អន្តរជាតិះ – ការឆបោកតាមអនឡាញ ក្នុងរូបភាពទំនាក់ទំនងស្នេហា លួងលោមឱ្យវិនិយោគ ឬការផ្តល់ការងារតាមអ៊ីនធឺណិត បានធ្វើឱ្យប្រជាជនហ្វីលីពីន ខាតបង់ប្រាក់រហូតដល់ទៅ ១.៩ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ស្របពេលការប្រឈមទៅនឹងល្បិចបោកប្រាស់នេះ ក៏កើនឡើងគួរតែបារម្ភផងដែរ។ នេះបើយោងតាមរបាយការណ៍របស់សម្ព័ន្ធភាពសកលប្រឆាំងការឆបោក (GASA) ដែលទីភ្នាក់ងារព័ត៌មានហ្វីលីពីន (Philippine News Agency) បានចេញផ្សាយនៅខែតុលានេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– របាយការណ៍ស្តីពីស្ថានភាពនៃការឆបោកឆ្នាំ២០២៦ GASA បានឱ្យដឹងថា ក្នុងចំណោមមនុស្សពេញវ័យហ្វីលីពីនចំនួន ១ ១៦០ នាក់ដែលត្រូវបានស្ទង់មតិ មាន ៨៤% ធ្លាប់ជួបប្រទះការឆបោកក្នុងរយៈពេល ១២ ខែមុន ដែលកើនឡើងពី ៧៧% ក្នុងឆ្នាំ២០២៥។
– តួលេខនេះ មានន័យថា ប្រជាជនហ្វីលីពីនម្នាក់ អាចជួបប្រទះការប៉ុនប៉ងឆបោកជាមធ្យម ចំនួន ១៥១ លើក ក្នុងមួយឆ្នាំ។ ក្នុងនោះ មនុស្សពេញវ័យហ្វីលីពីនជិតពាក់កណ្តាល ឬ ៤៤% បានទាក់ទងដោយផ្ទាល់ជាមួយជនឆបោកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
– ក្នុងចំណោមអ្នកដែលបានទាក់ទង ឬចូលរួមក្នុងល្បិចបោកប្រាស់ មាន ៣៤% បានខាតបង់ប្រាក់។ ជនរងគ្រោះម្នាក់ៗខាតបង់ប្រាក់ជាមធ្យម ១០ ៤២៧ ប៉េសូ ស្មើនឹង ១៦៤ ដុល្លារអាមេរិក។
– ការខាតបង់នេះ បានបង្កសម្ពាធយ៉ាងខ្លាំងដល់ថវិកាគ្រួសារ ដោយជនរងគ្រោះ ២២% បាននិយាយថា ពួកគេលែងមានលទ្ធភាពចំណាយលើតម្រូវការចាំបាច់សម្រាប់ការរស់នៅ បន្ទាប់ពីត្រូវបានគេឆបោក។ ជាមួយគ្នានេះ អ្នកឆ្លើយតបនឹងការស្ទង់មតិចំនួន ៨២% បានឱ្យដឹងថា ការរងគ្រោះដោយសារការឆបោក ក៏បានជះឥទ្ធិពលអវិជ្ជមានដល់សុខុមាលភាពរបស់ពួកគេជាទូទៅ ផងដែរ។
– លោក Mel Migrino ប្រធានប្រចាំប្រទេសហ្វីលីពីន និងជាអគ្គនាយកក្រុមហ៊ុន Gogolook ដែលផ្តល់សេវាកម្មផ្នែកសូហ្វវែរ និងបានសហការជាមួយ GASA ក្នុងការរៀបចំរបាយការណ៍នេះ បាននិយាយថា៖ «ការឆបោកជាការគំរាមកំហែងដ៏ធំមួយចំពោះស្ថិរភាពសេដ្ឋកិច្ច និងសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ហ្វីលីពីន»។
– លោកបានបន្ថែមថា បើទោះបីមជ្ឈមណ្ឌលឆបោកធំៗប្រឈមនឹងការបង្ក្រាបពីអាជ្ញាធរ ក៏ដោយ ប៉ុន្តែ បណ្តាញឧក្រិដ្ឋជនបានបំបែកប្រតិបត្តិការរបស់ខ្លួនទៅជាបណ្តាញតូចៗ ដែលរីករាលដាលនៅតាមតំបន់ជនបទនៃប្រទេសហ្វីលីពីន។
– លោក Migrino បានបញ្ជាក់ថា ការឆបោកតាមរយៈការវិនិយោគ ការបោកប្រាស់ដោយប្រើទំនាក់ទំនងស្នេហា ល្បិចផ្តល់ការងារតាមអ៊ីនធឺណិត ដើម្បីទទួលបានប្រាក់ ការឆបោកតាមរយៈភាគីទីបី និងការលួចអត្តសញ្ញាណ បានរីករាលដាលគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលបង្កការគំរាមកំហែងដល់សន្តិសុខផ្ទាល់ខ្លួន និងស្ថាប័នអាជីវកម្ម។
– របាយការណ៍ដដែល បង្ហាញថា ការឆបោកតាមរយៈការទិញទំនិញ គឺជាទម្រង់ឆបោកដែលជួបប្រទះញឹកញាប់បំផុត ដោយបានរួមចំណែក ២៤% នៃករណីទាក់ទងជាមួយជនឆបោកដែលត្រូវបានរាយការណ៍។ ល្បិចសាមញ្ញបន្ទាប់ គឺការឆបោកតាមរយៈការវិនិយោគ និងការផ្តល់ការងារ ដែលមានចំណែកស្មើគ្នា ២២% ដូចគ្នា។
– ការស្ទង់មតិក៏បានរកឃើញថា ការប៉ុនប៉ងឆបោកចំនួន ៨៨% បានកើតឡើងតាមរយៈផ្លាតហ្វម ដែលមានមុខងារផ្ញើសារដោយផ្ទាល់។ ហ្វេសប៊ុក ជាវេទិកាសង្គម ដែលអ្នកឆ្លើយតបបានរាយការណ៍ថា ជួបប្រទះការឆបោកច្រើនជាងគេ ដោយមានចំណែក ៥៨% បន្ទាប់មកគឺសារ Gmail ដែលមានចំណែក ៣៣%។
– GASA បានកត់សម្គាល់ថា ជនរងគ្រោះភាគច្រើនត្រូវពឹងផ្អែកលើខ្លួនឯងក្នុងការកំណត់អត្តសញ្ញាណល្បិចបោកប្រាស់ ដោយសារការព្រមានផ្លូវការពីធនាគារ ក្រុមហ៊ុនទូរគមនាគមន៍ ផ្លាតហ្វមប្រឆាំងការឆបោក និងអាជ្ញាធរសាធារណៈ មានតួនាទីនៅមានកម្រិត។
– របាយការណ៍របស់ GASA បានបញ្ជាក់ថា៖ «ប្រជាជនហ្វីលីពីនដាក់ការទទួលខុសត្រូវយ៉ាងខ្លាំងលើវេទិកាអនឡាញ និងអ្នកផ្តល់សេវាគេហទំព័រ ក្នុងការបង្ការការឆបោក ប៉ុន្តែស្ថាប័នទាំងនេះត្រូវបានគេមើលឃើញថា មិនបានបំពេញតួនាទីបានល្អស្របតាមការទទួលខុសត្រូវដែលគេរំពឹងទុកឡើយ»៕
