អឺរ៉ុប កាន់តែវឹកវរ ខណៈបាតុកម្មសិស្សនិស្សិត រាលដាលដល់ ក្រិក

អន្តរជាតិះ – បំផុសគំនិតដោយបារាំង! បាតុកម្មសិស្សនិស្សិត បានរីករាលដាលពេញអឺរ៉ុបហើយ ហើយឥឡូវ នៅប្រទេសក្រិក ក៏កើតមានរូបភាពដូចគ្នានេះដែរ។

– តាមការផ្សាយរបស់ Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ បាតុករជាង ១០ ០០០ នាក់ រួមមានសិស្ស-និស្សិត គ្រូបង្រៀន និងបុគ្គលិករដ្ឋ បានរៀបចំការដើរក្បួនតវ៉ាទ្រង់ទ្រាយធំ នៅក្នុងរដ្ឋធានីអាថែន និងតាមបណ្តាទីក្រុងផ្សេងទៀត ដូចជា Thessaloniki និង Patras ដើម្បីប្រឆាំងនឹងកង្វះខាតថវិការដ្ឋយ៉ាងធ្ងន់ធ្ងរ សម្រាប់វិស័យអប់រំ ខណៈពួកគេក៏តវ៉ាប្រឆាំងប្រាក់ឈ្នួលទាប និងការហក់ឡើងថ្លៃទំនិញ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវរភាពរស់នៅផងដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រុមបាតុករបានបង្ហាញពីទំនាក់ទំនងដោយផ្ទាល់ ទៅនឹងចលាចលសង្គម ដែលកំពុងកើតមាននៅក្នុងប្រទេសបារាំង។ ជាក់ស្តែង បដានៅក្នុងរដ្ឋធានី អាថែន មានសរសេរថា «ពីក្រិក ដល់បារាំង សូមផ្តល់ថវិកាដល់វិស័យអប់រំ» អមដោយបដាជាភាសាបារាំង ដែលមានន័យថា «ដើម្បីសិក្សា ឬដើម្បីរស់»។

– ទន្ទឹមនោះ ក្រុមបាតុករក៏តវ៉ាដែរថា ប្រាក់ខែមធ្យម ប្រមាណ ១ ៥០០ អឺរ៉ូ នៅតែជាប់គាំងត្រឹមកម្រិតឆ្នាំ ២០០៩ ដដែល ទាំងដែលថ្លៃជួលផ្ទះ និងថ្លៃប្រេងសាំង ហក់ឡើងខ្ពស់ ជាហេតុធ្វើឱ្យយុវជនក្រិកជាច្រើន មិនអាចរ៉ាប់រងចំណាយប្រចាំថ្ងៃ ជាមូលដ្ឋានបានឡើយ។

– ក្រៅពីការទាមទារជំនួយសេដ្ឋកិច្ចចំពោះមុខ អ្នកចូលរួមក៏តម្រូវឱ្យមានអាហារ និងកន្លែងស្នាក់នៅឥតគិតថ្លៃសម្រាប់សិស្ស-និស្សិត ការកាត់បន្ថយចំនួនសិស្សក្នុងមួយថ្នាក់ និងជ្រើសតាំងគ្រូបង្រៀនក្របខ័ណ្ឌអចិន្ត្រៃយ៍ ផងដែរ។

– លើសពីនេះ គ្រូបង្រៀនកម្រិតបឋម និងមធ្យមសិក្សា បានចេញធ្វើកូដកម្ម ប្រឆាំងនឹងប្រាក់បៀវត្សរ៍ទាប និងការខ្វះខាតគ្រូបង្រៀនប្រមាណ ១៥ ០០០ នាក់ ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរ គឺថា ប្រតិបត្តិការតាមមន្ទីរពេទ្យក៏ត្រូវរំខានផងដែរ ព្រោះក្រុមគ្រូពេទ្យបានដើរចេញពីការងារ ដើម្បីចូលរួមបាតុកម្មនេះ។

