អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ដុល្លារ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្តីសង្ឃឹមថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចឈានទៅរកដំណោះស្រាយ បានជួយកាត់បន្ថយកង្វល់ផ្នែកផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ យ៉ាងណាមិញ តម្លៃប្រេង Brent នៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតកន្លះឆ្នាំ ៦ ចំពេលភាពតានតឹងនៅតែបន្ត។
– តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,១៤ ដុល្លារ ឬ ០,៩៨% មកនៅត្រឹម ១១៤,៧ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ០,៩០ ដុល្លារ ឬ ០,៨៨% មកនៅត្រឹម ១០០,៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ ព្រឹក នៅទីក្រុងហុងកុង ថ្ងៃអង្គារ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការធ្លាក់ចុះនេះ កើតឡើងក្រោយមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់។ កាលពីថ្ងៃចន្ទ អារ៉ាប៊ីសាអូឌីត តួកគី និងប៉ាគីស្ថាន បានជួបពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់នៅទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងបង្កើតបណ្តាញចរចា និងទប់ស្កាត់ការកើនឡើងនៃជម្លោះយោធាជាថ្មី។

– ប្រទេសទាំង ៤ បានព្រមព្រៀងបន្តកិច្ចពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិភាព និងសន្តិសុខ។ ដំណឹងនេះបានជួយបន្ធូរបន្ថយក្តីបារម្ភរបស់ទីផ្សារអំពីការរំខានផ្នែកផ្គត់ផ្គង់ប្រេង និងដាក់សម្ពាធឱ្យតម្លៃប្រេងធ្លាក់ចុះ។
– យ៉ាងណាមិញ ការធ្លាក់ចុះតម្លៃប្រេងនៅតែមានកម្រិត ដោយសារស្ថានការណ៍សន្តិសុខនៅតែមានភាពមិនច្បាស់លាស់។ ក្រុមឧទ្ទាមហ៊ូធី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានបន្តការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិត និងនាំចេញប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក។ ការវាយប្រហារទាំងនេះបានធ្វើឱ្យទីផ្សារបារម្ភថា ការផ្គត់ផ្គង់ប្រេងអាចរងផលប៉ះពាល់បន្ថែមទៀត។
– ចំណែកស្ថានការណ៍នៅច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេង ១/៥ នៃតម្រូវការពិភពលោក ក៏នៅតែជាកត្តាហានិភ័យធំមួយផងដែរ។ ទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវ Washington Institute for Near East Policy ដែលតាមដានសន្តិសុខដែនសមុទ្រចាប់តាំងពីឆ្នាំ ២០១៧ មកនោះ បានបង្ហាញថា ខែតុលា ឆ្នាំ គឺជាខែដែលមានការវាយប្រហារលើនាវាពាណិជ្ជកម្មច្រើនបំផុតនៅច្រកសមុទ្រហ័រមូហ្ស និងដែនទឹកជុំវិញ។
– កាលពីសប្ដាហ៍មុន តម្លៃប្រេង Brent បានហក់ឡើងលើស ១១៧ ដុល្លារ/បារ៉ែល បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់លើនាវាដឹកប្រេងនៅជិតច្រកសមុទ្រនេះ។
– ប៉ុន្តែទីផ្សារក៏មើលទៅលើការផ្គត់ផ្គង់ពីរុស្ស៊ីផងដែរ។ រោងចក្រចម្រាញ់ប្រេងរុស្ស៊ី កំពុងបង្កើនការផលិតប្រេងម៉ាស៊ូតក្នុងខែតុលា បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឱ្យមានកូតានាំចេញប្រេងឥន្ធនៈ។ ប្រភពពីក្នុងវិស័យ ២ នាក់បានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើងក្រោយមានកិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក៕

