បន្ទាយមានជ័យ ៖- នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានរកឃើញជនសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៦១នាក់ នៅក្នុងទីតាំងសណ្ឋាគារឈ្មោះ «ប៊ែន ប៊ែន» កម្ពស់៦ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦១នាក់ ក្នុងនោះមានស្រី ១៦នាក់ ដែលមាន ៥សញ្ជាតិ រួមមាន៖ ជនជាតិចិន ៥នាក់ (ប្រុស), ជនជាតិខ្មែរ ៥នាក់ (ស្រី១នាក់), ជនជាតិឥណ្ឌូនេស៊ី ២៨នាក់ (ស្រី៣នាក់), ជនជាតិថៃ ២២នាក់ (ស្រី៩នាក់) និងជនជាតិម៉ាឡេស៊ី ១នាក់ (ប្រុស)។ ទីតាំងដែលជនសង្ស័យធ្វើសកម្មភាពមាន ៤បន្ទប់ រួមមានបន្ទប់តូច ២នៅជាន់ទី២ និង Hall ធ្វើការ ២កន្លែងទៀតនៅជាន់ទី៥ និងជាន់ទី៦។
– ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាច្រើនសម្រាប់បម្រើបទល្មើស រួមមាន៖ ម៉ាស៊ីន All in One ចំនួន ៧៩គ្រឿង, CPU ៤គ្រឿង, ទូរស័ព្ទសម្រាប់ធ្វើការ ១១៤គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន ៣៩គ្រឿង និង Monitor ១៧គ្រឿង។ ចំណែកម្ចាស់ទីតាំងឈ្មោះ ងី ចំរើន ភេទប្រុស និងឈ្មោះ នាង ស្រីនុច ភេទស្រី ពុំមានវត្តមាននៅកន្លែងកើតហេតុនោះទេ។
– បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕
