តាមពិត នាវា Odyssey កើតរឿង៥ យ៉ាង រួចទៅហើយ មុនពេលមកដល់ កម្ពុជា

អន្តរជាតិះ – នាវាទេសចរណ៍ប្រណីត Villa Vie Odyssey បានផ្អាកប្រតិបត្តិការភ្លាមៗនៅប្រទេសកម្ពុជា ដោយបោះបង់ចោលអ្នកដំណើររាប់រយនាក់ ប៉ុន្តែត្រូវបានកម្ពុជា សង្គ្រោះឱ្យមានសង្ឃឹមឡើងវិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

នាវា Villa Vie Odyssey ចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ (រូប៖ Reuters)

– នាវាកម្សាន្តនេះ ប្រតិបត្តិការដោយក្រុមហ៊ុន Villa Vie Residences មានមូលដ្ឋាននៅរដ្ឋ Florida ហើយវាប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួន យ៉ាងប្រថុចញ៉ុច កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

– អ្វីដែលមិននឹកស្មានដល់គឺ អ្នកស្នាក់នៅលើនាវាទាំងនោះ ភាគច្រើនជាអ្នកដែលបានលក់ផ្ទះសម្បែង ឬអាជីវកម្មអស់ពីខ្លួន ដើម្បីចំណាយពេលចុងក្រោយនៃជីវិត មកកម្សាន្តឱ្យសប្បាយនៅលើនាវានេះ ប៉ុន្តែពួកគេបែរជាត្រូវគេដេញ ដោយទុកពេល មិនដល់៨ម៉ោងផង ក្នុងការរៀបចំអីវ៉ាន់ និងចុះចេញពីនាវា។

នាវា Villa Vie Odyssey ចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ (រូប៖ Reuters)

– ដ្បិតក្រុមហ៊ុន ទម្លាក់កំហុសទៅលើការឡើងថ្លៃប្រេងឥន្ធនៈ យ៉ាងគំហុក បណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ ប៉ុន្តែបើយោងតាមកំណត់ត្រា នាវាមួយនេះ បានជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុ យ៉ាងធ្ងន់ធ្ងររួចទៅហើយ មុនពេលមកត្រូវជាប់គាំងនៅកម្ពុជា។

– កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ គេហទំព័រ Business Insider បានលាតត្រដាង រឿង ៥យ៉ាង ដែលជាហេតុនាំឱ្យនាវា Odyssey ត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួន បែបនេះ។

១. តម្លៃប្រេងឥន្ធនៈ ហក់ឡើងខ្ពស់កប់ពពក

នាវា Villa Vie Odyssey ចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ (រូប៖ Reuters)
នាវា The Odyssey ប្រើប្រាស់ប្រេងឥន្ធនៈប្រភេទ Marine Gas Oil (MGO)។ ប្រធានក្រុមហ៊ុន Villa Vie Residences លោក Mikael Petterson ថ្លែងថា តាមធម្មតា ក្រុមហ៊ុនធ្លាប់តែចំណាយថវិកាប្រមាណពី ៦០០ ដល់ ៧០០ ដុល្លារប៉ុណ្ណោះក្នុងមួយតោន សម្រាប់ប្រេងឥន្ធនៈរបស់នាវា Odyssey ​ប៉ុន្តែផ្អែកតាមទិន្នន័យពីសារពើភ័ណ្ឌពាណិជ្ជកម្ម Ship & Bunker បានបង្ហាញថា ត្រឹមខែមីនា តម្លៃប្រេង MGO នៅក្នុងប្រទេសសិង្ហបុរី បានស្ទុះហក់ឡើងរហូតដល់ជិត ២ ០០០ ដុល្លារក្នុងមួយតោន។

២. ក្រុមហ៊ុនមានទំហំតូចពេក មិនអាចទប់ទល់នឹងហានិភ័យថ្លៃដើមបាន

នាវា Villa Vie Odyssey ចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ (រូប៖ Reuters)
លោក Petterson បញ្ជាក់ថា ក្រុមហ៊ុន Villa Vie គ្មានលទ្ធភាព ឬទំហំអាជីវកម្មធំល្មម ដើម្បីរ៉ាប់រងលើតម្លៃប្រេងដែលហក់ឡើងខ្ពស់ ដូចក្រុមហ៊ុននាវាទេសចរណ៍ធំៗ ដទៃទៀតឡើយ។ លោកបន្ថែមថា៖ «ក្រុមហ៊ុនផ្សេងៗ មានសមត្ថភាពអាចធ្វើការរ៉ាប់រងហានិភ័យ និងលុបបំបាត់ហានិភ័យមួយផ្នែកបាន ប៉ុន្តែយើងជាក្រុមហ៊ុនតូចពេក មិនអាចធ្វើបែបនោះបានឡើយ»។ នាវានេះ បានផ្លាស់ប្តូរកម្មវិធីធ្វើដំណើររបស់ខ្លួន ដោយចំណាយពេលចតនៅតាមកំពង់ផែ ឱ្យបានយូរជាងមុន ដើម្បីសន្សំសំចៃប្រេង ប៉ុន្តែលោក Petterson បាននិយាយថា វានៅតែមិនទាន់គ្រប់គ្រាន់។

