អន្តរជាតិះ – ដ្បិតរុស្ស៊ី និងអ៊ុយក្រែន នៅតែប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ ក្នុងសង្គ្រាមមួយដែលញាំញីទ្វីបអឺរ៉ុប រាប់ឆ្នាំមកហើយនោះ ថ្មីៗនេះ ក៏មានសញ្ញាវិជ្ជមានមួយចំនួនលេចឡើងផងដែរ ពាក់ព័ន្ធកិច្ចប្រជុំសន្តិភាព ប៉ុន្តែឥឡូវ ទីក្រុងមូស្គូ បញ្ជាក់យ៉ាងច្បាស់ថា ជំនួបដើម្បីរកផ្លូវចេញពីរណ្តៅភ្លើងជម្លោះ គឺធ្វើឡើងក្នុងលក្ខណៈត្រីភាគី ពោលគឺជាមួយតែទីក្រុងកៀវ និងវ៉ាស៊ីនតោន ប៉ុណ្ណោះ ចំណែកភាគីអឺរ៉ុប គ្មានសិទ្ធិចូលរួមទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សម្តីនេះគឺចេញពីមាត់ជំនួយការប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន គឺលោក យូរី យូសាកូហ្វ ដែលត្រូវបានដកស្រង់សម្តីដោយ ទូរទស្សន៍ RT កាលពីថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ថា កិច្ចប្រជុំ រុស្ស៊ី-អ៊ុយក្រែន-អាមេរិក នឹងមិនមានការអញ្ជើញឱ្យប្រទេសអឺរ៉ុប ចូលរួមដែរនោះទេ។ អត់មានភាគីណា ចង់អញ្ជើញពួកគេឱ្យមកកាន់តុចរចាដែរ ឡើយ។

– ទោះមិនប្រាប់មូលហេតុនៅពីក្រោយរឿងនេះ ប៉ុន្តែរុស្ស៊ី មិនពេញចិត្តអឺរ៉ុបឡើយ ដោយតែងចោទប្រកាន់ម្តងហើយម្តងទៀត ជុំវិញការបំពាក់អាវុធដល់អ៊ុយក្រែន និងផ្តល់ជំនួយជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីខែមេសា កន្លងទៅ ទីក្រុងព្រុចសែល បានអនុម័តកញ្ចប់ទឹកប្រាក់ ១០០ពាន់លានដុល្លារអាមេរិក សម្រាប់ជួយទីក្រុងកៀវ អំឡុងឆ្នាំ២០២៦-២០២៧។
– ការបញ្ជាក់ពីលោក យូសាកូហ្វ នេះទៀតសោត កើតឡើងបន្ទាប់ពីលោក ពូទីន យល់ព្រមជាគោលការណ៍ ដើម្បីបន្តកិច្ចចរចាសន្តិភាពត្រីភាគីឡើងវិញ ជាមួយអ៊ុយក្រែន-អាមេរិក ដែលនឹងចាប់ផ្តើមនៅខែក្រោយ ក្នុងទីក្រុង អាប៊ុយដាប៊ី នៃប្រទេសអេមីរ៉ាត អារ៉ាប់រួម ទោះនោះជាកិច្ចចរចា កម្រិតបច្ចេកទេសក៏ដោយ។
– ជុំវិញកិច្ចប្រជុំសន្តិភាពនេះដែរ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករុស្ស៊ី រាយការណ៍ថា លោកពូទីន បានអញ្ជើញលោក ហ្សេលេនស្គី ទៅកាន់ទីក្រុងមូស្គូ ដើម្បីចរចាដោយផ្ទាល់ ព្រមទាំងធានាពីលក្ខខណ្ឌចាំបាច់គ្រប់យ៉ាង រួមទាំងផ្នែកសន្តិសុខ ផងដែរ៕
