អន្តរជាតិះ – ស្របពេលភាពតានតឹងផ្នែកនយោបាយ និងសង្គ្រាមកំពុងកើតមានសឹងគ្រប់ជ្រុងនៃពិភពលោក, ទូរទស្សន៍ Fox News បានចេញផ្សាយនូវព័ត៌មានមួយ ដែលបង្ហាញថា សហរដ្ឋអាមេរិក កំពុងតែត្រៀមខ្លួនសម្រាប់ «សង្គ្រាមទ្រង់ទ្រាយធំ» ហើយ។
– យោងតាម Fox News កាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រសួងសង្គ្រាមអាមេរិក បានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រ «FORTRESS» ដើម្បីត្រៀមខ្លួនសម្រាប់រឿងនោះ ជាមួយការធានាខ្លួនឯងឱ្យឈរជើងបានយ៉ាងពេញលេញ រយៈពេល ៩០ ថ្ងៃ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមពិតទៅ យុទ្ធសាស្ត្រនេះ ត្រូវបានប្រកាសដាក់ចេញជាលើកដំបូង ដោយរដ្ឋមន្ត្រីសង្គ្រាម Pete Hegseth តាំងពីថ្ងៃទី៣០ ខែកញ្ញា មកម្ល៉េះ ជាមួយគោលដៅរៀបចំមូលដ្ឋានយោធាធំៗ របស់អាមេរិក ឱ្យមានសមត្ថភាពប្រតិបត្តិការ ដោយឯករាជ្យយ៉ាងហោចណាស់ ៩០ ថ្ងៃ ក្នុងករណីសង្គ្រាមទ្រង់ទ្រាយធំបានកាត់ផ្តាច់បណ្តាញអគ្គិសនីជាតិ ធ្វើឱ្យប្រព័ន្ធទឹកលែងដំណើរការ ឬបង្កឱ្យមានការបាក់រលំនៃខ្សែចង្វាក់ផ្គត់ផ្គង់សកល។
– យោងតាមលោក Hegseth, សម្រាប់ជម្លោះនាពេលអនាគត! គូសត្រូវនឹងតម្រង់ទិសដៅ វាយប្រហារលើបណ្តាញក្នុងស្រុក ដែលមានន័យថា យោធាលែងអាចពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលងាយរងគ្រោះទៀតហើយ។
– យោងតាមឯកសាររៀបចំផែនការ របស់ក្រសួង, យុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងជាមួយសសរស្តម្ភចំនួន ៥ ដូចជា៖
១. ឯករាជ្យភាពថាមពល
កងទ័ពអាមេរិក ត្រូវបំពាក់ដោយបណ្តាញអគ្គិសនីខ្នាតតូច, ប្រព័ន្ធរក្សាទុកថាមពលអាគុយខ្នាតធំ និងរ៉េអាទ័រនុយក្លេអ៊ែរចល័ត ដើម្បីឱ្យមូលដ្ឋានយោធា អាចផ្តាច់ខ្លួនចេញទាំងស្រុងពីបណ្តាញអគ្គិសនីស៊ីវិល អំឡុងពេលមានការកាត់ផ្តាច់ចរន្តអូសបន្លាយពេលយូរ។
២. ភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់
ទាមទារឱ្យមានការផ្គត់ផ្គង់ ឬផលិតកម្មដាច់ដោយឡែកពីគ្នា សម្រាប់រាល់សមាសធាតុការពារជាតិសំខាន់ៗ ដើម្បីការពារកុំឱ្យបរាជ័យត្រង់ចំណុចខ្សោយណាមួយ។
៣. ទុនបម្រុងការពារជាតិយុទ្ធសាស្ត្រ
កងទ័ពត្រូវស្តុកទុកធនធានបម្រុងឯករាជ្យ យ៉ាងសន្ធឹកសន្ធាប់ ដូចជាគ្រាប់រំសេវ, ប្រេងឥន្ធនៈ, រ៉ែសំខាន់ៗ, ឧបករណ៍អេឡិចត្រូនិក, គ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ និងគ្រឿងបន្លាស់ផ្សេងៗ។
៤. ការកៀរគរឧស្សាហកម្មសម័យសង្គ្រាម
អាមេរិក នឹងរៀបចំរោងចក្រពាណិជ្ជកម្មស៊ីវិល (ដូចជាក្រុមហ៊ុនផលិតរថយន្តធំៗ) ឱ្យប្រែក្លាយយ៉ាងឆាប់រហ័សទៅជាកន្លែងផលិតអាវុធ និងគ្រឿងយោធាវិញ ក្នុងស្ថានភាពអាសន្ន។
៥. សន្តិសុខអវកាស អ៊ីនធឺណិត និងវិសាលគម
អភិវឌ្ឍបច្ចេកវិទ្យាតបត ដើម្បីរក្សាខ្សែទំនាក់ទំនង និងប្រព័ន្ធនាំផ្លូវឱ្យបើកចំហ ទោះបីជាមានការរំខានសញ្ញា GPS ធ្ងន់ធ្ងរ ឬការរំខានប្រព័ន្ធផ្អែកលើអវកាសក៏ដោយ។
យ៉ាងណា ផែនការនេះ ត្រូវបានរៀបចំឡើង សម្រាប់តែក្នុងករណីអាមេរិក អស់ជម្រើសប៉ុណ្ណោះ ចំពេលស្ថានភាពនយោបាយ និងសន្តិសុខសកល ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា កំពុងតានតឹងខ្លាំង៕
