អន្តរជាតិះ – ទីបំផុត ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានយល់ព្រមជាគោលការណ៍ហើយ ក្នុងការបន្តកិច្ចចរចាសន្តិភាពត្រីភាគីឡើងវិញ ជាមួយអ៊ុយក្រែន និងសហរដ្ឋអាមេរិក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ Reuters ដែលដកស្រង់សេចក្តីថ្លែងការណ៍ ពីវិមានក្រឹមឡាំង កាលពីថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ ២០២៦, កិច្ចពិភាក្សានេះ គឺត្រឹមកម្រិតបច្ចេកទេសប៉ុណ្ណោះ ដែលនឹងចាប់ផ្តើមនៅ ឬក្រោយថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខ ហើយអាចរៀបចំធ្វើឡើង ក្នុងទីក្រុង អាប៊ុយដាប៊ី នៃប្រទេសអេមីរ៉ាត អារ៉ាប់រួម។

– យោងតាមសេចក្តីថ្លែងការណ៍ដដែលនោះ, កិច្ចចរចា នឹងផ្តោតលើការធានាសន្តិសុខ សម្រាប់ទាំងអ៊ុយក្រែន និងរុស្ស៊ី នៅពេលសង្គ្រាមត្រូវបានបញ្ចប់។
– យ៉ាងណា ជុំវិញព័ត៌មាននេះ ដ្បិតប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសម្តែងការគាំទ្រ ចំពោះរូបមន្តត្រីភាគី និងបង្ហាញពីឆន្ទៈ ក្នុងការទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ក៏ទីប្រឹក្សាការបរទេសវិមានក្រឹមឡាំង លោក Yuri Ushakov បញ្ជាក់ថា ទីក្រុងមូស្គូ មិនទាន់ពេញចិត្តទាំងស្រុង លើលក្ខខណ្ឌមួយចំនួនរបស់អ៊ុយក្រែននៅឡើយទេ ដូច្នេះនៅមានការងារខ្លះ ត្រូវធ្វើជាមួយគ្នាជាបន្តទៀត។
– សូមជម្រាបថា ជំនួបនេះ នឹងក្លាយជាកិច្ចចរចាសន្តិភាពត្រីភាគី សម្របសម្រួលដោយសហរដ្ឋអាមេរិកលើកដំបូង ពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន បើគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ មក ហើយវាកើតឡើងបន្ទាប់ពីលោក ពូទីន ជួបពិភាក្សាជាមួយ ប្រមុខបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff រយៈពេលជិត ៣ ម៉ោង នៅក្នុងទីក្រុង Saint Petersburg។
– យ៉ាងណា ក្រោយការប្រកាសនេះបានត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ គ្រាប់មីស៊ីលរបស់រុស្ស៊ី ស្រាប់តែវាយប្រហារលើរដ្ឋធានីកៀវ បណ្តាលឱ្យមនុស្សចំនួន ៦នាក់ រងរបួស និងខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង។
– សូមជម្រាបជាថ្មី! លោក ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ហើយគិតត្រឹមពេលនេះ រុស្ស៊ី កំពុងក្តោបក្តាប់ និងបន្តគ្រប់គ្រងប្រមាណ ២០% នៃដែនអធិបតេយ្យសរុបរបស់ អ៊ុយក្រែន៕