– សូមជម្រាបថា បច្ចុប្បន្ន ក្រិកចំណាយត្រឹមតែ ៣.៣% ប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យអប់រំ បើប្រៀបធៀបនឹង កម្រិតមធ្យម នៃសហភាពអឺរ៉ុប ដែលឈរនៅ ៤.៧%។

– ឆ្លើយតបទៅស្ថានការណ៍ដ៏ហានិភ័យនេះ រដ្ឋមន្ត្រីក្រសួងអប់រំក្រិក លោកស្រី Sofia Zacharaki ចេញមុខអះអាងថា រដ្ឋាភិបាល កំពុងស្តាប់ការទាមទាររបស់សិស្ស-និស្សិត និងបានគូសបញ្ជាក់ពីគម្រោងសកម្មទំហំទឹកប្រាក់ ៧៣៣ លានអឺរ៉ូ សម្រាប់សង់អគារស្នាក់នៅថ្មីសម្រាប់និស្សិត និងការកែលម្អគញរឿងបរិក្ខារ។

– បច្ចុប្បន្ន តំបន់អឺរ៉ុប កំពុងក្លាយទៅជារណ្តៅភ្លើង ដែលពោរពេញដោយរលកនៃបាតុកម្មហិង្សា យ៉ាងក្តៅគគុក រាលដាលពីប្រទេសមួយទៅប្រទេសមួយ ប៉ុន្តែក្នុងនោះ គេមើលឃើញថា បារាំង ជាកន្លែងដែលវឹកវរជាងគេបំផុត ឈានដល់ការចាត់វិធានការក្តៅ និងដាក់បម្រាមគោចរ ទៀតផង។

– តាមការផ្សាយរបស់ BBC នៅសប្តាហ៍នេះ ក្រុមកុបកម្ម បានពាក់ម៉ាស់ និងស្លៀកពាក់ខ្មៅ កំណត់គោលដៅ វាយប្រហារលើស្ថាប័នរដ្ឋ និងតំបន់ពាណិជ្ជកម្ម។ នៅក្រុង លីម៉ូហ្ស៊េ, អគារសាលាក្រុងប្រវត្តិសាស្ត្រតាំងពីសតវត្សរ៍ទី១៩ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចខ្ទី បណ្តាលឱ្យដំបូល និងអាគារនាឡិកាបាក់រលំ។ ចំណែកនៅទីក្រុង លីយ៉ុង ការិយាល័យទេសចរណ៍ដ៏សំខាន់មួយ ត្រូវបានដុតកម្ទេច ខណៈតំបន់ពាណិជ្ជកម្មធំៗនៅប៉ារីស និង ម៉ាកសីយ៍ បានរងការលួចប្លន់ប៉ាតណាប៉ាតណី។

– បើយោងតាមការប៉ាន់ស្មាន របស់សហជីពពាណិជ្ជករ! អាជីវកម្មជាង ១ ៥០០ កន្លែងត្រូវរងការបំផ្លិចបំផ្លាញ ដែលគិតជាទឹកប្រាក់ ខូចខាតអស់រាប់សិបលានអឺរ៉ូ។ យោងតាមរបាយការណ៍ផ្លូវការពីក្រសួងមហាផ្ទៃបារាំង មនុស្សជិត ២ ៤០០ នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការរក្សាសន្តិសុខ។ ជាមួយគ្នានេះ កងកម្លាំងអនុវត្តច្បាប់ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយមន្ត្រីនគរបាល និងកងរាជអាវុធហត្ថជិត ១ ០០០ រូបបានត្រូវរបួស ក្នុងនោះមាន ៧ រូបស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

– ដោយសារតែកុបកម្ម កាន់តែរីកធំធ្ងន់ធ្ងរឡើងៗ គ្មានឃើញសញ្ញាថមថយសោះនោះ រដ្ឋាភិបាលទីក្រុងប៉ារីស ក៏សម្រេច ដាក់បម្រាមគោចរទូទាំងប្រទេស និងអនុវត្តវិធានការក្តៅនានា ឈានដល់ដាក់ពង្រាយកងប្រឆាំងភេរវកម្មទៀតផង ដើម្បីទប់ទល់៕

 

You might like