ភ្នំពេញះ – តាមកាប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ដែលនឹងធ្វើឲ្យបរិមាណទឹកភ្លៀងស្ថិតក្នុងកម្រិតខ្សោយជាមួយផ្គររន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀតដែលអាចកើតមានឡើងនៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា។
– ស្ថានភាពបែបនេះ ក្រសួងធនធានទឹក បានប្រកាសឲ្យមន្ទីរធនធានទឹករាជធានី ខេត្តត្រូវថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងនាពេលខាងមុខ និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលដែលស្ថិតនៅឆ្ងាយពីប្រភពទឹក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការប្រកាសរបស់ក្រសួងធនធានទឹក យោងតាមការព្យាករ ការតាមដាន និងការវិភាគលើស្ថានភាពវិវត្តន៍នៃអាកាសធាតុជាសកល តំបន់ ក៏ដូចជានៅក្នុងផ្ទៃប្រទេសកម្ពុជា រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ការបញ្ចប់ឥទ្ធិពលរបបខ្យល់មូសុងនិរតី និងការកើនឡើងនៃឥទ្ធិពលខ្យល់មូសុងឦសាន នឹងនាំមកនូវបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួន ទៀតដែលអាចកើតមានឡើងនៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា។
– បើតាមក្រសួងធនធានទឹក យោងលើស្ថានភាពអាកាសធាតុវិវត្តន៍ប្រែប្រួលនេះ ក្រសួងធនធានទឹក បានណែនាំឲ្យមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាប្រភពទឹកនៅតាមអាងទឹក ព្រមទាំងបឹងបួឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃលើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ(អាទិភាព) និងសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំ៕

