UN អះ​អាង​ថា រុស្ស៊ី ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​​ប្រឆាំង​មនុស្សជាតិ ​ដោយ​កំណត់គោលដៅ​ ​លើជនស៊ីវិល​អ៊ុយក្រែន​ ​

អន្តរជាតិះ – ស្រប​ពេល​ មាន​​ការ​វាយប្រហារ​ឥត​ឈប់​ពី​សំណាក់​រុស្ស៊ី​ មក​លើ​អ៊ុយក្រែន​ ដោយ​មិន​រើស​គោល​ដៅ កាល​ពីថ្ងៃចន្ទ​ ទី​២៦ ខែ​តុលា គណៈ​កម្មា​ធិការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​របស់​អង្គការសហប្រជាជាតិ (UN) បានលើកឡើង​ថា ប្រទេសរុស្ស៊ី​ កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​សង្គ្រាម និងឧក្រិដ្ឋ​កម្មប្រឆាំង​មនុស្ស​ជាតិ តាម​រយៈ​ការវាយ​ប្រហារដោយ​ចេតនា​ ទៅ​លើហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល រួមទាំងប្រព័ន្ធ​ថាមពល​ដ៏សំខាន់ៗ​ ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះបើយោង​តាមការចុះ​ផ្សាយ​របស់​សារព័ត៌មាន​​ CNN។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កង​កម្លាំង​រុស្ស៊ី​បាន​កំណត់គោល​ដៅវាយ​ប្រហារ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ថាមពល​អ៊ុយក្រែន ចាប់​តាំង​ពីខែដំបូងៗ​នៃ​សង្គ្រាម​​ឆ្នាំ២០២២ ​មកម្ល៉េះ ហើយបង្កើន​ការវាយ​ប្រហារ​ទាំងនោះ​យ៉ាងខ្លាំង​​ នាដើម​រដូវ​រងា​ឆ្នាំមុន បណ្តាល​​ឱ្យ​ប្រជាជនអ៊ុយ​ក្រែនរាប់​លាន​នាក់​ត្រូវ​រងទុក្ខ​វេទនា​ដោយសារ​ភាពត្រជាក់ និង​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​។

– របាយការណ៍​ថ្មីមួយ ដែលបានចេញ​ផ្សាយ​កាលពីថ្ងៃ​ចន្ទ ដោយ​គណៈ​កម្មាធិការ​ស៊ើបអង្កេត​អន្តរជាតិឯករាជ្យ​ស្តីពី​អ៊ុយក្រែន​ បានបញ្ជាក់ថា ការវាយ​ប្រហារ​ទាំងនោះ​ត្រូវ​បាន​ធ្វើឡើង​ដោយចេតនា និង​ស្របទៅនឹងគោល​នយោ​បាយ​រដ្ឋ​របស់រុស្ស៊ី ក្នុង​គោលបំណង​កាត់ផ្តាច់ថាមពល​ចាំបាច់​​​​ពី​ប្រជាជន​ស៊ីវិល ដើម្បី​បង្កឱ្យពួកគេ​រងទុក្ខវេទ​នា។​

– របាយ​ការណ៍នេះ ដែលកំពុង​ត្រូវ​បាន​ដាក់​ជូន​មហាសន្និបាត​អង្គការសហប្រជា​ជាតិ បានលើក​ឡើង​ថា៖ «​មេបញ្ជាការ​រុស្ស៊ី​ ​​បញ្ជា​ឱ្យ​ធ្វើការវាយ​ប្រហារ​ទាំងនោះ​ ដោយ​ដឹងថា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​កម្ដៅ​ដែល​​ពួកគេ​កំណត់​គោលដៅ​ គឺពិត​ជាចាំបាច់​បំផុត​ សម្រាប់ជន​ស៊ីវិល ជាពិសេស​ក្នុង​រដូវ​រងា»។​

– CNN ក៏បាន​ទាក់ទងទៅ​កាន់វិមានក្រឹមឡាំង​ ដើម្បីសុំ​ការ​អត្ថាធិប្បាយ ផងដែរ។

– ជុំ​វិញ​បញ្ហា​នេះ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយក្រែន លោក Andrii Sybiha ​​បានថ្លែងថា​៖​ «របាយការណ៍​នេះបញ្ជាក់​ថា​ប្រជាជនអ៊ុយក្រែន​ ជួប​ប្រទះ​​អស់​​ច្រើនឆ្នាំ​មកហើយ នោះ​គឺការវាយប្រហារ​ជាប្រព័ន្ធ​របស់រុស្ស៊ី​ ទៅលើហេ​ដ្ឋារចនា​សម្ព័ន្ធថាមពល​របស់​ជនស៊ីវិល គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម និងឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​»។

– ក្នុង​សារមួយ​បង្ហោះ​លើបណ្តាញ​សង្គម X លោក Sybiha បានបន្ត​ថា៖ «រុស្ស៊ី ​ដកហូត​អគ្គិសនី កម្ដៅ និងទឹក ពី​មនុស្សរាប់​លាននាក់​ដោយចេតនា ​​ប្រែក្លាយ​ភាពត្រជាក់ និង​ភាព​ងងឹត ឱ្យ​ទៅជាឧបករណ៍​សង្គ្រាម​»។

– យោង​តាម​ទីក្រុង​កៀវ ការវាយ​ប្រហារទ្រង់ទ្រាយធំ​ដោយ​ដ្រូន និង​មីស៊ីល​របស់រុស្ស៊ី​ កាលពី​រដូវរងាមុន បានធ្វើឱ្យ​សមត្ថភាព​ផលិត​ថាមពលអគ្គិស​នី​​ តាម​រយៈកម្ដៅ​របស់អ៊ុយក្រែន​ថយចុះ ៧០ភាគរយ ក្នុងតំបន់​​ ដោយ​រង​ផលប៉ះពាល់​ខ្លាំងបំផុត​។

– គណៈ​​កម្មការ​​នេះ​ត្រូវ​បាន​បង្កើតឡើង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់ UN ត្រឹមតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ បន្ទាប់​ពីរុស្ស៊ី​​ បើក​ការឈ្លានពាន​ទ្រង់ទ្រាយធំ​លើអ៊ុយក្រែន កាលពី​ខែកុម្ភៈ ឆ្នាំ២០២២។

– កន្លង​មក គណៈកម្មការ​ UN ក៏​បានចេញរបាយការណ៍​អំពី​ទិដ្ឋភាព​ផ្សេង​ទៀតនៃ​សង្គ្រាមរបស់រុស្ស៊ី​ ប្រឆាំងនឹង​អ៊ុយក្រែន ផងដែរ រួមទាំង​ការចោទ​ប្រកាន់​​អំពើ​ហិង្សា​ផ្លូវភេទ និងយេន​ឌ័រ​ ដែលត្រូវ​បាន​ប្រព្រឹត្តដោយ​កង​កម្លាំងប្រដាប់​អាវុធរុស្ស៊ី ព្រម​ទាំងករណីអាជ្ញាធររុស្ស៊ី​ បង្ខំឱ្យកុមារអ៊ុយ​ក្រែន​ ចាកចេញពីទឹកដី​កំណើត​ទ្រង់ទ្រាយ​ធំ​ទៀត​ផង​៕

You might like