តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះបន្តិច​ព្រឹកនេះ ក្រោយហក់ឡើងជាង ៣% កាលពីថ្ងៃព្រហស្បតិ៍

អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះបន្តិចក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីប្រេងឆៅអាមេរិកហក់ឡើងជាង ៣% កាលពីថ្ងៃព្រហស្បតិ៍ ខណៈវិនិយោគិនកំពុងវាយតម្លៃហានិភ័យនៃជម្លោះនៅមជ្ឈិមបូព៌ា និងលទ្ធភាពដែលសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើនាវាដឹកប្រេង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

– តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៤១ សេន ឬ ០,៣៩% មកនៅត្រឹម ១០៥,៥១ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៥៤ សេន ឬ ០,៥៥% មកនៅត្រឹម ៩៧,៤៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ ព្រឹក នៅទីក្រុងហុងកុង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការធ្លាក់ចុះនេះកើតឡើងបន្ទាប់ពីតម្លៃប្រេង WTI បានកើនឡើងជាង ៣% កាលពីថ្ងៃព្រហស្បតិ៍ ដោយសារស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកធ្លាក់ចុះច្រើន ដែលជួយ​ជំរុញតម្លៃប្រេងនៅលើទីផ្សារ។

– ​ដោយឡែក ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមព្រៀងបញ្ចេញប្រេងម៉ាស៊ូតជាង ២០ លានបារ៉ែលទៅកាន់ទីផ្សារ រួមជាមួយនឹងប្រេងដែលនៅសល់​ពីគម្រោង​បញ្ចេញ​កាលពីលើកមុន ដើម្បីបង្កើនការផ្គត់ផ្គង់ និងទប់ស្កាត់ការឡើងថ្លៃប្រេង។

– ទោះជាយ៉ាងណា អ្នកវិភាគយល់ថា វិធានការបង្កើនការផ្គត់ផ្គង់ទាំងនេះមិនទាន់អាចធ្វើឱ្យទីផ្សារប្រេង​ធូរ​ស្រាលបានច្រើននៅឡើយទេ។ ការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាអាចជាកត្តាសំខាន់ជាងក្នុងការជួយបន្ថយសម្ពាធលើតម្លៃប្រេង។

– ជាមួយគ្នា​នោះ​ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាបន្ធូរបន្ថយទណ្ឌកម្មលើនាវាមួយចំនួនដែលគេហៅថា «កងនាវាស្រមោល» ដែល​ប្រើសម្រាប់ដឹកជញ្ជូនប្រេងពីប្រទេសដូចជា រុស្ស៊ី អ៊ីរ៉ង់ និងវេណេស៊ុយអេឡា។ គោលបំណងគឺជួយបង្កើនសមត្ថភាពដឹកជញ្ជូន និងកាត់បន្ថយថ្លៃដឹកជញ្ជូនប្រេងដែលកំពុងកើនឡើងខ្ពស់។

– ​អ្នកវិភាគលើកឡើងថា ជម្លោះ​មជ្ឈិមបូព៌ានៅតែបង្កក្តីបារម្ភដល់ទីផ្សារ។ ការវាយប្រហារលើនាវា និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មជ្ឈិមបូព៌ាបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈភាពតានតឹងរវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងក្រុមហ៊ូធីនៅយេម៉ែននៅតែបន្តកើនឡើង៕

 

You might like