ចិន​ បញ្ជូនកម្លាំង​​ ទៅ​តាមដាននាវា​ចម្បាំងអាមេរិក ក្នុងតំបន់​ថ្មប៉ប្រះទឹក​មាន​ជម្លោះ​ នៅ​សមុទ្រចិន​ខាងត្បូង​​

អន្តរជាតិះ – ភាព​តាន​តឹង​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​តែ​បន្ត​កើត​មានកាន់​តែ​ខ្លាំង​​​ ដោយ​កង​ទ័ព​ចិន​បាន​ថ្លែង​កាលពី​ថ្ងៃអង្គារ​ ទី​២០​ ខែ​តុលា ថា ខ្លួន​បានបញ្ជូន​កម្លាំង​ទៅ​តាម​ដាន​នាវា​ចម្បាំងអាមេរិក​មួយគ្រឿង ដែលចូល​ក្នុងដែន​ទឹកជុំវិញ​ថ្ម​ប៉ប្រះ​ទឹក​មួយ​កន្លែង​ដែលមាន​ជម្លោះ​ នៅតំបន់សមុទ្រចិន​ខាងត្បូងដោយខុស​ច្បាប់​​។ ទន្ទឹមនឹង​នេះ នៅ​តំបន់ភាគខាងជើង​នៃដែនទឹក​ដដែល​នេះ​ ​តៃវ៉ាន់​បានរាយការណ៍អំពី​ការប្រឈមមុខ​ដាក់គ្នា​ជាមួយនាវាចិន​មួយ​គ្រឿង​ នេះបើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn


នាវាចម្បាំង​ ​USS Charleston របស់​អាមេរិក។

– ប្រទេស​ចិន ចាត់ទុក​​ផ្នែកភាគច្រើននៃសមុទ្រ​ចិនខាងត្បូង​​​​​ថា​ ជាទឹកដី​របស់​ខ្លួន ទោះបីជា​មាន​ការទាមទារ​ត្រួត​គ្នា​ពីសំណាក់​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀត​ណាមក៏ដោយ។ ភាពតានតឹង​នាពេលថ្មីៗ​នេះ គឺឃើញ​មានភាព​ស្រួចស្រាល់​​បំផុត​រវាងទីក្រុងប៉េកាំង និង​ទីក្រុង​ម៉ានីល។

– បញ្ជា​ការ​ដ្ឋានភូមិភាគ​ខាងត្បូង​របស់​កងទ័ពចិន ​បាន​ឱ្យដឹង​ថា នាវា ​USS Charleston របស់​អាមេរិក​ បាន​ចូល​ឈ្លានពាន​ដោយខុស​ច្បាប់ ទៅក្នុងដែន​ទឹកក្បែរថ្មប៉ប្រះ​ទឹក Sabina ក្នុង​ប្រជុំ​កោះ Spratly ដោយ​គ្មានការ​អនុញ្ញាតពី​រដ្ឋាភិបាលចិន កាល​ពីព្រឹកថ្ងៃ​អង្គារ​។

– សេច​ក្តីថ្លែង​ការណ៍​មួយលើកឡើង​ថា៖ «​សកម្មភាព​របស់​សហ​រដ្ឋ​អាមេរិក​នេះ បាន​រំលោភ​លើសិទ្ធិអធិប​តេយ្យភាព និងផលប្រយោជន៍​របស់ប្រទេស​ចិន ធ្វើឱ្យប៉ះពាល់​ដល់សន្តិសុខ​ដែនសមុទ្រ ព្រមទាំង​បង្ក​គ្រោះថ្នាក់ដល់​សន្តិភាព និងស្ថិរភាពក្នុង​តំបន់។ ភាគី​សហរដ្ឋ​អាមេរិក​ គួរតែបញ្ឈប់​សកម្មភាព​បែបនេះ​ជាបន្ទាន់។ កងទ័ព​ជើងទឹកចិន​បានបញ្ជូន​កម្លាំងទៅតាម​ដាន និងឃ្លាំមើល​នាវានោះ​រួច​ហើយ​​»។

– អ្នក​នាំពាក្យកង​នាវាទី៧ នៃ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ថ្លែងថា ​នាវា USS Charleston បាន​ធ្វើប្រតិបត្តិការ​ជាប្រចាំ​ ក្នុងដែន​ទឹក​អន្តរ​ជាតិ ស្របទៅ​នឹងច្បាប់អន្តរជាតិ។​

នាវាចិន​។ រូបភាព៖ Reuters
– អ្នក​នាំពាក្យម្នាក់​ថ្លែងក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «​គ្រប់​ប្រជាជាតិ​ទាំងអស់​ ​សុទ្ធតែមាន​សិទ្ធិសេរីភាព​ក្នុងការធ្វើ​នាវាចរណ៍ និងការប្រើ​ប្រាស់ផ្លូវ​​សមុទ្រស្រប​ច្បាប់ផ្សេងទៀត​ក្នុងតំបន់​នេះ។​ អាមេរិក​នឹងបន្ត​ធ្វើ​ប្រតិបត្តិការ ទាំងការ​ហោះហើរ និងការធ្វើ​នាវាចរណ៍ នៅគ្រប់ទីកន្លែង​​ច្បាប់​អន្តរ​ជាតិ​អនុញ្ញាត ដើម្បី​គាំទ្រ​ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខ​ក្នុងតំបន់»។

– មិន​ខុស​គ្នា​ប៉ុន្មាន​ អ្នក​នាំ​ពាក្យយោធា​របស់ប្រទេសហ្វីលីពីន​និយាយ​ថា៖ «នាវា​របស់សហរដ្ឋ​អាមេរិក មិនបាន​រំលោភ​ចូលទៅ​ក្នុង​ទឹកដី​របស់​ចិនឡើយ។ គ្មាន​ប្រទេសណាមួយ​មានសិទ្ធិទាមទារ​ឱ្យមានការ​អនុញ្ញាត​ជាមុន សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់​ដោយស្របច្បាប់​ក្នុងដែន​ទឹកអន្តរជាតិ​នោះទេ​»​៕ ​

You might like