កសិករខេត្ត​បាត់ដំបង​អះអាងថា ដីមួយហិកតា​ ដាំម្នាស់​អាច​រកចំណូល​បានចន្លោះ​ពី​ ៧ ពាន់ដល់ ១ មុឺនដុល្លារ

បាត់ដំបងះ – កសិករដាំម្នាស់ទឹកឃ្មុំនៅក្នុងស្រុករុក្ខគីរី បានអះអាង​ថា ម្នាស់ទឹកឃ្មុំនៅតែរក្សាទីផ្សារបានល្អ ​និងអាចបង្កើតចំណូលទ្រទ្រង់ជីវភាពគ្រួសារ​បាន​យ៉ាងល្អ​ប្រសើរ​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ឡា ម៉ៅ កសិករដាំម្នាស់​ទឹកឃ្មុំ នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានឲ្យដឹងថា លោក​ដាំម្នាស់ទឹកឃ្មុំមកដល់ពេលនេះ​ជិត ២០ ឆ្នាំ មិនដែលបោះបង់នោះទេ ព្រោះជាជង្រុកសេដ្ឋកិច្ចគ្រួសារ។

– លោកថា កម្រិតជីវភាពគ្រួសាររបស់​លោកពីមួយឆ្នាំទៅមួយឆ្នាំ​កាន់តែ​​ល្អ​ប្រសើរ​ ខណៈ​​ការ​ដាំដុះ​ម្នាស់​ទទួលបាន​ទិន្នផល​ខ្ពស់តាមការរំពឹងទុក។

– លោក ឡា ម៉ៅ អះអាងថា ផ្អែក​តាមបទពិសោធន៍របស់លោក ការដាំដំណាំម្នាស់ទឹកឃ្មុំនេះ​ក៏​មិនងាយស្រួលនោះដែរ ហើយ​ត្រូវ​ការភាព​អត់ធ្មត់​ព្យាយាម និង​ត្រូវការពេលវេលានិងទុនក្នុងការចំណាយមើលថែ ព្រោះដើមម្នាស់មានរោគដូចជា រួញក្រហម ស្លឹក​អត់លូតលាស់ជាដើម ហើយ​បើ​មើល​ថែមិន​ដិតដល់ ក៏​មិន​បានផលនោះ​ដែរ។

– តាមរយៈ​បទពិសោធន៍ដាំដុះជាច្រើន​ឆ្នាំ លោក​ ឡា ម៉ៅ យល់ដឹង​បានច្រើន​ពី​ការ​ដាំដុះម្នាស់​ដែល​​ហុច​ផលបានល្អ ដើម្បីអាច​រក​ចំណូល​ទ្រទ្រង់ជីវភាគ្រួសារ។

– លោក ឡា ម៉ៅ ​ចែករំលែកពី​បច្ចេកទេស​ដោយ​ចាប់ផ្តើមដំណាក់​កាល​ដំបូង​ពី​ការ​ធ្វើ​ដីដែលត្រូវ​ចាប់ភ្ជួរ ៣ ទៅ ៤ លើក ចាប់​ពីខែមករា និង​ចាប់​ផ្តើមដាំនៅ​ក្នុងអំឡុង​ខែកុម្ភ:។

– លោកថា ដើម្បីឲ្យផ្លែម្នាស់ចេញផ្លែ​បានល្អនិងស្រុះគ្នា លោកក៏​ប្រើប្រាស់​បច្ចេកទេស​បាច​ថ្មស្អុយបន្ថែម​ដើម្បីបញ្ជាឆាប់បាន​ផល តែក៏​​មិន​បង្កផល​ប៉ះពាល់ដល់​សុខភាព និង​គុណភាព​នោះទេ។

– លោក ឡា ម៉ៅ បាន​បញ្ជាក់​ថា ការ​ដាំម្នាស់​ក្នុងដី​ ១ ហិកតា អាចរកចំណូលបានចន្លោះពី ៧ ពាន់ដល់ ១ មុឺនដុល្លារ ខណះដែលទីផ្សារម្នាស់ទឹកឃ្មុំនៅតែរក្សាទីផ្សារ​បានល្អ​។

– លោក ឡា ម៉ៅ បានប្រាប់​ការចំណាយ ការ​ដំណាំម្នាស់នៅលើផ្ទៃដីមួយហិកតា ត្រូវការចំណាយប្រាក់អស់ ៣ ០០០ ដុល្លារ​ តែដល់ពេលប្រមូលមកវិញ លោកបានចំណូលចន្លោះពី ៦០០០ ទៅ​ ៧០០០ដុល្លារ ឬអាចឈានដល់ ១ ម៉ឺនដុល្លារក៏មាន​។

– ស្រុករុក្ខគីរីមានឃុំ​ចំនួ​ន​ពីរ គឺឃុំព្រែកជីក និងឃុំបាសាក់ ដែល​ដីអំណោយផលសម្រាប់ដាំម្នាស់ ហើយ​មានប្រជាលរដ្ឋជា​ច្រើនគ្រួសារដាំដំណាំម្នាស់ ខណៈ​កសិករខ្លះដាំខ្លួនឯងផង ប្រមូលទិញពីកសិករផ្សេង​ផង ដើម្បី​នាំចេញទៅកាន់ទីផ្សារតាមបណ្តាខេត្តនានា ជា​ពិសេសនៅខាងភ្នំពេញនិងខេត្តសៀមរាម៕

You might like