ភ្នំពេញះ – បេក្ខជនសរុបចំនួន ២០,២៤៩ នាក់ កំពុងប្រឡងប្រជែង ដើម្បីក្លាយជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតបឋមដែលជ្រើសរើសត្រឹមតែ២៨៤៤នាក់ សម្រាប់យកទៅបំពេញតម្រូវការខ្វះខាតគ្រូបង្រៀននៅតាមមូលដ្ឋាន។ ដំណើរការប្រឡងកំពុងប្រព្រឹត្តទៅនៅក្នុងមណ្ឌលប្រឡងចំនួន៦ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បើតាមក្រសួងមុខងារសាធារណៈ បេក្ខជនទាំងអស់ត្រូវប្រឡងប្រជែងលើវិញ្ញាសាសរសេរចំនួន៣ រួមមានវិញ្ញាសាភាសាខ្មែរ វិញ្ញាសាគណិតវិទ្យា វិញ្ញាសាទី៣ ចំណេះដឹងទូទៅ និងភាសាអង់គ្លេស ក្នុងនោះមួយវិញ្ញាសា បេក្ខជនមានពេលវេលាចំនួន១ម៉ោង ៣០នាទី ដើម្បីប្រឡងប្រជែង។
– ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញទៅដោយផ្ទាល់នៅក្នុងបន្ទប់ប្រឡង ដើម្បីធ្វើការពិនិត្យ និងកាត់បើកកញ្ចប់វិញ្ញាសាជានិមិត្តរូប និងបានថ្លែងបញ្ជាក់ទៅកាន់បេក្ខជនដោយខ្លីថា វិញ្ញាសាសម្រាប់ប្រឡងនាពេលនេះ គឺរៀបចំឡើងប្រកបដោយការប្រយ័ត្នប្រយែងខ្ពស់បំផុត ដោយទើបតែតាក់តែងរួចរាល់នៅព្រឹកថ្ងៃនេះ ហើយរូបឯកឧត្តមផ្ទាល់ជាអ្នកជ្រើសរើសចុងក្រោយ។ ដូច្នេះហើយគ្រប់យ៉ាងដែលបានអនុវត្តក្នុងថ្ងៃនេះ គឺដើម្បីធានាថាបេក្ខជនទាំងជាង២ម៉ឺននាក់នេះ មានឱកាសស្មើៗគ្នា ហើយគ្មានបុគ្គលណាម្នាក់អាចដឹងវិញ្ញាសាមុនគេនោះឡើយ។ ឯកឧត្ដម បន្ថែមថា ប្រសិនបើបេក្ខជនអស់គ្នា បានអានកម្មវិធីសិក្សារបស់ក្រសួងអប់រំ ដឹងតែជាប់ហើយ។
– ចំពោះវិញ្ញាសាសម្រាប់បេក្ខជនប្រឡង គឺសាស្ត្រាចារ្យ នៃអនុគណៈកម្មការតាក់តែងវិញ្ញាសាទាំងអស់ ត្រូវតាក់តែងផលិតវិញ្ញាសាភ្លាមៗ នៅក្នុងទីតាំងសម្ងាត់ដាច់ដោយឡែកនៃមណ្ឌលសាលាភូមិន្ទរដ្ឋបាល តាំងពីពេលព្រឹកព្រលឹម សម្រាប់ដាក់ឱ្យបេក្ខជនប្រឡងនៅពេលរសៀល។ ក្រុមការងារតាក់តែងវិញ្ញាសា ត្រូវកាត់ផ្តាច់រាល់ការទំនាក់ទំនងពីខាងក្រៅគ្រប់មធ្យោបាយទាំងអស់ ដើម្បីធានាបាននូវភាពសម្ងាត់ និងមិនឱ្យមានការបែកធ្លាយព័ត៌មានវិញ្ញាសាទៅខាងក្រៅឡើយ។
– គួរឱ្យដឹងថា ដំណើរការប្រឡងនេះ ធ្វើឡើងក្រោមការឃ្លាំមើលរាល់សកម្មភាពយ៉ាងម៉ឺងម៉ាត់តាំងពីព្រឹកព្រលឹមពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដើម្បីការពារដាច់ខាតមិនឱ្យមានការលេចធ្លាយវិញ្ញាសាឡើយ និងដើម្បីធានាបាននូវភាពសុក្រឹត៕
