អន្តរជាតិះ – តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្ពស់ដល់ ១១៧ ដុល្លារ/បារ៉ែល សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃសុក្រនេះ ក្រោយមានការរាយការណ៍ពីលទ្ធភាពដែលសហរដ្ឋអាមេរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដោយបង្កើនភាពតានតឹង និងកង្វល់ផ្នែកផ្គត់ផ្គង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ២,៥៤ ដុល្លារ ឬ ២,២១% ដល់ ១១៧,៤២ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក WTI បានកើនឡើង ២,៤១ ដុល្លារ ឬ ២,៣៦% ដល់ ១០៤,៤១ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ ព្រឹកនៅទីក្រុងហុងកុង។ តម្លៃប្រេងទាំង ២ ធ្លាក់ចុះបន្តិច ពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍។
– អ្នកវិភាគទីផ្សារបានលើកឡើងថា ការហក់ឡើងនៃតម្លៃប្រេងនៅព្រឹកថ្ងៃសុក្រនេះ គឺបណ្តាលមកពីការព្រួយបារម្ភថា សហរដ្ឋអាមេរិកអាចនឹងបន្តប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឡើងវិញ។ កន្លងមក លោក ដូណាល់ ត្រាំ បានព្រមានជាច្រើនលើកថា សហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ឡើងវិញ ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា សប្តាហ៍ក្រោយ។
– ដោយឡែក ក្រុមហ៊ូធីនៅយ៉េមែន ដែលគាំទ្រដោយអ៊ីរ៉ង់ នៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអារ៉ាប៊ីសាអូឌីត រួមទាំងទីតាំងប្រេង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ អ្នកវិភាគលើកឡើងថា ភាពតានតឹងទាំងនេះ ធ្វើឱ្យលំហូរប្រេងតាមច្រកសមុទ្រហ័រមូហ្ស និងសមុទ្រក្រហមបន្តមិនប្រាកដប្រជា ដែលមានន័យថា ទីផ្សារផ្គត់ផ្គង់ប្រេងនៅតែរងហានិភ័យរំខានខ្ពស់។
– យ៉ាងណាមិញ តម្លៃប្រេងបានធ្លាក់ចុះពេលបិទការជួញដូរថ្ងៃព្រហស្បតិ៍ ក្រោយកាសែត Wall Street Journal បានរាយការណ៍ថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានទាក់ទងទៅកាន់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ដើម្បីព្យាយាមចាប់ផ្តើមការចរចាសន្តិភាពឡើងវិញ។ ជាមួយគ្នានេះ ប្រទេសកាតាក៏បានដាក់សំណើថ្មីទៅកាន់អ៊ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះរវាងអ៊ីរ៉ង់ អាមេរិក និងអ៊ីស្រាអែល។
– ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានច្រានចោលសំណើនេះ ដោយចាត់ទុកថាមិនអាចទទួលយកបាន ដែលបង្ហាញថា ការឈានទៅរកសន្តិភាពនៅតែមានឧបសគ្គជាច្រើន។
– ក្នុងស្ថានភាពមិនប្រាកដប្រជាបែបនេះ អ្នកវិភាគទីផ្សារមើលឃើញថា តម្លៃប្រេងនៅបន្តស្ថិតក្នុងកម្រិតខ្ពស់ ខណៈអ្នកខ្លះទាំងព្រមានថា វាអាចហក់ដល់ ១២០ ដុល្លារ/បារ៉ែល ជាពិសេសបើអាមេរិកបើកការវាយប្រហារអ៊ីរ៉ង់តាមអាកាសឡើងវិញ៕
