ជើង​ខ្លាំងគុន​ខ្មែរ ៣ រូប​នេះឈរ​លេខ ១ ប្រចាំ​ទម្ងន់របស់​ខ្លួន​ក្នុង​ឆ្នាំ ២០២៦

កីឡាះ – កីឡាករប្រដាល់គុនខ្មែរ ៣ រូប អាចត្រូវបានចាត់ទុកជាកីឡាករលំដាប់កំពូលតាមប្រភេទទម្ងន់រៀងៗខ្លួន ដោយផ្អែកលើសមិទ្ធផល សមត្ថភាព កេរ្តិ៍ឈ្មោះ និងតម្លៃខ្លួន។ ពេជ្រ សម្បត្តិ អាចឈរលំដាប់លេខ ១ ក្នុងទម្ងន់ ៦០ គីឡូក្រាម លន បញ្ញា អាចឈរលំដាប់លេខ ១ ក្នុងទម្ងន់ក្រោម ៧០ គីឡូក្រាម និង ធឿន ធារ៉ា អាចឈរលំដាប់លេខ ១ ក្នុងទម្ងន់ចន្លោះពី ៧២ គីឡូក្រាមឡើង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ពេជ្រ សម្បត្តិ
អ្នកប្រដាល់រហស្សនាម «ក្របីព្រៃ» មានប្រវត្តិឡើងសង្វៀនមិនក្រោម ១៥០ ដងទេ។ កីឡាកររូបនេះធ្លាប់ប្រកួតឈ្នះ ១២៤ ដង ស្មើ ៤ ដង និងចាញ់ ១២ ដង។ ភាពខ្លាំងរបស់គេ​គឺការស៊ូធន់ រឹងមាំ និងមានកម្លាំងស៊ុហ្វល្អ ហើយកណ្តាប់ដៃគឺជាអាវុធដ៏គ្រោះថ្នាក់បំផុត។

កូនសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ រូបនេះ បានឈ្នះខ្សែក្រវាត់ជាច្រើន មិនក្រោម ១០ ខ្សែឡើយ ក្នុងនោះមានទាំងខ្សែក្រវាត់ថ្នាក់ជាតិ ថ្នាក់តំបន់អាស៊ី និងពិភពលោក។ រូបគេក៏ធ្លាប់ឈ្នះរង្វាន់រថយន្តថែមទៀតផង។

រូបគេមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានស្គាល់នៅក្នុងតំបន់ និងបណ្តាប្រទេសនានាជុំវិញពិភពលោកផងដែរ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រនៅក្រៅប្រទេសស្គាល់រូបគេបំផុត គឺភាពស៊ូធន់ និងការវ៉ៃសម្រុកចូលដោយមិនចេះថយក្រោយ។ តម្លៃខ្លួនរបស់ ពេជ្រ សម្បត្តិ មិនក្រោម ៣ ពាន់ដុល្លារអាមេរិកឡើយ។

លន បញ្ញា
បុរសរហស្សនាម «គ្រូចាប់ខ្មោច» មកពីខេត្តព្រៃវែង ធ្លាប់ប្រកួតមិនក្រោម ១៥០ ដងឡើយ។ រូបគេបានឈ្នះ ១៣០ ដង ស្មើ ៥ ដង និងចាញ់ ៥ ដង។ កីឡាករ​មានសមត្ថភាពល្អគ្រប់ជ្រុងជ្រោយ ទាំងកណ្តាប់ដៃ ការទាត់ ការប្រើជង្គង់ និងកែង ដែលកម្រមានកីឡាករផ្សេងមានសមត្ថភាពល្អដូចគេណាស់។ ក្រៅពីបច្ចេកទេសល្អ រូបគេក៏មានកម្លាំងស៊ុហ្វ អាចប្រកួតបាន ៥ ទឹកពេញ និងមានភាពស៊ូធន់ រឹងមាំ មិនងាយបាក់ស្រុតឡើយ។

