយបញ្ហាផ្សេងៗទាំងនោះ អាចចុះឈ្មោះឡើងវិញបាន។
– ទន្ទឹមគ្នានេះ គណបក្សកាន់អំណាច Bharatiya Janata (BJP) បានចោទប្រកាន់គណបក្សប្រឆាំងថា បានធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ តាមរយៈការជំទាស់នឹងនីតិវិធីបោះឆ្នោតដ៏ត្រឹមត្រូវស្របច្បាប់។
– ចំពោះទិដ្ឋភាពរវ៉ាប្រឆាំងនៅកណ្តាលទីក្រុងនេះ ប៉ូលិសរាប់រយនាក់ ដែលខ្លះកាន់ដំបង និងខែលការពារ ត្រូវបានដាក់ពង្រាយនៅជុំវិញទីតាំងជួបជុំ រួមជាមួយនឹងរថយន្តសម្រាប់ទប់ស្កាត់កុបកម្ម។ ក្រុមអ្នកតវ៉ា មានខ្លះបានគ្រវីទង់ជាតិឥណ្ឌា និងទង់គណបក្សនយោបាយ ខណៈមេដឹកនាំគណបក្សប្រឆាំង បានធ្វើដំណើរតាមរថយន្តជីបដែលគ្មានដំបូល។
– ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគបានចាត់ទុកការតវ៉ា និងការកើនឡើងនៃការគាំទ្រចំពោះគណបក្សប្រឆាំងថា ជាវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរបំផុតសម្រាប់លោក Modi ចាប់តាំងពីលោកបានឡើងកាន់តំណែងក្នុងឆ្នាំ ២០១៤ មក៕

