អន្តរជាតិះ – ប្រទេសថៃ បានបញ្ជូនកម្លាំងបន្ថែមទៅកាន់ស្រុក Mae Sot នៃខេត្ត Tak ដើម្បីតាមដានសភាពការណ៍ និងប្រុងជើងការខ្ពស់ជាប់ជានិច្ច ស្របពេលសមរភូមិប្រយុទ្ធនៅខាងមីយ៉ាន់ម៉ា កំពុងក្តៅគគុក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
តាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ មេបញ្ជាការកងកម្លាំងពិសេស Rajamanu បានចុះទៅផ្ទាល់ ដើម្បីពិនិត្យមើលតំបន់ព្រំដែន ដើម្បីតាមដានស្ថានភាព ក្តាប់ព័ត៌មានភូមិសាស្ត្រ និងចេញបញ្ជាឱ្យកងទ័ព បង្កើនកម្រិតប្រតិបត្តិការ ព្រមទាំងតាមដានឱ្យជាប់លាប់បំផុត លើរាល់សកម្មភាពនៅតាមបណ្តោយព្រំដែន ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាថា កងទ័ពអាចត្រៀមខ្លួនឆ្លើយតប បានទាន់ពេលវេលា ចំពោះហេតុការណ៍ ដែលប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពថៃ។
ជាមួយគ្នានោះ អង្គភាព ក៏ដាក់ពង្រាយកម្លាំងចុះល្បាតតាមរថយន្តផងដែរ ដើម្បីតាមដានភូមិសាស្ត្រ និងបង្កើនការប្រុងប្រយ័ត្ន ហើយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះហេតុការណ៍ផ្សេងៗ តាមបណ្តោយព្រំដែន។
វិធានការរបស់ថៃ ធ្វើឡើងស្របពេល ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក នៅខាងមីយ៉ាន់ម៉ា រវាងកងទ័ពរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចការ៉េន (KNLA / KNU) នៅតែបន្ត ហើយគ្រាប់ពីការប្រយុទ្ធគ្នានោះ នៅតែហោះធ្លាយ ធ្លាក់ចូលដីថៃ ម្តងហើយម្តងទៀត។
តាមការផ្សាយរបស់ Thaiger, អំឡុងពេលនៃការប្រយុទ្ធគ្នានោះ អាវុធធុនធ្ងន់ និងការបាញ់ប្រហារពីភាគីមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភូមិសាស្ត្រថៃ ជាពិសេសនៅភូមិ Huai Maha Wong និងភូមិ Mae Kon Ken។
អម្បែងគ្រាប់ និងគ្រាប់កាំភ្លើងយន្ត បណ្តាលឱ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋថៃនៅតាមព្រំដែន រងការខូចខាតជាបន្តបន្ទាប់ ជាហេតុបង្កឱ្យមានភាពភ័យខ្លាចជាខ្លាំង ដល់សន្តិសុខប្រជាពលរដ្ឋ៕