៣. ក្រុមហ៊ុន ធ្វើឱ្យអ្នកដំណើររបស់ខ្លួន ភិតភ័យ

នាវា Villa Vie Odyssey ចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ (រូប៖ Reuters)
– កាលពីខែមេសា ក្រុមហ៊ុន Villa Vie មានបំណងឱ្យអ្នកស្នាក់នៅលើនាវានេះ ជួយស្រោចស្រង់ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។ ក្រុមហ៊ុនបានដាក់សំណើខ្ចីប្រាក់ពីអ្នកដំណើរ ដោយអះអាង ផ្តល់អត្រាការប្រាក់ពី ១២% ដល់ ២៤% ដែលកត្តានេះ ធ្វើឱ្យអ្នកដំណើរភិតភ័យជាខ្លាំង។ យោងតាមលោក Petterson! អ្នកដំណើរខ្លះ បានលក់បន្ទប់/វីឡារបស់ខ្លួន ទៅឱ្យអ្នកផ្សេងទៀតដែលចង់មកស្នាក់នៅលើនាវា ដែលកត្តានេះ ធ្វើឱ្យក្រុមការងារផ្នែកលក់របស់ Villa Vie កាន់តែមានភាពលំបាកខ្លាំងឡើង ក្នុងការស្វែងរកអ្នកទិញសម្រាប់បន្ទប់ដែលនៅទំនេរ។

៤. កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ត្រូវអសោច

នាវា Villa Vie Odyssey ចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ (រូប៖ Reuters)
អ្នកស្នាក់នៅលើនាវា Odyssey មួយចំនួន គឺជាអ្នកបង្កើតមាតិកា (Content Creators)។ នៅក្នុងអត្ថបទ Substack និងវីដេអូ YouTube ពួកគេបានបង្ហោះអំពីបទពិសោធន៍របស់ខ្លួន ទាំងវិជ្ជមាន និងអវិជ្ជមាន ក្នុងអំឡុងពេលប្រមាណពីរឆ្នាំដំបូង ដែលពួកគេធ្វើដំណើរជុំវិញពិភពលោក។ អ្នកសរសេរប្លុកទេសចរណ៍ (Travel Bloggers) និងអ្នកបង្ហោះនៅលើបណ្តាញសង្គមមួយចំនួន បានទម្លាក់កំហុសលើការគ្រប់គ្រងរបស់ក្រុមហ៊ុន Villa Vie ចំពោះវិបត្តិហិរញ្ញវត្ថុ នៃប្រតិបត្តិការនេះ។ លោក Petterson និយាយថា ព័ត៌មានអវិជ្ជមានទាំងនោះហើយ ធ្វើឱ្យការឃោសនាទាក់ទាញទេសចរ មកជិះលើនាវានេះបន្ថែម  កាន់តែលំបាក និងស្មុគស្មាញ។

៥. ក្រុមហ៊ុន ប្រឹងប្រែងតស៊ូយ៉ាងខ្លាំង ជាមួយនឹងលំហូរទុនសាច់ប្រាក់

នាវា Villa Vie Odyssey ចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ (រូប៖ Reuters)

– ការចេញដំណើរដំបូងរបស់នាវាក្នុងឆ្នាំ២០២៤ ត្រូវបានពន្យារពេល ៤ខែ ដោយសារបញ្ហាម៉ាស៊ីន—រួមទាំងបញ្ហាជាមួយនឹងចង្កូតនាវា ដែលចាស់រ៉ាំរ៉ៃ—បានធ្វើឱ្យនាវា ជាប់គាំងនៅកន្លែងជួសជុល។ លោក Petterson និយាយថា ការរៀបចំនាវា សម្រាប់ដំណើរការ បានចំណាយអស់ថវិកាបន្ថែម ១៥ លានដុល្លារ លើសពីអ្វីដែល Villa Vie បានរំពឹងទុក។ យ៉ាងណា ប្រតិបត្តិការ ក៏ដើរយ៉ាងរលូនដល់ត្រីមាសទីពីរនៃឆ្នាំនេះ ប៉ុន្តែជាអកុសល សង្គ្រាមអ៊ីរ៉ង់ បានបំផ្លាញផែនការចោលទាំងស្រុង។

-សូមជម្រាបថា នាវា Villa Vie Odyssey នឹងត្រូវចាក់ប្រេងបំពេញបន្ថែម ហើយចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ នេះ ប៉ុន្តែមិនមែនបន្តដំណើរទេសចរណ៍ជុំវិញពិភពលោក ជាមួយអ្នកដំណើរទៀតឡើយ។

-នាវា នឹងចាកចេញជាមួយនាវិក តែពីរបីនាក់ប៉ុណ្ណោះ ដើម្បីធ្វើការថែទាំ និងផ្លាស់ទី ទៅកាន់ទីតាំងដែលមានសុវត្ថិភាព ឬកំពង់ផែផ្សេង ខណៈក្រុមហ៊ុនត្រូវការពេល ៦០ ថ្ងៃ ពោលគឺរហូតដល់ចុងខែធ្នូ ឆ្នាំ២០២៦ ដើម្បីរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុ និងស្វែងរកទុនវិនិយោគថ្មី មកដោះស្រាយបំណុល៕

You might like