អារ៉ាប៊ីសាអូឌីតគ្រោងស្តុកប្រេងឆៅនៅ​សិង្ហបុរី ចាប់ពី​ឆ្នាំក្រោយ ដើម្បីពង្រឹងការចែកចាយនៅអាស៊ីអាគ្នេយ៍

អន្តរជាតិះ – អារ៉ាប៊ីសាអូឌីតគ្រោងចាប់ផ្ដើមស្តុកប្រេងឆៅនៅប្រទេសសិង្ហបុរី ចាប់ពីឆមាសទី ២ ឆ្នាំ ២០២៧ តទៅដើម្បីពង្រឹងភាពធន់នៃខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ប្រេងនៅអាស៊ីអាគ្នេយ៍ និងជួយធានាសន្តិសុខថាមពលក្នុងតំបន់។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងថាមពល ពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Tan See Leng ​នៅថ្ងៃចន្ទនេះ​ និងចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

– លោក Tan បានថ្លែង​ក្នុងសន្និសីទ Singapore International Energy Week ​យ៉ាងដូច្នេះថា៖ «​អារ៉ាប៊ីសាអូឌីត និងសិង្ហបុរី ​គ្រោង​ប្រកាសពីចេតនារួមក្នុងការបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីស្តុកប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតនៅមជ្ឈមណ្ឌលស្តុកប្រេងក្រោមដី Jurong Rock Caverns ចាប់ពី​ឆមាសទី ២ នៃឆ្នាំ ២០២៧»។

– លោកបានបន្ថែមថា៖ «កិច្ចព្រមព្រៀងនេះនឹងពង្រឹងភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតនៅអាស៊ីអាគ្នេយ៍ ព្រមទាំងរួមចំណែកដល់សន្តិសុខ និងភាពធន់នៃប្រព័ន្ធថាមពលរបស់សិង្ហបុរី ក្នុងករណីមានការរំខានដល់ការផ្គត់ផ្គង់»។

– តាមការបញ្ជាក់របស់លោក Tan ក្រុមហ៊ុនប្រេងរដ្ឋ Saudi Aramco នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយអាជ្ញាធរទីផ្សារថាមពលសិង្ហបុរី (EMA) និងសាជីវកម្ម JTC នៅថ្ងៃចន្ទនេះ ដោយភាគីទាំង២ រំពឹងថានឹងអាចបញ្ចប់ការចរចាក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

– គួរកត់សម្គាល់ថា សេចក្ដីរាយការណ៍ពីបញ្ហានេះ កើតឡើងខណៈ​សង្គ្រាមអាមេរិក-អ៊ីរ៉ង់ បានបង្កក្ដីបារម្ភអំពីវិបត្តិថាមពលសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកខ្លាំងលើការផ្កត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា។

– ​យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ប្រមាណ ៦០% នៃការនាំចូលប្រេងឆៅរបស់អាស៊ីអាគ្នេយ៍​មានប្រភពពីមជ្ឈិមបូព៌ា មុនជម្លោះផ្ទុះឡើងនៅចុងខែកុម្ភៈ។ ការពឹងផ្អែកខ្ពស់​បែបនេះ ធ្វើឱ្យប្រទេសក្នុងតំបន់ងាយរងផលប៉ះពាល់ពីការរំខាននៃការផ្គត់ផ្គង់ និងការឡើងថ្លៃប្រេង៕

 

You might like