ជំងឺអេបូឡា ដ៏សាហាវ មានអត្រាស្លាប់ ៥០% បានឆ្លងចូលប្រទេសថ្មី មួយទៀតហើយ នៅអាហ្វ្រិក

អន្តរជាតិះ – ពេលនេះជំងឺអេបូឡា ដ៏កាចសាហាវ ដែលផ្ទុះដំបូងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានរាលដាលចូលដល់ប្រទេសថ្មីមួយទៀតហើយ នៅទ្វីបអាហ្វ្រិក បង្កើតជាក្តីបារម្ភដល់ក្រុមអ្នកវិទ្យាសាស្រ្ត និងជំរុញឱ្យមានការតាមដាន យ៉ាងយកចិត្តទុកដាក់។

– តាមការផ្សាយរបស់ Newsweek កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ ជំងឺដែលមានអត្រាស្លាប់​៥០% មួយនេះ បានឆ្លងចូលប្រទេសកេនយ៉ា ហើយ ដោយត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ការឆ្លងចំនួន ២ករណី ត្រូវបានគេកត់ត្រា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទី១ គឺជាករណីនាំចូល ដែលបុរសម្នាក់ រស់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អស់រយៈពេល ៧ ឆ្នាំ មកហើយ បានធ្លាក់ខ្លួនឈឺនៅទីនោះ។ គាត់បានធ្វើដំណើរតាមផ្លូវគោក កាត់តាមប្រទេសអ៊ូហ្គង់ដា រួចបន្តជិះយន្តហោះចូលមកកាន់ប្រទេសកេនយ៉ា កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៦។

– គាត់ត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័ក ក្នុងមន្ទីរពេទ្យក្រុងណៃរ៉ូប៊ី ប៉ុន្តែក៏ស្លាប់ នៅទីនោះ កាលពីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

– ចំណែក ទី២ គឺជាករណីឆ្លងបន្ត ដែលក្រសួងសុខាភិបាលកេនយ៉ា ប្រកាសរកឃើញ លើបុរសវ័យ ៣៩ឆ្នាំម្នាក់។ គាត់ត្រូវជាសាច់ញាតិរបស់អ្នកជំងឺទីមួយ ហើយបានដាក់ឱ្យធ្វើចត្តាឡីស័ក មុនពេលចេញរោគសញ្ញា។

– ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញករណីទាំង២នេះ ក្រសួងបានច្រានចោលក្តីបារម្ភអំពីការផ្ទុះរាលដាលទ្រង់ទ្រាយធំ ដោយអះអាងថា គ្មានការឆ្លងក្នុងសហគមន៍នោះទេ។

– រឿងនេះកើតឡើង ស្របពេលទិន្នន័យឃ្លាំមើលអន្តរជាតិចុងក្រោយបង្អស់ បានបង្ហាញថា មានករណីឆ្លងជំងឺអេបូឡា ៩ ១៤៤ ករណី និងស្លាប់ ៤ ៤១០ នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

– សូមជម្រាបជាថ្មី ជំងឺអេបូឡា ដែលកំពុងផ្ទុះខ្លាំងនៅកុងហ្គោ គឺបង្កឡើងដោយវីរុសប្រភេទកម្រ ឈ្មោះ ​Bundibugyo ដែលគ្មានវ៉ាក់សាំងណាកម្ចាត់បាន។ វាឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ជាដើម។

– ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារ អេបូឡា។

– រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យក្អួត រាករូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង៕

You might like