អន្តរជាតិះ – សមាជិកព្រឹទ្ធសភាប្រេស៊ីល Flávio Bolsonaro ដែលជាកូនប្រុសច្បងរបស់អតីតប្រធានាធិបតី Jair Bolsonaro បានរត់ភៀសខ្លួន ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីចាញ់ការបោះឆ្នោតប្រធានាធិបតីជុំផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ក្រោមដៃប្រធានាធិបតីបច្ចុប្បន្ន លោក Luiz Inácio Lula da Silva ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បញ្ជាក់ថា រដ្ឋបាលរបស់លោក Donald Trump នឹងចេញទិដ្ឋាការជូនលោក Flávio និងគ្រួសារ ដែលផ្តល់សិទ្ធិឱ្យពួកគេ ចូលអាមេរិកដោយស្របច្បាប់ ចំពេលនៅប្រេស៊ីល ឯណោះ កំពុងធ្លាក់ចូលវិបត្តិធ្ងន់ធ្ងរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យ៉ាងណា បើតាមការផ្សាយរបស់ BBC នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ដែលដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ប្រេស៊ីល លោក Flávio មិនបានចាកចេញតាមច្រកផ្លូវការណាមួយឡើយ ពោលគឺលោកបានហោះចេញដោយសម្ងាត់ជាមួយភរិយា និងកូនស្រីពីរនាក់ ឆ្ពោះទៅកាន់រដ្ឋ Florida។

– ជុំវិញរឿងនេះដែរ បើតាមការផ្សាយរបស់ Al Jazeera, សម្ព័ន្ធមិត្តស្និទ្ធនឹងអ្នកនយោបាយអភិរក្សនិយមរូបនេះ បានកត់សម្គាល់ថា លោកមានផែនការ ស្នើសុំសិទ្ធិជ្រកកោននយោបាយជាផ្លូវការតែម្តង នៅក្នុងសហរដ្ឋអាមេរិក។
– ការចាកចេញយ៉ាងតក់ក្រហល់របស់ Flávio កើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការកំពូលប្រេស៊ីល បង្គាប់ឱ្យរូបលោក ប្រគល់លិខិតឆ្លងដែន ដែលដីកានេះ គឺត្រូវបានភ្ជាប់ទៅនឹងការស៊ើបអង្កេតសហព័ន្ធដែលកំពុងបន្ត លើការចោទប្រកាន់ពីបទលាងលុយកខ្វក់ អំពើពុករលួយ និងការគេចពន្ធ ហើយដោយសារតែលោកខកខានប្រគល់ឯកសារ ក្នុងរយៈពេលកំណត់ ២៤ម៉ោង ទើបអាជ្ញាធរសហព័ន្ធ លុបចោលលិខិតឆ្លងដែនរបស់លោក តែម្តងទៅ។
– ទង្វើរបស់លោក Flávio បានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រធានាធិបតីជាប់ឆ្នោត Luiz Inácio Lula da Silva ដោយហៅសកម្មភាពនេះថា «ជារឿងគួរឱ្យអាម៉ាស់» និងចោទប្រកាន់គ្រួសារលោក Flávio ថា រត់ទៅរកអាមេរិកឱ្យជួយចូលជ្រៀតជ្រែក ក្នុងកិច្ចការប្រេស៊ីល ដោយយកអាមេរិក ធំជាងប្រទេសខ្លួនឯងទៅទៀត។
– យោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយ គណៈកម្មការរៀបចំការបោះឆ្នោតប្រេស៊ីល កាលពីថ្ងៃទី២៦ ខែតុលា, លោក Lula da Silva បានទទួលជ័យជម្នះ ដោយរកបានសំឡេងឆ្នោត ៥១.៧៩% (ស្មើនឹង ៦៤ ២៥៦ ២៣២ សំឡេង) ធៀបនឹងលោក Flávio Bolsonaro ដែលទទួលបាន ៤៨.២១% (ស្មើនឹង ៥៩ ៨២៦ ០៤១ សំឡេង)។
– យ៉ាងណា ជុំវិញការបោះឆ្នោតនេះ ប្រធានាធិបតីអាមេរិក ក៏បង្ហាញការសង្ស័យផងដែរ ដោយចេញមុខនិយាយជាសាធារណៈថា៖ វាមើលទៅដូចជាការបោះឆ្នោតក្លែងបន្លំ៕

