ភ្នំពេញះ – តម្លៃមាសអន្តរជាតិបានធ្លាក់ចុះជាង ១០០ ដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ២ ខែ ចំពេលដែលថ្លៃប្រេងខ្ពស់បង្កើនកង្វល់អតិផរណា និងជំរុញការរំពឹងទុកថា ធនាគារកណ្ដាលសហព័ន្ធអាមេរិកអាចកំណត់អត្រាការប្រាក់ឱ្យស្ថិតនៅក្នុងកម្រិតខ្ពស់រយៈពេលយូរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តម្លៃមាសជួញដូរដោយផ្ទាល់នៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះ ២,៨៥% មកនៅត្រឹម ៤ ០១៤,៥៦ ដុល្លារ/អោន ដែលជាកម្រិតទាបបំផុតចាប់តាំងពីដើមខែសីហា គិតត្រឹមម៉ោង ១០ យប់ ថ្ងៃព្រហស្បតិ៍ នៅទីក្រុងញូវយ៉ក (១០ ព្រឹកថ្ងៃពុធ នៅទីក្រុងហុងកុង)។ ចំណែកឯតម្លៃមាសអាមេរិកវិញ បានធ្លាក់ចុះ ២,២% មកនៅត្រឹម ៤ ០៦០,៤០ ដុល្លារ/អោន ពេលបិទការជួញដូរថ្ងៃព្រហស្បតិ៍។
– ធៀបនឹងការជួញដូរលើទីផ្សារក្នុងស្រុករបស់កម្ពុជាវិញ មាសមានតម្លៃលក់ចេញ ៤ ៩០៥ ដុល្លារ/តម្លឹង និងតម្លៃទិញចូល ៤ ៨៥៥ ដុល្លារ/តម្លឹង គិតត្រឹមម៉ោង ៩ កន្លះព្រឹកថ្ងៃពុធ។
– ការធ្លាក់ចុះនេះកើតឡើងស្របពេលតម្លៃប្រេងអន្តរជាតិកើនឡើងប្រមាណ ៣% ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ខែ បន្ទាប់ពីក្រុមហ៊ូធីវាយប្រហារអារ៉ាប៊ីសាអូឌីត ដោយបង្កើនការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ថាមពលពីតំបន់មជ្ឈិមបូព៌ា។
– អ្នកវិភាគទីផ្សារបានលើកឡើងថា ការកើនឡើងតម្លៃថាមពលកំពុងបង្កើនសម្ពាធអតិផរណា និងធ្វើឱ្យទីផ្សារព្រួយបារម្ភថា Fed អាចបន្តដំឡើងអត្រាការប្រាក់។
– ជាទូទៅ មាសត្រូវបានចាត់ទុកថាជាទ្រព្យសកម្មសម្រាប់ការពារហានិភ័យសេដ្ឋកិច្ច។ ប៉ុន្តែ នៅពេលអត្រាការប្រាក់កើនឡើង ឬស្ថិតនៅក្នុងកម្រិតខ្ពស់ មាសក្លាយជាជម្រើសមិនសូវទាក់ទាញសម្រាប់ការវិនិយោគ។
– ទិន្នន័យអតិផរណារបស់អាមេរិកកាលពីសប្តាហ៍មុន បានបង្ហាញពីការកើនឡើងខ្ពស់ជាងការរំពឹងទុកផងដែរ ដែលបន្ថែមការរំពឹងថា Fed នឹងរក្សាគោលនយោបាយរូបិយវត្ថុតឹងរ៉ឹង ខណៈមន្ត្រី Fed គ្រោងប្រជុំគ្នាម្ដងទៀតនៅថ្ងៃ ២៧-២៨ ខែតុលានេះទេ។
– ឧបករណ៍ព្យាករ FedWatch របស់ក្រុមហ៊ុនទីផ្សារ CME បានបង្ហាញថា ទីផ្សារកំពុងកំណត់លទ្ធភាព ៧៨% ថា Fed នឹងដំឡើងអត្រាការប្រាក់នៅខែធ្នូ។
– ដោយឡែក សេដ្ឋកិច្ចវិទូនៅធនាគារ Intesa Sanpaolo ឯណោះវិញ ព្យាករថា តម្លៃមាសអាចបន្តប្រែប្រួលខ្លាំង ដោយជួញដូរក្នុងរង្វង់មធ្យម ៤ ២០០ ដុល្លារ/អោន ក្នុងរយៈពេល ២-៣ ត្រីមាសខាងមុខ។ ការព្យាករនេះក៏ផ្អែកលើការធ្លាក់ចុះខ្លាំងនៃតម្រូវការគ្រឿងអលង្ការនៅទូទាំងពិភពលោកផងដែរ៕
