ណាតូ​ បើក​ផ្លូវឱ្យអ៊ុយ​ក្រែន​ បញ្ជាទិញ​អាវុធ​ និងសម្ភារយោធា​ដោយ​ផ្ទាល់ ដើម្បី​ទទួល​បាន​តម្លៃថោក និងរហ័ស​

អន្តរជាតិះ – ក្រោយ​ពីការ​វាយប្រហារ​ពី​រុស្ស៊ី​ ទៅ​លើ​អ៊ុយក្រែន​កាន់​តែ​ខ្លាំង​ អង្គ​ការ​ណាតូ (NATO) មិន​ឱប​ដៃ​នៅ​ស្ងៀម​ឡើយ​ ដោយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ ទី២២ ខែតុលា អង្គការ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ទិញ​អាវុធ​ តាម​រយៈ​ទីភ្នាក់​ងារកណ្តាល​សម្រាប់​លទ្ធកម្ម​អាវុធ​របស់​សម្ព័ន្ធ​ភាព​នេះ ដែល​មានឈ្មោះ​ថា ទីភ្នាក់​ងារគាំទ្រ និង​លទ្ធកម្ម​របស់​ណាតូ (NSPA) ក្រោម​ភាព​ជាដៃគូ​ថ្មី​មួយ ​ខណៈការទិញ ​នឹងចាប់ផ្តើម​ក្នុងពេលឆាប់ៗ​។

– ភាព​ជាដៃគូនេះ​នឹង​អនុញ្ញាត​ឱ្យទីក្រុងកៀវ​អាចទិញ​អាវុធ គ្រាប់​រំសេវ ​និងសម្ភារៈ​យោធាផ្សេងៗ​ទៀត តាមរយៈ​ទីភ្នាក់ងារ NSPA។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កាសែត Financial Times (FT) បានចុះផ្សាយ​អំពីភាព​ជាដៃគូថ្មី​​នេះ កាល​ពីថ្ងៃព្រហស្បតិ៍ ទី​២២ ខែ​តុលា ថា ការ​សម្រេច​ចិត្តនេះ​នឹង​ជួយ​ឱ្យទីក្រុងកៀវ​ទទួលបានសម្ភារៈ​យោធា​កាន់តែឆាប់រហ័ស ​ព្រម​ទាំងផ្តល់​នូវច្រក​ផ្លូវថ្មី​មួយបន្ថែម​ទៀត ក្រៅពីកិច្ចព្រមព្រៀង​ទ្វេភាគីដែល​មានស្រាប់​។

– លោក​ស្រី Jacqueline Borsboom នាយិកា​ផ្នែក​គាំទ្រ​ប្រតិបត្តិការ​របស់​ទីភ្នាក់ងារ NSPA ប្រាប់​កាសែត FT ថា​៖ «វាផ្តល់ឱ្យអ៊ុយក្រែន​នូវ​លទ្ធភាព​ក្នុង​ការ​មានក្របខ័ណ្ឌ​ដែលមាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​ជាង​មុន ដើម្បី​ប្រើប្រាស់​សមត្ថភាព​ចម្រុះ​យើងផ្តល់​ជូន រួមមាន ​ជំនាញ​លទ្ធកម្ម សេវា​កម្មគាំទ្រ និងលទ្ធភាព​ទទួលបានមូលដ្ឋាន​ឧស្សាហកម្មដែល​មានស្រាប់។ ទីក្រុង​កៀវ​ អាច​បញ្ជា​ទិញ​សម្ភារ​ផ្គត់​ផ្គង់​នានា ដូច​ជាឯក​សណ្ឋាន​ជាដើម ហើយ​ទីភ្នាក់ងារ​នេះ​អាចជួយ​សម្រួលឱ្យពួកគេ​ទទួល​បានសម្ភារ​ទាំងនោះ​»។​

