កុបកម្មនៅបារាំង៖ ម៉ាក្រុង ព្រមាននឹងមិនលើកលែងចំពោះជនដែលដុតបំផ្លាញអគាររដ្ឋ និងឆ្លៀតឱកាសលួចប្លន់នោះទេ

អន្តរជាតិះ- ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានចេញថ្លែងសារពិសេសមួយ កាលពីយប់ថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងសណ្តាប់ធ្នាប់ក្នុងការតវ៉ាទ្រង់ទ្រាយធំ កាលពីថ្ងៃសៅរ៍ ប្រែក្លាយទៅជាអំពើហិង្សា និងការលួចប្លន់ ខណៈដែលភាពវឹកវរមួយចំនួននៅតែបន្តកើតមាននៅក្នុងទីក្រុងប៉ារីស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិពីវិមាន អេលីហ្សេ (Élysée Palace) លោក ក៏បានព្រមានដល់អ្នកដែលចូលរួមក្នុងកុបកម្មទាំងនោះ ឱ្យបន្ធូរបន្ថយភាពតានតឹង ហើយគំរាមថា នឹងមិនលើកលែងដាច់ខាតចំពោះជនដែលឈានដល់ការលួចប្លន់លើហាងនានា។

– លោក បានលើកឡើងថា យើងទាំងអស់គ្នាមានអារម្មណ៍ខឹងសម្បារ និងខ្មាសអៀនយ៉ាងខ្លាំង ចំពោះទង្វើរបស់ក្រុមបាតុករជ្រុលនិយម ហើយរួមទាំងអ្វីដែលបានកើតឡើងនេះ។

– ទន្ទឹមនោះ លោក ក៏បានអំពាវនាវដល់សាធារណជនបែងចែកឱ្យ ដាច់រវាងប្រជាពលរដ្ឋដែលធ្វើបាតុកម្មដោយសន្តិវិធីដើម្បីទាមទារសិទ្ធិស្របច្បាប់ជុំវិញវិបត្តិតម្លៃជីវភាពរស់នៅ ជាមួយនឹងក្រុមអ្នក ដែលមកដើម្បីតែបំផ្លិចបំផ្លាញ វាយកម្ទេច និងលួចប្លន់ទ្រព្យសម្បត្តិ រដ្ឋនិងឯកជន។

– ក្រុមអ្នកតវ៉ាប្រមាណ ៥៥០,០០០ នាក់ បានដើរតាមដងផ្លូវ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ធនៈ, ការកើនឡើងនៃថ្លៃចំណាយសម្រាប់ការរស់នៅ ក៏ដូចជាទំនិញ និងការធ្លាក់ចុះនៃគុណភាពសេវាសាធារណៈ រួមទាំងវិស័យអប់រំផងដែរ។

– យោងតាមរបាយការណ៍ចុងក្រោយពីក្រសួងមហាផ្ទៃបារាំង បានឱ្យដឹងថា ចំនួនបាតុករដែលត្រូវបានចាប់ខ្លួនកើនឡើងដល់ជាង ២,៤០០ នាក់ហើយនៅទូទាំងប្រទេស ខណៈកងកម្លាំងសន្តិសុខ ៦០០ នាក់ រងរបួស។

– ជាមួយគ្នានោះដែរ លោក ម៉ាក្រុង ក៏បានប្ដេជ្ញានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងចំពោះក្រុមអ្នកតវ៉ាដែលបង្កជាចលាចលធ្ងន់ធ្ងរបែបនេះ។

– គួរបញ្ជាក់ថា កុបកម្មនេះ បានឈានដល់ការដុតបំផ្លាញអគារសាលាក្រុង Limoges ឱ្យរងការខូចខាតធ្ងន់ធ្ងរផងដែរ ខណៈស្ថានការណ៍វិវត្តន៍ទៅជាយ៉ាងណានឹងមានការអាប់ដេតនៅពេលក្រោយ៕

 

You might like