អន្តរជាតិះ – យោធាអាមេរិកបានរៀបចំផែនការវាយប្រហារថ្មី រួមបញ្ចូលទាំងលទ្ធភាពនៃការប្រើប្រាស់គ្រាប់បែកដ៏ធំបំផុត ឬហៅថា «Mother of All Bombs» ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធឡើងវិញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN កាលពីថ្ងៃពុធ ទី១៤ ខែតុលា ដោយដកស្រង់សម្តីមន្ត្រីអាមេរិកជាច្រើនរូប ដែលដឹងពីផែនការនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការស្នើឱ្យប្រើប្រាស់គ្រាប់បែក GBU-43/B Massive Ordnance Air Blast (MOAB) ដែលជាគ្រាប់បែកមិនមែននុយក្លេអ៊ែរធំបំផុតក្នុងឃ្លាំងអាវុធរបស់អាមេរិក នឹងធ្វើឱ្យកម្រិតជម្លោះជាមួយអ៊ីរ៉ង់ ផ្ទុះកាន់តែខ្លាំង។
– យ៉ាងណា មន្ត្រីមួយចំនួនបានចោទជាសំណួរថា តើអាវុធនេះអាចសម្រេចបាននូវគោលដៅយោធារបស់ទីក្រុងវ៉ាស៊ីនតោនដែរឬទេ?
– យោងតាម CNN លោក ត្រាំ បញ្ជាឱ្យយោធារៀបចំជម្រើសវាយប្រហារបន្ថែមទៀតប្រឆាំងនឹងគោលដៅនានារបស់អ៊ីរ៉ង់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនានា ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
– ផែនការទាំងនេះអាចនឹងត្រូវយកទៅអនុវត្ត មុន ឬក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកនាពេលខាងមុខ ប្រសិនបើប្រធានាធិបតីសម្រេចចិត្តបន្តប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំឡើងវិញ។
– ប្រភពមួយប្រាប់ CNN ថា ការវាយប្រហារអាចនឹងកើតឡើងមុនពេលកងកម្លាំងអាមេរិកដកខ្លួនចេញពីតំបន់របស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក ដែលអាចអនុញ្ញាតឱ្យរដ្ឋបាលអាមេរិកធ្វើការវាយប្រហារបន្ថែមទៀត មុនពេលប្រកាសជ័យជម្នះ និងដកកងកម្លាំងរបស់ខ្លួនចេញ។
– ប្រភពម្នាក់ទៀតឱ្យដឹងថា ផែនការ កំណត់គោលដៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមបញ្ចូលទាំងលទ្ធភាពនៃការប្រើប្រាស់គ្រាប់បែក MOAB ដោយក្នុងនោះរួមទាំងការកំណត់គោលដៅលើទីតាំងក្រោមដីមួយ នៅតំបន់ភ្នំ Pickaxe សង្ស័យថា ជាកន្លែងលាក់ទុកសម្ភារៈសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕
