អន្តរជាតិះ – អត្រាគាំទ្រប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងអាណត្តិប្រធានាធិបតីទាំង ២ លើករបស់លោក ចំពេលដែលប្រជាជនអាមេរិកប្រឈមនឹងសម្ពាធសេដ្ឋកិច្ច រួមទាំងកំណើនថ្លៃប្រេងសាំង និងការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ។ នេះបើយោងតាមការស្ទង់មតិរបស់ Reuters/Ipsos ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែតុលា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការធ្លាក់ចុះអត្រាគាំទ្រលោក ត្រាំ កំពុងបង្កើនសម្ពាធលើគណបក្សសាធារណរដ្ឋរបស់លោក មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ ដែលអាចឱ្យគណបក្សនេះរបូតការគ្រប់គ្រងសភាតំណាងរាស្ត្រ ឬព្រឹទ្ធសភា។
– ការស្ទង់មតិបានបង្ហាញថា ប្រជាជនអាមេរិកត្រឹមតែ ៣១% ប៉ុណ្ណោះដែលពេញចិត្តចំពោះការបំពេញតួនាទីជាប្រធានាធិបតី ត្រាំ ដែលជាកម្រិតទាបបំផុតចាប់តាំងពីលោកចូលកាន់តំណែងក្នុងអាណត្តិទី ១ ឆ្នាំ ២០១៧។
– ការស្ទង់មតិដដែល បង្ហាញផងដែរ អ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន ៤៧% បានគាំទ្រគណបក្សប្រជាធិបតេយ្យ ខណៈ ៣៥% គាំទ្រគណបក្សសាធារណរដ្ឋ។ គម្លាត ១២% គឺជាគម្លាតធំបំផុតសម្រាប់ការបោះឆ្នោតខាងមុខនេះ ដែលអាចបង្កើនឱកាសឱ្យគណបក្សប្រជាធិបតេយ្យដណ្ដើមបានសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។
– ប្រសិនបើគណបក្សប្រជាធិបតេយ្យអាចដណ្ដើមបានសំឡេងភាគច្រើននៅក្នុងសភាណាមួយ នោះវាអាចធ្វើឱ្យការជំរុញរបៀបវារៈនយោបាយរបស់លោក ត្រាំ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនៃអាណត្តិកាន់តែពិបាក។
– បញ្ហាសេដ្ឋកិច្ចក្លាយជាចំណុចខ្សោយដ៏សំខាន់របស់លោក ត្រាំ។ ការស្ទង់មតិ Reuters/Ipsos បានបង្ហាញថា ប្រជាជនអាមេរិក ៦៨% មិនពេញចិត្តចំពោះការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់លោក ខណៈ ៧៨% បានស្តីបន្ទោសគោលនយោបាយរបស់រដ្ឋបាលលោកចំពោះកំណើនតម្លៃទំនិញលឿនជាងកំណើនប្រាក់ចំណូលរបស់ពួកគេ។ ក្នុងចំណោមអ្នកដែលគាំទ្រគណបក្សសាធារណរដ្ឋ ក៏មាន ៥៧% ដែលយល់ឃើញដូចគ្នានេះផងដែរ។
– សម្ពាធសេដ្ឋកិច្ចបង្ហាញឱ្យឃើញច្បាស់តាមរយៈរបាយការណ៍ពីការិយាល័យស្ថិតិការងារអាមេរិក ដែលចេញផ្សាយកាលពីពាក់កណ្ដាលខែតុលា ដែលបង្ហាញថា អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៣,៧% នៅខែកញ្ញា ពី ៣,៤% នៅខែសីហា ដែលនោះជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែឧសភា។ តម្លៃទំនិញ និងសេវាកម្មសរុប បានកើនឡើង ០,៦% បើធៀបនឹងខែមុនសីហា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Guardian។
– តម្លៃប្រេងសាំងនៅខែកញ្ញាបានកើនឡើង ៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈតម្លៃប្រេងកម្តៅផ្ទះ (Fuel Oil) បានកើនឡើង ៧៤% ហើយតម្លៃសំបុត្រយន្តហោះកើនឡើង ២២,៤%។
