អន្តរជាតិះ – ប្រជាជនអ៊ីស្រាអែល បានចេញទៅបោះឆ្នោតយ៉ាងច្រើនក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអង្គារ ដោយអត្រាអ្នកចូលរួមកើនដល់ ៧៧.៧% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩៩ ខណៈមេដឹកនាំបក្សប្រឆាំង លោក Gadi Eisenkot បានប្រកាសថា ប្រជាជនបានបោះឆ្នោតដើម្បីការផ្លាស់ប្តូរ។ នេះបើយោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់អ៊ីស្រាអែល និងសារព័ត៌មាន Anadolu ចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– គណៈកម្មាធិការបានឱ្យដឹងថា អត្រាអ្នកចូលរួមបោះឆ្នោតនេះកើនឡើង ៧.១ ភាគរយ បើធៀបនឹងការបោះឆ្នោតសភាឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានរាយការណ៍ថា មានជួរវែងៗនៅតាមការិយាល័យបោះឆ្នោត ខណៈប្រជាជនចេញទៅបោះឆ្នោតក្នុងចំនួនដ៏ច្រើន។

– លទ្ធផលប៉ាន់ស្មាន ក្រោយបិទការិយាល័យបោះឆ្នោតបានបង្ហាញថា ប្លុកប្រឆាំងដឹកនាំដោយលោក Eisenkot មានប្រៀបលើប្លុករបស់នាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ប៉ុន្តែគ្មានប្លុកណាមួយទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាឡើយ។
– យោងតាមការប៉ាន់ស្មានរបស់ស្ថានីយទូរទស្សន៍ Channel 12 ប្លុករបស់លោក Eisenkot អាចទទួលបាន ៥២ អាសនៈ ប្លុករបស់លោក Netanyahu ទទួលបាន ៥០ អាសនៈ និងគណបក្សអារ៉ាប់ទទួលបាន ១៨ អាសនៈ ក្នុងចំណោមអាសនៈសរុប ១២០ នៅសភាអ៊ីស្រាអែល។
– ចំណែកការប៉ាន់ស្មានរបស់ Channel 13 បានផ្តល់ ៥៣ អាសនៈដល់ប្លុករបស់លោក Eisenkot ៥០ អាសនៈដល់ប្លុករបស់លោក Netanyahu និង ១៧ អាសនៈដល់គណបក្សអារ៉ាប់។ ការបង្កើតរដ្ឋាភិបាលត្រូវការសំឡេងគាំទ្រយ៉ាងហោចណាស់ ៦១ អាសនៈ។

– បន្ទាប់ពីការបោះឆ្នោតបិទបញ្ចប់ អតីតមេបញ្ជាការកងទ័ពអ៊ីស្រាអែល និងជាមេដឹកនាំគណបក្ស Yashar លោក Gadi Eisenkot បានថ្លែងទៅកាន់អ្នកគាំទ្រថា៖ «យើងបានបង្កើតប្រវត្តិសាស្ត្រ! ប្រជាជនបានបោះឆ្នោតដើម្បីការផ្លាស់ប្តូរ»។
– លោកបានបន្ថែមថា ប្រជាជនអ៊ីស្រាអែលបានបោះឆ្នោតប្រឆាំងនឹងការបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក Netanyahu ហើយលោកប្តេជ្ញាធ្វើការដើម្បីគោរពតាមឆន្ទៈរបស់ប្រជាជន និងបង្កើតរដ្ឋាភិបាលថ្មីឱ្យបានឆាប់រហ័ស។
– ទោះជាយ៉ាងណា គណបក្ស Likud របស់លោក Netanyahu នៅតែត្រូវបានព្យាករណ៍ថា ជាគណបក្សតែមួយដែលទទួលបានអាសនៈច្រើនជាងគេក្នុងសភា។
– ការរាប់សន្លឹកឆ្នោតបានចាប់ផ្តើម បន្ទាប់ពីការិយាល័យបោះឆ្នោតបានបិទ នៅម៉ោង ១០ យប់ តាមម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៣ទៀបភ្លឺ នៅកម្ពុជា។ គួរបញ្ជាក់ថា លទ្ធផលប៉ាន់ស្មានក្រោយបិទការិយាល័យបោះឆ្នោតមិនមែនជាលទ្ធផលផ្លូវការនោះទេ៕
