រោងចក្រស៊ីម៉ងត៍ ក្រោម​ទុន​វិនិយោគ​ប្រមាណ ៣៥០ លាន​ដុល្លារ នៅខេត្តក្រចេះ សាងសង់​សម្រេច​បាន​ ៨០% គ្រោង​ដំណើរការ​ដើមឆ្នាំ ២០២៧

ក្រចេះ – រោងចក្រស៊ីម៉ងត៍នៅខេត្តក្រចេះ គ្រោងនឹងបើកដំណើរការ​នៅដើមឆ្នាំ ២០២៧ ដែល​ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋជាង ៤០០កន្លែង។

– តំណាងឲ្យក្រុមហ៊ុន ខេ ភី ស៊ីមេន អ៊ិនដាសស្ទ្រី បានបញ្ជាក់ថា រោងចក្រផលិតស៊ីម៉ង់នេះ បានចាប់ផ្ដើមសាងសង់នៅខែឧសភា ឆ្នាំ២០២៥ ហើយមកទល់ពេលនេះ ក្រុមហ៊ុនបានដំណើរការសាងសង់សម្រេចបាន ៨០% ហើយ និងចាប់ផ្ដើមដំណើរការផលិតស៊ីម៉ង់ត៍ម៉ាក ស៊ី ខេម ស៊ី ម៉ិន (CECAM CEMENT) ហើយនាំយកលក់នៅលើទីផ្សារនៅខែមីនា ឆ្នាំ២០២៧។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ខេ ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក មានទីតាំងនៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។

– រោងចក្រផលិតស៊ីម៉ង់ ម៉ាក CECAM CEMENT មានទុនវិនិយោគប្រមាណជាង ៣៥០ លានដុល្លារអាមេរិក ដោយមានហេដ្ឋារចនាសម្ព័ន្ធកសាងដោយក្រុមហ៊ុនផ្ទាល់ មានផ្លូវក្រាលកៅស៊ូទទឹង ៦ ម៉ែត្រ ប្រវែង ៨០ គីឡូម៉ែត្រ ឆ្ពោះទៅកំពង់ផែពហុបំណង ១កន្លែង នៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដើម្បីដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ។

– តាមរយៈខ្សែសង្វាក់ផលិតកម្ម រោងចក្រស៊ីម៉ងត៍ ក្រោយសម្រេចរួចរាល់នឹងបង្កើតការងារជូនប្រជាពលរដ្ឋបានជាង ៤០០កន្លែង នៅក្នុងខេត្តក្រចេះ ក៏ដូចជា ខេត្តប៉ែកឦសាន្តដោយការផលិតស៊ីម៉ង់ត៍ម៉ាក CECAM CEMENT ចំនួនកំណត់ប្រមាណជា ១,៨លានតោន ក្នុងមួយឆ្នាំ។

– លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅក្នុងដំណើរអញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់រោងចក្រ បានកោតសរសើរ និងគាំទ្រនូវគម្រោងផែនការ ដោយជម្រុញនិងសំដៅធ្វើការកែប្រែ អភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ប៉ែកឦសាន្ត ជាពិសេសផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋយ៉ាងច្រើន។

– អភិបាលខេត្តក្រចេះ បានណែនាំឲ្យតំណាងក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់លើជីវភាពសុខភាពរបស់កម្មករ និយោជិត ពិសេសសាលារៀនកូនកម្មករ រៀនសូត្រ និងវត្តអារ៉ាមសម្រាប់ការគោរពបូជាតាមទំនៀមទម្លាប់សាសនារបស់បងប្អូនកម្មករ និយោជិតរួម និងទីតាំង ដោះដូរ ការហូបចុក ផងដែរ៕

You might like