– ការឡើងថ្លៃនេះកំពុងបង្កើនបន្ទុកលើគ្រួសារអាមេរិក ខណៈតម្លៃថាមពលដែលកើនឡើងពាក់ព័ន្ធនឹងសង្គ្រាមរបស់ ត្រាំ ប្រឆាំងអ៊ីរ៉ង់ បានជំរុញការចំណាយរបស់ប្រជាជនអាមេរិកបន្ថែមទៀត។
– ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា កំណើនបន្ទុកសេដ្ឋកិច្ចទាំងនេះ គឺផ្ទុយពីការសន្យាសំខាន់ៗរបស់លោក ត្រាំ ក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤។ នៅពេលនោះ លោកបានសន្យាថានឹងទប់ស្កាត់អតិផរណា បញ្ចុះតម្លៃទំនិញ និងធ្វើឱ្យការរស់នៅរបស់ប្រជាជនអាមេរិកមានតម្លៃសមរម្យឡើងវិញ។
– ប៉ុន្តែខណៈការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាន់តែខិតជិតមកដល់ តម្លៃថាមពល និងអតិផរណាខ្ពស់ បានក្លាយជាចំណុចរិះគន់លើ ត្រាំ និងរដ្ឋបាលលោក។
– លោក Richard Carter ប្រធានផ្នែកស្រាវជ្រាវទីផ្សារមូលបត្របំណុលនៅក្រុមហ៊ុន Quilter Cheviot បានលើកឡើងថា អតិផរណាអាមេរិកបានកើនឡើងខ្ពស់ជាងការរំពឹងទុក ដែលជាបញ្ហាប៉ះពាល់ដល់លោក ត្រាំ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ លោកបានវាយតម្លៃថា កិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយសម្ពាធតម្លៃមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ទេ ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ានៅតែបន្តប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
– ជាការឆ្លើយតប លោក ត្រាំ បានព្យាយាមបង្វែរការរិះគន់លើគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋបាលលោក ទៅកាន់រដ្ឋាភិបាលអ៊ីរ៉ង់វិញ ថាជាកត្តាជំរុញតម្លៃថាមពល។ កាលពីថ្ងៃអង្គារសប្ដាហ៍មុន លោកបានចោទប្រកាន់ក្រុមហ៊ូធីនៅយេម៉ែនថា កំពុងវាយប្រហារអារ៉ាប៊ីសាអូឌីតដោយមានគោលបំណងជំរុញតម្លៃប្រេងមុនការបោះឆ្នោតអាមេរិក។ ក្នុងការជួបជុំអ្នកគាំទ្រនៅរដ្ឋអាឡាស្កា លោកបានការពារកំណត់ត្រាសេដ្ឋកិច្ចរបស់ខ្លួន ដោយអះអាងថា ការគាំទ្ររបស់លោកចំពោះគ្រួសារអាមេរិកមានទំហំធំធេង។
– កន្លងមក លោក ត្រាំ បានដាក់ចេញវិធានការជាច្រើនដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ រួមទាំងការអនុញ្ញាតឱ្យប្រេងម៉ាស៊ូតរបស់រុស្ស៊ីហូរចូលទីផ្សារអាមេរិក និងទីផ្សារពិភពលោក តាមរយៈការបន្ធូរបន្ថយជាបណ្តោះអាសន្ននូវទណ្ឌកម្មមួយចំនួនលើវិស័យថាមពលរុស្ស៊ី។
– លើសពីនោះ ដើម្បីទឹកទិញចិត្តគាំទ្រ លោក ត្រាំ បានប្រកាសផ្តល់ជំនួយទឹកប្រាក់ ៨ ប៊ីលានដុល្លារដល់កសិករអាមេរិក ដើម្បីជួយទូទាត់ថ្លៃប្រេងម៉ាស៊ូតក្នុងរដូវប្រមូលផល។ លោកក៏ធ្លាប់បានលើកឡើងផងដែរ ពីការផ្តល់ប្រាក់ ៥ ០០០ ដុល្លារដល់មនុស្សពេញវ័យម្នាក់ៗ ប្រសិនបើគណបក្សសាធារណរដ្ឋរក្សាការគ្រប់គ្រងសភាបាន។
– ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនបង្ហាញមន្ទិលថា ការបង្កើនការផ្គត់ផ្គង់ប្រេងម៉ាស៊ូតពីរុស្ស៊ីនឹងមិនអាចបញ្ចុះតម្លៃបានច្រើននោះទេ ដោយសារកង្វះការផ្គត់ផ្គង់នៅទីផ្សារពិភពលោកនៅតែមានហានិភ័យដោយសារភាពតានតឹងមជ្ឈិមពូព៌ា ខណៈគោលនយោបាយយោគយល់រុស្ស៊ីរងការរិះគន់យ៉ាងចាស់ដៃ៕