– ប្រភពព័ត៌មាន​បន្ត​ ការ​សម្រេចចិត្តចុង​ក្រោយនេះ គឺ​នឹង​បន្ត​ បន្ទាប់​ពីការ​សម្រេច​ចិត្ត​របស់ NSPA កាលពី​ខែមេសា អនុញ្ញាត​ឱ្យក្រុមហ៊ុន​ផលិត​អាវុធរបស់​អ៊ុយក្រែនអាច​ចូលរួម​ដេញថ្លៃបាន។

– លោកស្រី Alyona Getmanchuk ប្រធាន​បេសកកម្ម​អ៊ុយក្រែន​ប្រចាំ​អង្គការណាតូ (NATO) បានប្រាប់កាសែត FT លោក​ស្រី​​សង្ឃឹមថា កិច្ចព្រម​ព្រៀងនេះ​នឹង​ផ្តល់​ឱ្យអ៊ុយក្រែន​នូវលទ្ធភាព​កាន់​តែទូលំ​ទូលាយក្នុង​ការ​ចូលទៅ​ប្រើប្រាស់​បណ្តាញផ្គត់ផ្គង់​របស់សម្ព័ន្ធ​ភាពនេះ និងជាច្រកទ្វារ​ដ៏សំខាន់​មួយ ចូលទៅ​ក្នុងប្រព័ន្ធអេកូឡូស៊ី​ឧស្សាហកម្មការពារ​ជាតិ​របស់អង្គការ​ណាតូ។

– ​យ៉ាង​ណា​មិញ​​ ទីក្រុងកៀវ​បានស្នើសុំប្រព័ន្ធការពារ​ដែនអាកាសបន្ថែម​ជាយូរ​មកហើយ ខណៈរុស្ស៊ី​ កំពុងបង្កើន​ការវាយប្រហារ​នៅទូទាំង​ប្រទេស​អ៊ុយក្រែន សម្រាប់​យុទ្ធនាការ​ក្នុងរដូវរងានេះ។ ទីក្រុងមូស្គូ​មាន​គោលបំណង​បំផ្លាញបណ្តាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ សេវា​សាធារណៈ​របស់​អ៊ុយក្រែនរហូតដល់ ៩០%។

– ក្នុង​ចំណោម​សំណើទាំង​នោះ សំណើ​សំខាន់​ជាងគេ​ គឺប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ផលិតនៅ​សហរដ្ឋអាមេរិក ព្រមទាំង​មីស៊ីល​ប្រភេទ PAC-3 អាចបាញ់​ទម្លាក់មីស៊ីល​ផ្លោងរបស់​រុស្ស៊ីបាន។ ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូ​ឌីមៀរ​ ហ្សេលេន​ស្គី ថ្លែងកាល​ពីថ្ងៃ​អង្គារ​ ​​ថា ស្តុកមីស៊ីល​ប្រភេទនេះ​នៅ​​អ៊ុយក្រែន គឺប្រើ​អស់ហើយ។

– ភាព​ជាដៃគូជាមួយ NSPA នេះ ក៏កើតឡើង​ ស្របពេល​​ មានភាព​រកាំ​រកូស​ថ្មីមួយទៀត​រវាងទីក្រុងកៀវ​ និងរដ្ឋបាលអាមេរិក។ ស្ថានភាពនេះ​កំពុង​ធ្វើឱ្យកម្មវិធីមួយដែលមាន​ឈ្មោះថា «បញ្ជី​តម្រូវ​ការ​អាទិភាព​សម្រាប់​អ៊ុយក្រែន» របស់អង្គការ​ណាតូ ធ្លាក់​ចូល​ក្នុង​ហានិភ័យ​។ តាម​រយៈ​កម្មវិធីនេះ សមាជិកណាតូ​បានផ្តល់​ហិរញ្ញប្បទាន​ សម្រាប់ការ​ទិញ​អាវុធរបស់​សហរដ្ឋអាមេរិក ដើម្បីយក​ទៅផ្គត់ផ្គង់ដល់ប្រទេស​អ៊ុយក្រែន៕

 

You might like