បើនិយាយពីសមិទ្ធផលវិញ កូនសិស្សរបស់គ្រូ ធន់ សុភា បានឈ្នះខ្សែក្រវាត់មិនក្រោម ១០ ខ្សែឡើយ ទាំងខ្សែក្រវាត់ថ្នាក់ជាតិ ថ្នាក់អាស៊ី និងពិភពលោក ព្រមទាំងធ្លាប់ឈ្នះមេដាយប្រាក់ និងមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមថែមទៀត។ រូបគេក៏បានឈ្នះរង្វាន់រថយន្តផងដែរ។

កេរ្តិ៍ឈ្មោះរបស់ លន បញ្ញា បានល្បីល្បាញទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសបន្ទាប់ពីរូបគេបានឈ្នះការប្រកួតនៅសង្វៀន K-1 ដែលជួយឱ្យរូបគេឡើងទៅកាន់វគ្គ ៨ នាក់ចុងក្រោយនៃការប្រកួតខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក។

ជាក់ស្តែង លន បញ្ញា ប្រកួតក្នុងទម្ងន់ធម្មតារបស់ខ្លួន គឺ ៦៧ គីឡូក្រាម ប៉ុន្តែដោយសាររូបគេមានជំនាញក្នុងការប្រកួតឃីកបុកស៊ីង ទើបត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតដណ្តើមខ្សែក្រវាត់នៅសង្វៀន K-1 ក្នុងទម្ងន់ ៧០ គីឡូក្រាម។ ដូច្នេះហើយបានជារូបគេឡើងទៅប្រកួតក្នុងប្រភេទទម្ងន់ ៧០ គីឡូក្រាម។ តម្លៃខ្លួនរបស់ លន បញ្ញា​ មិនក្រោម ៣ ពាន់ដុល្លារអាមេរិកឡើយ។

ធឿន ធារ៉ា
ធឿន ធារ៉ា ធ្លាប់ឡើងប្រកួតមិនក្រោម ១៥០ ដងនោះទេ ប៉ុន្តែបើផ្អែកលើកំណត់ត្រាចុងក្រោយ រូបគេឈ្នះ ១១៣ ដង ស្មើ ១ ដង និងចាញ់ ៨ ដង។ សមត្ថភាពរបស់ ធឿន ធារ៉ា គឺកណ្តាប់ដៃ និងកែងល្អ ហើយក៏មានកម្លាំងស៊ុហ្វល្អដែរ។

កូនសិស្សរបស់លោកគ្រូ អេ ភូថង បានឈ្នះសមិទ្ធផលធំៗជាច្រើន ក្នុងនោះមានខ្សែក្រវាត់គុនខ្មែរពិភពលោក ខ្សែក្រវាត់ការប្រកួត 8 Men’s Tournament ខ្សែក្រវាត់សង្វៀន Thai Fight និងខ្សែក្រវាត់លំដាប់ពិភពលោកជាច្រើនទៀត។ រូបគេក៏ធ្លាប់ឈ្នះរង្វាន់រថយន្ត និងវីឡាថែមទៀតផង។

កាលពីមុន រូបគេប្រកួតក្នុងទម្ងន់ ៧២ គីឡូក្រាម ហើយបានជួបដៃគូជើងខ្លាំងមកពីជុំវិញពិភពលោក។ ក្រោយមក រូបគេបានឡើងទៅប្រកួតក្នុងទម្ងន់ ៧៥ គីឡូក្រាម។ បច្ចុប្បន្ន កីឡាករកម្ពុជាដែលប្រកួតក្នុងទម្ងន់ចន្លោះពី ៧២ ទៅ ៧៥ គីឡូក្រាមមានមិនច្រើនទេ។ ដូច្នេះ ធឿន ធារ៉ា នៅតែអាចត្រូវបានចាត់ទុកជាកីឡាករលំដាប់កំពូលប្រចាំប្រភេទទម្ងន់ចន្លោះពី ៧២ ទៅ ៧៥ គីឡូក្រាមនៅក្នុងប្រទេសកម្ពុជា។ តម្លៃខ្លួនរបស់ ធឿន ធារ៉ា ចន្លោះពី ៣ ទៅ ៤ ពាន់ដុល្លារអាមេរិក៕

You might like