អន្តរជាតិះ- ទន្ទឹមនឹងការផ្ទុះជម្លោះពាក្យសម្តីថ្មីយ៉ាងក្តៅគគុករវាង លោក ដូណាល់ ត្រាំ និង វ៉ូឡូឌីមៀរ ហ្សេលេនស្គី ស្រាប់តែពេលនេះ មានសេចក្តីរាយការណ៍ថា អ៊ុយក្រែន អស់ប្រព័ន្ធការពារមីស៊ីលប្រភេទ Patriot ដើម្បីទប់ទល់ជាមួយ រុស្ស៊ី បាត់ទៅហើយ ស្របពេលប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ប្តេជ្ញាសងសឹកទីក្រុងកៀវវិញ ក្រោយការវាយប្រហាររោងចក្រចម្រាញ់ប្រេង ក្នុងទីក្រុងមូស្គូ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ CNN កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ដោយដកស្រង់ប្រភពពីមន្ត្រីដែលដឹងច្បាស់អំពីបញ្ហានេះ, ក្នុងការវាយប្រហារចុងក្រោយ អ៊ុយក្រែន ស្ទាក់ចាប់បានមីស៊ីលបាលីស្ទិករុស្ស៊ី ត្រឹម ៤គ្រាប់ប៉ុណ្ណោះ ដោយប្រើខែលបង្ហើយស្តុករបស់ខ្លួន ហើយមានមីស៊ីលច្រើនទៀតណាស់ ដែលហោះទម្លុះចូលមកដោយជោគជ័យ ព្រោះតែគ្មានបង្អាក់ដំណើរ។

– យ៉ាងណាក្តី ព័ត៌មាននេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការ ឬប្រតិកម្មអ្វីទេ ពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ ដ្បិតថា កាលពីមុន លោកហ្សេលេនស្គី ក៏ធ្លាប់អះអាងផងដែរ ពីព័ត៌មានបែបនេះក៏ដោយ។
– រឿងនេះកើតឡើង ចំពេលលោកពូទីន ប្តេជ្ញាសងសឹក ចំពោះការដែលអ៊ុយក្រែន បាញ់រោងចក្រចម្រាញ់ប្រេង នៅតំបន់ Ryazan កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កជាអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យបិទសាលារៀនមួយចំនួន ប៉ុន្តែមិនមានមនុស្សស្លាប់ និងរបួសឡើយ។
– ដូច្នេះហើយ ពេលនេះអ៊ុយក្រែន កំពុងប្រឈមនឹងហានិភ័យធំណាស់ នៃការវាយសន្ធាប់ពីសំណាក់រុស្ស៊ី ព្រោះ Patriot ដើរតួនាទីសំខាន់ណាស់ សម្រាប់សមត្ថភាពការពារខ្លួនរបស់អ៊ុយក្រែន។
– សូមជម្រាបថា គិតត្រឹមដើមឆ្នាំ២០២៦ អ៊ុយក្រែនមានប្រព័ន្ធ Patriot ចន្លោះ ៦ ទៅ ៨ គ្រឿង ដែលប្រព័ន្ធនេះ ប្រើប្រាស់គ្រាប់មីស៊ីលប្រភេទ PAC-3 ដើម្បីកម្ទេចមីស៊ីលបាលីស្ទិកល្បឿនលឿនរបស់រុស្ស៊ី ដូចជា Iskander-M និង Kinzhal។
– ប្រព័ន្ធចាប់មីស៊ីល Patriot (Phased Array Tracking Radar to Intercept on Target) គឺជាខែលការពារដែនអាកាស និងមីស៊ីលដ៏ទំនើបបំផុតមួយរបស់កងទ័ពអាមេរិក។ វាត្រូវបានផលិតឡើងដើម្បីការពារ ពីការគំរាមកំហែងតាមផ្លូវអាកាស។
– Patriot ត្រូវបានផលិតដោយក្រុមហ៊ុនធំៗពីររបស់សហរដ្ឋអាមេរិក ពោលគឺក្រុមហ៊ុន Raytheon ជាអ្នកផលិតប្រព័ន្ធនានា រួមទាំងសមាសធាតុសំខាន់ៗជាច្រើន ចំណែកក្រុមហ៊ុន Lockheed Martin ជាអ្នកដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតមីស៊ីលស្ទាក់ចាប់ទំនើបៗសម្រាប់ប្រព័ន្ធនេះ។
– បើយោងតាមគេហទំព័រ Military Watch Magazine, Patriot ត្រូវគេប៉ាន់ស្មានថា មានតម្លៃប្រហែល ៤០០លានដុល្លារអាមេរិក ហើយបើបូកបន្ថែមទាំងមីស៊ីលទៀត វាអាចមានតម្លៃរហូតដល់ទៅ១.១ពាន់លានដុល្លារអាមេរិក ឯណោះ៕

