ឥណ្ឌូណេស៊ី ដាក់ពង្រាយកងទ័ព និងរថពាសដែកណែនរដ្ឋធានី ត្រៀមទប់ទល់បាតុកម្មនិស្សិត

អន្តរជាតិះ – រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចដាក់ពង្រាយកម្លាំងសន្តិសុខ និងប៉ូលិសរាប់រយនាក់ ព្រមទាំងរថពាសដែកខ្វាត់ខ្វែងពេញរដ្ឋធានីហ្សាកាតា កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ដើម្បីត្រៀមស្ទាក់ផ្លូវបាតុកម្មទ្រង់ទ្រាយធំមួយរបស់ក្រុមនិស្សិត។

– ការចល័តទ័ពទាំងកំហល់នេះ ធ្វើឡើងក្រោយក្រុមយុវជនប្រកាសធ្វើបាតុកម្ម ប្រឆាំងនឹងគោលនយោបាយសេដ្ឋកិច្ចមួយចំនួនរបស់ប្រធានាធិបតីថ្មី លោក Prabowo Subianto និងការបរាជ័យរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិភ្លើងឆេះព្រៃ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមនិស្សិតមកពីសាកលវិទ្យាល័យល្បីៗក្នុងប្រទេស បានណាត់គ្នារៀបចំការតវ៉ានៅតាមចំណុចគន្លឹះសំខាន់ៗជុំវិញទីក្រុងហ្សាកាតា (Jakarta)។

– គោលបំណងចម្បងរបស់ពួកគេ គឺទាមទារឱ្យរដ្ឋាភិបាលប្រកាសអាសន្នថ្នាក់ជាតិ លើបញ្ហាភ្លើងឆេះព្រៃដែលកំពុងបំផ្លាញកោះស៊ូម៉ាត្រា (Sumatra) និងកោះបូណេអូ (Borneo) យ៉ាងធ្ងន់ធ្ងរ។ បន្ថែមលើនេះ ក្រុមបាតុករក៏បានទាមទារឱ្យផ្អាកកម្មវិធីចែកអាហារឥតគិតថ្លៃរបស់លោក Prabowo ផងដែរ ដោយពួកគេចាត់ទុកថាជាគម្រោងប្រជាភិថុតិ និងខ្ជះខ្ជាយថវិការដ្ឋ។

– យុទ្ធនាការតវ៉ានៅថ្ងៃពុធនេះ ត្រូវបានគេបំផុសចលនាយ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្ហោះភ្ជាប់ជាមួយពាក្យស្លោកមានសញ្ញា Hashtag #IndonesiaAware ទោះបីជាចំនួនបាតុករពិតប្រាកដដែលនឹងសម្រុកចុះផ្លូវនៅមិនទាន់អាចប៉ាន់ស្មានដឹងច្បាស់នៅឡើយ។

– គួររំលឹកផងដែរថា កាលពីឆ្នាំ ២០២៥ ឥណ្ឌូណេស៊ីធ្លាប់បានធ្លាក់ចូលទៅក្នុងវិបត្តិបាតុកម្មដ៏ហិង្សារាប់សប្តាហ៍ម្តងរួចមកហើយ ក្រោយសមត្ថកិច្ចបាញ់សម្លាប់អ្នករត់ម៉ូតូឌុបម្នាក់ រហូតឈានដល់មានមនុស្សស្លាប់ជាច្រើននាក់ក្នុងព្រឹត្តិការណ៍នោះ។ ដោយឡែកកាលពីខែសីហាកន្លងទៅ ក្រុមនិស្សិតក៏បានងើបឡើងបះបោរម្តងទៀត ដើម្បីប្រឆាំងនឹងការប៉ុនប៉ងកែប្រែច្បាប់បោះឆ្នោត ដែលបណ្តាលឱ្យមានការចាប់ខ្លួនមនុស្សរាប់រយនាក់៕

You might like