ស៊ូដង់រងការវាយប្រហារដោយ ដ្រូនទម្លាក់គ្រាប់លើផ្សារ និងវាយប្រហាររថយន្តដឹកមនុស្សទៅពិធីបុណ្យសព ស្លាប់ជនស៊ីវិលជាង ៣០០នាក់

អន្តរជាតិះ- នៅស៊ូដង់ សង្គ្រាមស៊ីវិល កំពុងញាំញីប្រទេសនេះ ដោយមានការកាប់សម្លាប់ពលរដ្ឋខ្លួនឯង ឈានដល់ការកើតមានអំពើប្រល័យពូជសាសន៍ ខណៈព័ត៌មានចុងក្រោយនេះ បានបង្ហាញពីការវាយប្រហារដ៏រន្ធត់ជាបន្ត ដោយដ្រូនរបស់កងទ័ពជាតិស៊ូដង់ (SAF) បានកំណត់គោលដៅ លើ ២ទីតាំងផ្សេងគ្នា សម្លាប់ជនស៊ីវិលជាង ៣០០នាក់ ពីថ្ងៃអាទិត្យ ដល់ថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការផ្សាយរបស់ BBC នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ការវាយប្រហារលើកទី១ កើតឡើងនៅរដ្ឋ West Kordofan កាលពីថ្ងៃអាទិត្យ ដោយដ្រូនរបស់ SAF វាយប្រហាររថយន្តធុនធំមួយគ្រឿង ដឹកមនុស្សប្រមាណ ២០០ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ពិធីបុណ្យសព ក្នុងតំបន់ Al-Dabab ហើយដ្រូនមួយគ្រឿងទៀត បន្តទម្លាក់គ្រាប់លើតង់ដែលអ្នកកាន់ទុក្ខជ្រក។

– ក្នុងការវាយប្រហារផ្ទួនៗនោះ ជាលទ្ធផលបណ្តាលឱ្យមនុស្ស សរុប១៥០នាក់ បាត់បង់ជីវិត និងរាប់រយនាក់ទៀត រងរបួស ខ្លះរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

– សម្រាប់ហេតុការណ៍ទី២ ដ្រូនច្រើនគ្រឿងបានទម្លាក់គ្រាប់លើផ្សារ Amiet ក្បែរក្រុង Abyei នៅរសៀ​លថ្ងៃចន្ទ ដោយគ្រាប់ខ្លះធ្លាក់ត្រូវដេប៉ូប្រេង ក្នុងផ្សារ បណ្តាលឱ្យមានមនុស្សស្លាប់សរុប ១៥៣នាក់។

– ជុំវិញរឿងនេះដែរ បើយោងតាមរបាយការណ៍ពីអង្គការ Sudan War Observatory, ប្រតិបត្តិការដ្រូនវាយប្រហារលើតំបន់ Abyei ត្រូវបានសន្និដ្ឋានថា មានប្រភពចេញពីទីក្រុង Kadugli ក្នុងរដ្ឋ South Kordofan ដែលជាតំបន់ប្រកាសគ្រប់គ្រង ដោយ SAF។

– យ៉ាងណា បើទោះបីជាមានការចោទប្រកាន់ពីអាជ្ញាធរមូលដ្ឋាន ជុំវិញការវាយប្រហារលើទីផ្សារស៊ីវិលក៏ដោយ ក៏តំណាង SAF បានចេញមុខ បដិសេធរាល់ការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់។

– សូមជម្រាបជាថ្មី សង្គ្រាមស៊ីវិល ដែលជាសមរភូមិប្រយុទ្ធរវាង SAF ដឹកនាំដោយឧត្តមសេនីយ៍ Abdel Fattah al-Burhan និងកងជីវពលគាំទ្ររហ័ស RSF ដឹកនាំដោយ Mohamed Hamdan Dagalo ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ មក បានឈានដល់កម្រិតសាហាវបំផុត។

– តួលេខពីអង្គការសហប្រជាជាតិ ប៉ាន់ស្មានថា សង្គ្រាមនេះបានសម្លាប់មនុស្សជាង ១៥០ ០០០នាក់និង ១៤លាននាក់ផ្លាស់ទីលំនៅ ហើយក្រៅពីការសម្លាប់ ក៏មានសេចក្តីរាយការណ៍ថា RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់ និងប្រព្រឹត្តអំពើឃោរឃៅជាប្រព័ន្ធ យ៉ាងច្រើនទៀតផងដែរ៕

You might like