អន្តរជាតិះ – តម្លៃប្រេង បានកើនឡើងវិញបន្តិច នៅថ្ងៃពុធនេះ ដោយសារក្តីបារម្ភជុំវិញការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ា ខណៈដែលពាណិជ្ជករមានការប្រុងប្រយ័ត្នចំពោះហានិភ័យនៃការដឹកជញ្ជូននៅសមុទ្រក្រហម និងការគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធប្រេងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តម្លៃប្រេងឆៅ Brent បានកើនឡើង ៨៥ សេន ឬ ០,៧៨ ភាគរយ ដល់ ១០៩,៦៤ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក កើនឡើង ៧៦ សេន ឬ ០,៧៨ ភាគរយ ដល់ ៩៨,៥៨ ដុល្លារក្នុងមួយបារ៉ែល។
– យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់, កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ IRGC បានឱ្យដឹង កាលពីថ្ងៃអង្គារថា នាវាដឹកប្រេងខ្នាតយក្សមួយគ្រឿងបានបំពានការជូនដំណឹង បណ្ដាលឱ្យបើកប៉ះនឹងគ្រាប់មីនបង្កប់ក្រោមសមុទ្រមួយគ្រាប់ នៅភាគខាងត្បូងនៃច្រកសមុទ្រហ័រមូស។
– ទន្ទឹមនោះ ក្រុមហ៊ុនតាមដានចរាចរណ៍នាវា Kpler បានបញ្ជាក់នៅក្នុងកំណត់ត្រាមួយកាលពីថ្ងៃចន្ទថា មានករណីវាយប្រហារលើនាវាចំនួនយ៉ាងហោចណាស់ ១៨ លើក ត្រូវបានរាយការណ៍ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ។
– អ្នកវិភាគមកពីក្រុមហ៊ុន LSEG បានលើកឡើងនៅក្នុងកំណត់ត្រាមួយថា ការវាយប្រហារលើនាវាដឹកប្រេងបន្តរីករាលដាលហួសពីតំបន់ច្រកសមុទ្រហ័រមូសទៅទៀត។ ប្រទេសអ៊ីរ៉ង់ បានកំណត់គោលដៅវាយប្រហារលើនាវាផ្សេងៗ រហូតទៅដល់តំបន់ភាគខាងត្បូងនៅឈូងសមុទ្រអូម៉ង់ (Gulf of Oman) ដែលបង្កការគំរាមកំហែងដល់ការដឹកជញ្ជូនទំនិញនៅខាងក្រៅតំបន់ឈូងសមុទ្រអារ៉ាប់ (Arab Gulf) ព្រមទាំងប៉ះពាល់ដល់សកម្មភាពផ្ទេរទំនិញពីនាវាមួយទៅនាវាមួយទៀត ដើម្បីរំដោះ ទំនិញចេញពីតំបន់មជ្ឈិមបូព៌ា ខណៈដែលជម្លោះនៅតែបន្តអូសបន្លាយ៕
