អន្តរជាតិះ – នាវាដឹកប្រេងម៉ាស៊ូតមួយគ្រឿង បានចេញដំណើរពីប្រទេសរុស្ស៊ីទៅកាន់សហរដ្ឋអាមេរិកកាលថ្ងៃសុក្រ ទី២៣ ខែតុលា ដែលជាការដឹកជញ្ជូនលើកដំបូងចាប់តាំងពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីបញ្ចេញប្រេងឥន្ធនៈបន្ថែមទៅកាន់ទីផ្សារពិភពលោក។
– លោក ត្រាំ បានបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើវិមានក្រឹមឡាំង កាលពីពីរសប្តាហ៍មុន ហើយចាប់តាំងពីពេលនោះមក លោកបានលើកលែងទណ្ឌកម្មបន្ថែមទៀត ដោយបញ្ច្រាសនឹងគោលនយោបាយអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ទោះបីជាទីក្រុងមូស្គូ កំពុងឈ្លានពានអ៊ុយក្រែនដោយខុសច្បាប់ក៏ដោយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការចេញដំណើររបស់នាវាទៅកាន់សហរដ្ឋអាមេរិកត្រូវបានបញ្ជាក់ដោយវិមានក្រឹមឡាំង។ នាវាដឹកប្រេងនេះ ជានាវាមានទង់ជាតិម៉ាល់តា ឈ្មោះ Agioi Fanendes ដែលបានចាកចេញពីកំពង់ផែមួយនៅ ទីក្រុង Primorsk របស់រុស្ស៊ីកាលពីម្សិលមិញ។ នេះបើយោងតាមទិន្នន័យតាមដាន MarineTraffic និងចុះផ្សាយដោយសារព័ត៌មាន NBC News។
– Energy Aspects ដែលជាក្រុមហ៊ុនផ្តល់ព័ត៌មានវិភាគទីផ្សារ បានឱ្យដឹងថា នាវាខាងលើបានដឹកប្រេងម៉ាស៊ូតចំនួន ២៩៨ ០០០បារ៉ែល ចេញពីកំពង់ផែ Primorsk។ បច្ចុប្បន្ននាវានេះ គ្រោងនឹងដឹកប្រេងទាំងនោះទៅទម្លាក់នៅទីក្រុងញូវយ៉ក ដោយរំពឹងថា នឹងទៅដល់នៅថ្ងៃទី១០ ខែវិច្ឆិកា។
– ពេលវេលានៃការទៅដល់របស់នាវានេះ គឺក្រោយពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ គណបក្សសាធារណរដ្ឋរបស់ លោក ត្រាំ កំពុងស្ថិតក្នុងស្ថានភាពព្រួយបារម្ភយ៉ាងខ្លាំង ចំពោះលទ្ធភាពនៃការបាត់បង់អាសនៈជាច្រើនក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ដែលបេក្ខជនរបស់ខ្លួន កំពុងកាន់កាប់។ ស្ថានភាពនេះកើតឡើង ដោយសារតែប្រតិកម្មមិនពេញចិត្តពីសំណាក់ពលរដ្ឋអាមេរិក ចំពោះតម្លៃថាមពល ដែលកំពុងកើនឡើងយ៉ាងគំហុក។
– លោក ត្រាំ និងរដ្ឋបាលរបស់លោក បានខិតខំក្នុងការស្វែងរកវិធីបញ្ចុះតម្លៃទាំងនេះ បន្ទាប់ពីមានការរំខានដល់ការផ្គត់ផ្គង់ ដែលបណ្តាលមកពីសង្គ្រាមជាមួយអ៊ីរ៉ង់ ក៏ដូចជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
– លោក ត្រាំ បានចាត់វិធានការមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងជាមួយវិមានក្រឹមឡាំង និងបានដាក់សម្ពាធលើទីក្រុងកៀវ ឱ្យយល់ព្រមបញ្ចប់សង្គ្រាម ដែលសកម្មភាពនេះបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ៊ុយក្រែន និងក្រុមអ្នកគាំទ្រអ៊ុយក្រែនមកពីគណបក្សទាំងពីរក្នុងសភាអាមេរិក។
– អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថ្លែងកាលពីព្រឹកថ្ងៃសុក្រ៖ «ខ្ញុំជឿថា មានសេចក្តីរាយការណ៍ពីក្រសួងថាមពលរួចហើយ ពីនាវាដឹកប្រេងដំបូងគេបានចេញដំណើរទៅកាន់គោលដៅ ហើយការដឹកជញ្ជូនបន្តបន្ទាប់ទៀត នឹងបន្តធ្វើឡើងជាប្រចាំ»។
– គិតចាប់តាំងពីដើមឆ្នាំមក តម្លៃមធ្យមប្រេងម៉ាស៊ូតបានកើនឡើងយ៉ាងគំហុកពី ៣.៥៥ដុល្លារក្នុងមួយហ្គាឡុង(ប្រហែល ៣.៧លីត្រ) ទៅដល់ ៦.៣២ ដុល្លារ បានកើនឡើងដល់ទៅ ៧៨% ក្នុងកម្រិតមួយ មិនធ្លាប់មានពីមុនមក៕
