មេបក្សប្រឆាំង អ៊ីស្រាអែល ទាមទារឱ្យស៊ើបអង្កេតលើលោក ណេតាន់យ៉ាហ៊ូ ពីបទក្បត់ជាតិ

អន្តរជាតិះ – មេដឹកនាំគណបក្សប្រឆាំងអ៊ីស្រាអែល លោក Avigdor Lieberman កាលពីថ្ងៃទី២៦ ខែតុលា បានទាមទារឱ្យមានការស៊ើបអង្កេតព្រហ្មទណ្ឌ ទៅលើនាយករដ្ឋមន្ត្រី ​បេន​ចាមីន​ ណេតាន់​យ៉ាហ៊ូ ពីបទសង្ស័យក្បត់ជាតិ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Anadolu កាលពីថ្ងៃ ទី២៦ ខែតុលា។

– ប្រមុខដឹកនាំបក្សប្រឆាំងរូបនេះ បានចោទប្រកាន់នាយករដ្ឋមន្ត្រី ថា កំពុងតែព្យាយាមអូសទាញអ៊ីស្រាអែល ឱ្យធ្លាក់ចូលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដើម្បីគេចវេសពីការបរាជ័យនៅក្នុងការបោះឆ្នោតសកល នាថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– បើយោងទៅតាមការចុះផ្សាយរបស់ទូរទស្សន៍សាធារណៈអ៊ីស្រាអែល KAN បានឱ្យដឹងបន្ថែមថា លោក Lieberman ដែលជាមេដឹកនាំគណបក្សស្តាំនិយម Yisrael Beiteinu បានធ្វើការស្នើសុំជាផ្លូវការទៅកាន់អគ្គព្រះរាជអាជ្ញា លោកស្រី Gali Baharav-Miara រួចរាល់ទៅហើយ។

– នៅក្នុងលិខិតដដែលនោះ លោក Lieberman បានលើកឡើងថា លោក ណេតាន់​យ៉ាហ៊ូ បានសង្កត់ធ្ងន់លើមន្ត្រីសន្តិសុខជាន់ខ្ពស់ក្នុងរយៈពេលមួយខែកន្លងមកនេះ ឱ្យចាត់វិធានការនានា ដែលអាចបង្កឱ្យមានការប្រឈមមុខ ឬមួយប៉ះទង្គិចគ្នាផ្នែកយោធាជាមួយអ៊ីរ៉ង់។ ជាពិសេស ការព្យាយាមអូសទាញរដ្ឋអ៊ីស្រាអែល ឱ្យធ្លាក់ចូលក្នុងសង្គ្រាមនៅមុនថ្ងៃបោះឆ្នោត ដោយសារតែភ័យខ្លាចការបរាជ័យនៅថ្ងៃបោះឆ្នោត គឺទង្វើក្បត់ជាតិ សន្តិសុខជាតិ និងកងទ័ព។

– លោកក៏បានសង្កត់ធ្ងន់បន្ថែមនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុ 103FM ថា លោក ណេតាន់​យ៉ាហ៊ូ កំពុងក្បត់ជាតិយ៉ាងច្បាស់ក្រឡែត។

– ការចោទប្រកាន់នេះកើតឡើង ចំពេលដែលការបោះឆ្នោតសកលរបស់អ៊ីស្រាអែល នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះ ស្របពេលមានភាពតានតឹងខ្លាំងជាមួយអ៊ីរ៉ង់។ កាលពីថ្ងៃអាទិត្យ លោក ណេតាន់​យ៉ាហ៊ូ អះអាង ដោយផ្អែមតាមប្រភពស៊ើបការណ៍សម្ងាត់ អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់ អាចនឹងបើកការវាយប្រហារក្នុងគោលបំណងរំខានដល់ការបោះឆ្នោតអ៊ីស្រាអែល ហើយលោកបានព្រមានទីក្រុងតេហេរ៉ង់ថា នឹងត្រូវប្រឈមមុខនឹងការវាយបកផ្នែកយោធាយ៉ាងធ្ងន់ធ្ងរ។

– គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ តុលា លោក Lieberman ក៏ធ្លាប់បានចោទលោកថា បានត្រៀមលក្ខណៈធ្វើសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ហាម៉ាស់ ឬហេសបូឡា ដើម្បីរក្សាអំណាចរបស់ខ្លួន។

– ក្រោយមកនៅថ្ងៃទី១៨ តុលា លោក ណេតាន់​យ៉ាហ៊ូ បានដាក់ចេញនូវគោលនយោបាយសន្តិសុខជាតិថ្មីមួយ ដោយកំណត់យកការផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ ជាគោលដៅយុទ្ធសាស្ត្រ និងសង្កត់ធ្ងន់លើប្រតិបត្តិការយោធាមុនគេ ដែលធ្វើឱ្យភាពតានតឹងរវាងប្រទេសទាំងពីរបន្តកើនឡើងកាន់តែខ្លាំង៕

 

 

You might like